បណ្តាញសង្គម

នាយករដ្ឋមន្ដ្រី​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ប្រញាប់​ជួសជុល​ផ្លូវ​ដែល​ខូចខាត​

(ភ្នំពេញ) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់មន្ដ្រី ស្ថាប័នពាក់ព័ន្ធ ត្រូវប្រញាប់រួសរាន់ជួសជុលផ្លូវដែលខូចខាត ដោយមិនត្រូវ ទុកចោលយូរដែលបង្ករការលំបាកដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឡើយ។ក្នុងឱកាសនៃការអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤មានប្រវែងសរុប៤គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ សម្ដេចតេជោ បានលើកឡើងថា កន្លងមកតែងមានភាពអសកម្មមួយចំនួន ដែលមន្ដ្រី ស្ថាប័នពាក់ព័ន្ធខ្លះ មិនបានយកចិត្តទុកដាក់ ក្នុងការជួសជុលផ្លូវដែលមានការខូចខាតបន្ដិចបន្ដួចហើយចេះតែបណ្ដែតបណ្ដោយយូរទៅ ក៏ខូចកាន់តែខ្លាំង ដែលបង្កទាំងផលលំបាកក្នុងការធ្វើដំណើរនិងត្រូវចំណាយថវិកាច្រើនថែមទៀតផង។ សម្ដេចបានលើកឡើងថា “…អ្វីដែលមើលឃើញទៅ ឃើញផ្លូវខូចខាតកន្លែងនេះកន្លែងនោះ…ត្រូវប្រញាប់ប្រញាល់ជួសជុល…កុំឲ្យអាមួយផ្នែកហ្នឹង…គ្រាន់តែរបើកប៉ិនចានចង្កឹះ…តែបើយើង មិនជួសជុលវា អាទិត្យក្រោយប៉ិនខ្ទះតូច…ដល់ទៅថែមមួយខែក្រោយ ប៉ិនខ្ទះត្នោត…ដល់ថែមួយខែក្រោយទៀត អាហ្នឹងប៉ិនក្របីដេកហើយ…”៕