បណ្តាញសង្គម

ព្រះមហាក្សត្រី អំពាវនាវដល់ប្រជារាស្ត្រខ្មែររួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សា ដើម្បីសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ និងសុខដុម

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលសូមឲ្យប្រជារាស្ត្រខ្មែរប្រឹងប្រែងរួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សានៅតាមគ្រួសារនីមួយៗ ដើម្បីឲ្យការរស់នៅក្នុងសង្គមកម្ពុជាប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត។

ព្រះរាជបន្ទូលរបស់សម្តេចព្រះមហាក្សត្រី បានរំលេចឡើងក្នុងព្រះរាជសារចូលរួមអបអរសាទរខួបលើកទី១០៧ នៃទិវាអន្តរជាតិ នារី ៨ មីនា។ អង្គព្រះមហាក្សត្រី បានមានព្រះរាជបន្ទូលអំពាវនាវយ៉ាងដូច្នេះ «សូមកូនចៅជាមាតាបិតាទាំងអស់ប្រឹងប្រែងលើកកម្ពស់សីលធម៌ វប្បធម៌អហិង្សា នៅក្នុងគ្រួសារតាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ការប្រើអំពើហិង្សា ដោយត្រូវប្រកាន់យកនូវសីលធម៌ សុជីវធម៌ និងរួមចំណែករក្សា ការពារសន្តិភាព សណ្តាប់ធ្នាប់ល្អ ដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនាជារៀងរហូត»។

អង្គព្រះមហាក្សត្រី បានរំលឹកដែរថា ព្រោះតែកម្ពុជាមានសន្តិភាពពេញ ប្រជារាស្ត្រខ្មែរបានទទួលនូវភាពសុខសាន្តនៅទូទាំងប្រទេស និងទទួលបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណ ៧ភាគរយ ប្រកបដោយចីរភាពតាមរយៈកិច្ចខិតខំប្រឹងប្រែងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រីមានឱកាសសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងជំនាញជ្រៅជ្រះសម្រាប់យកទៅប្រកបការងារ និងមានមុខរបរបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងសេដ្ឋកិច្ចជាតិ។

ដើម្បីរក្សាបាននូវអ្វីដែលកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ននេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានអំពាវនាវឲ្យប្រជារាស្ត្រខ្មែរត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងតាមព្រះរាជបណ្តាំព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ នរោត្តម សីហនុ៕