បណ្តាញសង្គម

ជប៉ុន​មិនបាន​លើកឡើង​ពី​អតីត​បក្សប្រឆាំង​តែ​សុំ​ឲ្យ​ការបោះឆ្នោត​ត្រឹមត្រូវ​

រាជធានីភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេលពេញមួយថ្ងៃ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រី ការបរទេសនៃប្រទេសជប៉ុន មិនបានលើកឡើង ពីបញ្ហានយោបាយ នៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល កាលពីចុងឆ្នាំ២០១៧ ខណៈលោក កឹម សុខា អតីតមេបក្សសង្គ្រោះជាតិ បាននឹងកំពុងជាប់ ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ខណៈការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា នឹងឈានចូលមកដល់ ប្រមាណជា៣ខែទៀតប៉ុណ្ណោះ ។ ប៉ុន្តែសារព័ត៌មាន NHK បានចុះផ្សាយថា ជប៉ុនស្នើឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ ។ ការមិនលើកឡើង ពីបញ្ហារបស់អតីតបក្សប្រឆាំងនៅកម្ពុជា ពីសំណាក់របស់រដ្ឋមន្ត្រី ការបរទេសជប៉ុន ដែលជាមហាអំណាច ក្នុងពិភពលោកនោះ ខុសប្លែកពី បណ្តាប្រទេស មួយចំនួន ដូចជាអាមេរិក សហគមន៍អឺរ៉ុប និងប្រទេសប្រមាណជាង៤៥ កាលពីពេលថ្មីៗនេះ បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះស្ថានភាព នយោបាយនៅកម្ពុជា ខណៈអវត្តមានរបស់បក្សប្រឆាំង សម្រាប់ចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយពួកគេបានអះអាងថា បើអវត្តមានបក្សប្រឆាំងដ៏ធំ ក្នុងការចូលរួមបោះឆ្នោតនៅកម្ពុជា នឹងគ្មានតម្លាភា យុត្តិធម៌ និងភាពត្រឹមត្រូវនោះទេ ។ ក្នុងជំនួបរវាង រដ្ឋមន្ត្រីការបរទេសជប៉ុន ជាមួយសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំកម្ពុជា និងប្រមុខទូតខ្មែរ លោក ប្រាក់ សុខុន លោក រដ្ឋមន្ត្រីជប៉ុនមិនបានលើកឡើង ពីលោក កឹម សុខា និងការរំលាយចោលបក្សប្រឆាំងនោះទេ គ្រាន់តែលោកប្តេជ្ញាធ្វើយ៉ាងណា ឲ្យមានកម្ពុជាក្លាយទៅជាប្រទេស មានចំណូលកម្រិតមធ្យមខ្ពស់ នៅឆ្នាំ២០៣០ និងជួយបន្តអភិវឌ្ឍន៍ លើវិស័យជាច្រើនទៀត និងបានចុះហត្ថលេខា ផ្តល់ជំនួយកម្ពុជាទាំងមានសំណង និងឥតសំណងផងដែរមកកម្ពុជា ។ សូមបញ្ជាក់ថា ក្នុងគោលបំណងរបស់លោក តារ៉ូ កូណូ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងជប៉ុន ខណៈនៅឆ្នាំ២០១៨នេះ គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ។ ក្រោយការអញ្ជើញមកដល់របស់លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកបានជួបលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ ប៉ុន្តែមិនបានពិភាក្សាលើការចាប់ខ្លួន លោក កឹម សុខាទេ ។ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា “បើនិយាយអំពីពិភាក្សានៅលើបញ្ហាសភាពការនយោបាយកម្ពុជា គឺអត់មាន ហើយជប៉ុន គ្មានបានលើកឡើងសម្បីតែមួយពាក្យ”។ លោកប្រាក់ សុខុន បន្តថា ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានលើកស្ទួយយ៉ាងខ្លាំង ដោយសារមានការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ចសំខាន់ៗដូចជា៖ ដំណើរទស្សកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែសីហាកន្លងទៅដែលនេះជាកត្តាមួយបញ្ជាក់ពីទំនាក់ទំនងរវាង ជប៉ុន-កម្ពុជា កាន់តែមានភាពជិតស្និត ជាមួយគ្នាមិនអាចកាត់ថ្លៃបាន ។ ក្នុងជំនួបនោះដែរ លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា “ខ្ញុំមានសេចក្ដីរីករាយខ្លាំងណាស់ ដែលខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទីមួយ ដែលខ្ញុំបានកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសជប៉ុន” ។ លោកថា លោកបានមកទស្សនា នៅកម្ពុជាក្នុងឆ្នាំ១៩៩២ ហើយបានទៅទស្សនាប្រាសាទអង្គរវត្ត ពេលនោះអត់មានអ្នកមកទស្សនាសោះ តែពេលថ្មីៗ នេះឃើញមានភ្ញៀវទេសចរ មកទស្សនានៅប្រាសាទអង្គរវត្តច្រើនដោយសារភ្ញៀវទេសចរអន្តរជាតិនាំគ្នាមកលេងច្រើន ។ លោករដ្ឋមន្ត្រីបន្តថា ថ្មីៗនេះ លោកបានមើលឃើញ ពីការរីកចម្រើនយ៉ាងខ្លាំង របស់កម្ពុជា ។ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបន្ថែមថា តាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកម្ពស់លើកទី១០ ជប៉ុន-មេគង្គ ដែលប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០១៨ខាងមុខ ។ បន្ទាប់មកប្រមុខការទូតជប៉ុន បានជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប៉ុន្តែក៏មិនបានលើកឡើង ពីអតីតបក្សប្រឆាំងដូចគ្នា នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ជំនួប។ ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសជប៉ុនបែរជា បានប្តេជ្ញាចិត្តនៅចំពោះមុខសម្តេចតេជោ ថា នឹងជួយកម្ពុជាឲ្យក្លាយទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងន័យនេះ ជប៉ុន បានមានចំណាប់អារម្មណ៍ ជួយដល់ប្រទេសកម្ពុជា លើវិស័យមួយចំនួនដូចជា ឡូជីស្ទីក ដោយមានការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍធនធានមនុស្ស ។ លោកថា លើសពីនេះ ទៅទៀតជប៉ុន នឹងជួយកម្ពុជាលើបណ្តាញផ្គត់ផ្គង់ អគ្គិសនីក្នុងទីក្រុងភ្នំពេញ ក៏ដូចជាកិច្ចការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ សម្រាប់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ជប៉ុនជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នឹងមានលក្ខណៈល្អ អាចឲ្យកម្ពុជាធ្វើការអភិវឌ្ឍឆ្ពោះទៅរក ប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ។ លោក សុខ ឥសាន ថា “ក្នុងនាមជាមិត្តដែលបានរួមចំណែក កសាងប្រទេសកម្ពុជា ដោយឈរលើលទ្ធិប្រជាធិបតេយ្យ ជប៉ុនជឿជាក់ថា ការបោះឆ្នោតនាខែកក្កដាខាងមុខ នឹងមានលក្ខណៈល្អស្របនឹងកម្ពុជា អាចឲ្យកម្ពុជាធ្វើការអភិវឌ្ឍ ឆ្ពោះទៅរកជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០”។ លោកបានឲ្យដឹងទៀតថា ក្រុមមជ្ឈដ្ឋានប្រឆាំងទាំងក្នុងប្រទេស និងក្រៅប្រទេសបានព្យាករណ៍ថា នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃ ៨ មេសានេះ របស់រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងធ្វើជាមេអណ្តើក ឲ្យមានការចរចារវាង គណបក្សប្រជាជនកម្ពុជា និងអតីតបក្សប្រឆាំង ដើម្បីឲ្យមានរបស់ដែលពួកគេហៅថា ដំណោះស្រាយ នយោបាយនៅកម្ពុជា ក្នុងចេតនាឲ្យអតីតបក្សប្រឆាំងនេះ បានចូលរួមបោះឆ្នោត នាពេលខាងមុខ ។ លោកថា “ប៉ុន្តែក្នុងការជាក់ស្តែង រដ្ឋមន្ត្រីការបរទេសជប៉ុន មិនបាននិយាយអ្វីមួយម៉ាត់ ដល់បញ្ហានយោបាយនៅកម្ពុជា ។ ផ្ទុយទៅវិញរដ្ឋមន្ត្រីលើកឡើង តែពីការបង្កើន ការជួយឧបត្ថម្ភជំនួយ លើគ្រប់វិស័យថែមទៀត ដើម្បីឲ្យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ ខាងមុខ” ។ ដូច្នេះ ការសម្តែងជំហររបស់ ប្រទេសជប៉ុន តាមរយៈការប្តេជ្ញាចិត្ត របស់រដ្ឋមន្ត្រីការបរទេសជប៉ុន នាឱកាសជួបសម្តែង ការគួរសមជាមួយសម្តេចតេជោ ឆ្លុះបញ្ចាំងឲ្យឃើញ នូវបរាជ័យថ្មីមួយទៀត របស់មជ្ឈដ្ឋានប្រឆាំង ដែលមានក្តីសង្ឃឹមទៅជា អត់សង្ឃឹមរលីងធេង ។ ចំណែកសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះមិត្តជប៉ុន ដែលបានជួយ កម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព ក្នុងការស្តារអភិវឌ្ឍប្រទេសជាតិ។ សម្តេច សំដែងនូវការគាំទ្រ ចំពោះកិច្ចប្រជុំកំពូល-មេគង្គ ជប៉ុន នាពេលខាងមុខ ដោយសម្តេចចាត់ទុក ជាកិច្ចប្រជុំដែលមានសារសំខាន់ ជាពិសេសការតភ្ជាប់ ទំនាក់ទំនងស្របគ្នា នឹងការធ្វើសមាហរណកម្មអាស៊ាន។ បន្ទាប់ពីកិច្ចពិភាក្សារួច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខារវាង លោកប្រាក់ សុខុន និងលោក Taro Kono ស្ដីពីការផ្ដល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចជាទី១- ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន សម្រាប់អនុវត្ត គម្រោងកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងសង្គម នៅកម្ពុជា និងទី២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន សម្រាប់អនុវត្តគម្រោង ពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។ សម្រាប់ជំនួបរវាង លោក សយ សុភាព និងលោក Norio Maruyama អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតមន្ត្រីទូតទី២ នៅកម្ពុជាពីឆ្នាំ២០០៦-២០០៩វិញ គឺលោក Norio Maruyama បានអះអាងថា ក្នុងឱកាស លោក តារ៉ូ កូណូ បំពេញទស្សនកិច្ចនៅកម្ពុជា ជប៉ុនបានស្វែងការរកការគាំទ្រពីកម្ពុជា ខណៈជប៉ុនបានបង្កើត គោលនយោបាយដែលមានឈ្មោះថា “យុទ្ធសាស្ត្រសេរីបើកចំហរ នៅឥណ្ឌូប៉ាស៊ីហ្វិក” (Free and Open Indo-Pacific Strategy) ។ ក្រោយមានការស្នើសុំបែបនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រផងដែរ។ យុទ្ធសាស្ត្ររបស់ជប៉ុន ដែលមានឈ្មោះថា “សេរីបើកចំហរ នៅឥណ្ឌូប៉ាស៊ីហ្វិក” ក៏ស្រដៀងទៅនឹង “ផ្លូវមួយ ខ្សែក្រវាត់មួយ” របស់ចិនដែរ ដែលចិនក៏ត្រូវការឲ្យប្រទេស ក្នុងតំបន់អាស៊ីគាំទ្រផងដែរ ក្នុងនោះកម្ពុជាបានប្រកាសគាំទ្រចំពោះ “ផ្លូវមួយ ខ្សែក្រវាត់មួយ”យ៉ាងខ្លាំងក្លាបំផុត។ លោក Norio Maruyama ថ្លែងថា “ដើម្បីស្វែងរកការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការគាំទ្រលើយុទ្ធសាស្ត្រ សេរីបើកចំហរ នៅឥណ្ឌូប៉ាស៊ីហ្វិក” ។ យុទ្ធសាស្ត្រនេះ ត្រូវបានប្រមុខការទូតជប៉ុនពន្យល់ថា ដើម្បីភ្ជាប់តំបន់អាស៊ាន ទៅបណ្តានៅតំបន់អាស៊ីប៉ាស៊ីហ្វិ និងអាត្លង់ទិច ដើម្បីពង្រឹងយុទ្ធសាស្ត្រតំបន់អាស៊ី ។ លោកថា សម្តេចតេជោ គាំទ្រ និងសប្បាយរីករាយចំពោះ គម្រោងយុទ្ធសាស្ត្រ ព្រោះនឹងនាំឲ្យកម្ពុជា មានផលប្រយោជន៍ច្រើនដូចជា ការនាំឲ្យមានកំណើនភ្ញៀវទេសចរ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។ ជាក់ស្តែងក្រោយពីការបង្កើត ជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា គឺចំនួនទេសចរណ៍កម្ពុជា ទៅទស្សនាជប៉ុនមានច្រើន ជាពិសេសចូលឆ្នាំខ្មែរ ខាងមុខទេសចរណ៍ ខ្មែរនឹងទៅទស្សនាកំសាន្ត នៅជប៉ុនមានចំនួនច្រើន។ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលព្រះករុណា ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី អញ្ជើញយាងព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ដើម្បីចូលរួមទិវាព្រះពុទ្ធសាសនា លើកទី៤ នៅទីក្រុងកូប៊េ៕