បណ្តាញសង្គម

ព្រះមហាក្សត្រ​កោតសរសើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស​

ភ្នំពេញៈព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី១០នីតិកាលទី៥នៅព្រឹកថ្ងៃទី៩ខែមេសានេះបានឲ្យដឹងថារដ្ឋសភាបានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនប្រកបដោយប្រសិទ្ធិភាពជាពិសេសបានអនុវត្តតួនាទីរបស់ខ្លួនក្នុងមុខងារនីតិកម្មធ្វើជាអ្នកតំណាងនុងការតាមដានអនុវត្តច្បាប់សម្រេចការងារបានយ៉ាងល្អប្រសើរ។ ព្រះអង្គសង្ឃឹមថា រដ្ឋសភាដែលជាតំណាងប្រជាពលរដ្ឋនឹងបន្តខិតខំប្រឹងប្រែងសហការជាមួយស្ថាប័នកំពូលនានាថែមទៀត ដើម្បីសម្រេចអោយបាននៅទិសដៅរួមរបស់របស់រាជរដ្ឋាភិបាលកម្ពុជាជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយដែលលរឹងមាំ មានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។ នៅនីតិកាលទី៥នៃរដ្ឋសភានេះសង្កេតឃើញថាប្រទេសកម្ពុជាបានទទួលជោគជ័យក្នុងការសម្រេចបានកំណើនផលិតផលក្នុងស្រុកតាមរយៈការអនុវត្តន៏គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពល រដ្ឋជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលបានបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលសំដៅលើកស្ទួយអនាម័យ សុខភាព សុខមាលភាព របស់ប្រជាជន បានកាន់តែល្អប្រសើរ ជាពិសេសប្រជាជនក្រីក្រ ស្ត្រី និងកុមារ។លើសពីនោះក៏បានអនុវត្តន៏គោលនយោ បាយ អភិវឌ្ឍន៏ប្រព័ន្ធសុវត្ថិភាពសង្គម ការគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ការការពារនិងលើកកំពស់សិទ្ធិជនពិការ និង គោលនយោបាយសម្រាប់មនុស្សចាស់។ សូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍សាមគ្គីជាតិដើម្បីរួបរួមពួនដៃគ្នារវាងប្រជាជាតិកម្ពុជាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស លើគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយ ដើម្បីកសាងនិងការពារជាតិសមិទ្ធផលសង្គម និងការធានាអោយមានឯកភាពជាតិបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ជាមួយគ្នានេះ ព្រះមហាក្សត្រ បានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយជោគជ័យ នឹងបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងពួងរបស់ប្រទេសប្រកបដោយបញ្ញាញាណ។ សូមកោតសរសើរសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានគណៈកម្មការទាំង១០ និងសមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសង្គមជាតិ៕