បណ្តាញសង្គម

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ នៅ​ដើមខែ​ក្រោយ​

(ភ្នំពេញ) ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៣ នៅថ្ងៃទី៤-៥ ខែមេសាឆ្នាំ២០១៨ខាងមុខ នាខេត្តសៀមរាប។ នេះបើតាមការអះអាង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១០ មីនាសម្ដេចតេជោ បានថ្លែងបញ្ជាក់ថា “នៅថ្ងៃទី៥ខែមេសាខាងមុខនេះ នឹងមានការជួបប្រជុំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេស៤ដែលជាសមាជិកនៃគណៈកម្មការជាតិ-អន្តរជាតិ នៃទន្លេមេគង្គ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងសៀមរាប។ មាននាយករដ្ឋមន្ត្រីថៃ ឡាវ វៀតណាម និងមានដៃគូសន្ទនា ពីសំណាក់ប្រទេសចិន និងមីយ៉ាន់ម៉ា ផងដែរ” ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គនេះ ប្រព្រឹត្តទៅរៀងរាល់បួនឆ្នាំម្តង ដែលជាយន្តការកម្រិតខ្ពស់ ផ្នែកឆន្ទៈនយោបាយ ដោយមានការចូលរួម ពីប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេស សមាជិកចំនួន៤ រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម។ ប្រទេសជាសមាជិកឆ្លាស់វេនគ្នា ធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំនេះ៕