បណ្តាញសង្គម

រាជរដ្ឋាភិបាល​ផ្តល់​មធ្យោបាយ​ធ្វើដំណើរ​ថ្មី​៤​យ៉ាង​ផ្ទួនៗ​គ្នា​មុន​ចូលឆ្នាំ​ខ្មែរ​

រាជធានីភ្នំពេញ ៖ នៅក្នុងខែមេសា ឆ្នាំ២០១៨នេះ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៨នេះ មានសមិទ្ធផលជាច្រើនបានសម្រេចបន្តបន្ទាប់គ្នា ដើម្បីសម្រួលដល់ការរស់នៅ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋតែម្ដង។ សមិទ្ធផលថ្មីៗ៤ផ្ទួនៗគ្នាដែលរាជរដ្ឋាភិបាលផ្តល់ឲ្យក្នុងខែតែមួយនេះមានដូចខាងក្រោមនេះ ៖

១. រថភ្លើងដឹកអ្នកដំណើរពីស្ថានីយទៅព្រលានយន្តហោះ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ក្រសួងសាធារណការ នឹងបើកដំណើរការផ្លូវរថភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិជាលើកដំបូង។ កាលពីថ្ងៃទី០១ ខែមេសា ក្រសួងបានសាកល្បងម្ដងរួចមកហើយដោយជោគជ័យ ចូលទៅស្ថានីយដែលទើបសាងសង់ថ្មី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការបើកដំណើរការខាងមុខនេះនឹងប្រើប្រាស់រថភ្លើងប្រភេទ Tramway ផលិតនៅប្រទេសម៉ិចស៊ីកូ។

២. រថភ្លើងដឹកអ្នកដំណើរពីប៉ោយប៉ែតទៅសិរីសោភ័ណ ផ្លូវដែកពីប៉ោយប៉ែត-សិរីសោភ័ណ បានបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅព្រឹកថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨ នៅស្ថានីយរថភ្លើងប៉ោយប៉ែត ជាប់ព្រំដែនថៃ បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេល៤៥ឆ្នាំមកនោះ។ ជាងនេះទៀតចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នឹងមិនត្រូវបានគិតថ្លៃធ្វើដំណើរពីប្រជាពលរដ្ឋឡើយ។

៣. ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសស្តុបផ្សារដីហុយនឹងត្រូវបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ ស្ពានអាកាសទី៥នេះមានប្រវែង ៩០៥ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ។

៤. កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ក្រសួងសាធារណការ នឹងដឹកជញ្ជូន នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្ន នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-តាខ្មៅ ចម្ងាយសរុប ២៥គីឡូម៉ែត្រ។ ការធ្វើដំណើរតាមនាវានេះ គឺចំណាយពេលវេលាប្រមាណ៣៤នាទី ដោយមានចំណតផែចំនួន៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ៕