បណ្តាញសង្គម

កសិករ​ខ្មែរ​មួយចំនួន​កង្វះ​បច្ចេកទេស​ដាំពោត​ធ្វើ​ឱ្យទទួល​ទិន្នផល​ទាប​មិន​សម​ពលកម្ម​

ភ្នំពេញ: ក្រុមកសិករនៅខេត្តកណ្តាលមួយចំនួនបានលើកឡើងថា ការប្រកបរបរកសិកម្មរបស់ពួកគាត់ពិសេសការដាំពោត ដែលអាស្រ័យលើការយល់ដឹងតាមបែបបុរាណ ធ្វើឱ្យការទទួលទិន្នផលត្រឹមតែ៧ទៅ៨តោន ក្នុងមួយហិកតា ខណៈដែលគេដាំលក្ខណៈបច្ចេកទេស បច្ចុប្បន្នអាចហុចផលរហូតដល់ ១៤ទៅ១៥តោនឯណោះ។ការបញ្ចេញឱ្យដឹងរបស់ក្រុមកសិករបែបនេះនៅក្នុងពិធីអបអរសាទរទិវាប្រមូលផលពូជពោតបង្កាត់ថ្មី P 4554 និង P 4472 របស់ផៃអូនៀនៅភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែកខេត្តកណ្តាលកាលពីថ្មីៗកន្លងមក។ ជាកសិករដាំពោតមិនតិចជាង១០ឆ្នាំមកនេះ លោក ខុន សុគាំ បុរសវ័យជាង៥០ឆ្នាំរស់នៅភូមិបឹងក្រោមឃុំខ្ពបអាទាវស្រុកលើកដែក បានឱ្យដឹងថា បច្ចុប្បន្នការដាំពោតរបស់ពួកគាត់តាមបែបបុរាណនោះ អាចទទួលទិន្នផលត្រឹមតែ៧ទៅ៨តោនទេ ក្នុងដីមួយហិកតា។ ការទទួលទិន្នផលទាបបែបនេះ ធ្វើឱ្យការរកចំណូលក៏ទាបដែរ ពិសេសងាយប្រឈមនឹងពោតកើតរោគជំងឺថែមទៀត។ បុរសរូបនេះប្រាប់ថា ការដាំពោតបែបបុរាណរបស់ពួកគាត់ដោយសារកង្វះយល់ដឹងនិងគ្មានការបណ្តុះបណ្តាលត្រឹមត្រូវលើវិធីកសិកម្មបែបទំនើបបច្ចុប្បន្ន។ ជាមួយគ្នានេះ លោក ទានសុង ជាកសិករដាំពោតមួយរូបរស់នៅភូមិ បឹងលើ ឃុំខ្ពបអាទាវនេះដូចគ្នាប្រាប់ថាគាត់មិនបានយល់ដឹងត្រឹមត្រូវពីវិធីដាំពោតទេ ហើយឆ្នាំខ្លះការដាំបែរជាទទួលផលតិចខាតដើមនិងខាតកម្លាំងពលកម្មថែមទៀត។ទាក់ទិនក្នុងរឿងដាំពោតនេះដែរលោកឧកញ្ញា ស៊នសុខណា អគ្គនាយកក្រុមហ៊ុន អាហ្គ្រោថេកវីតា បានបញ្ជាក់ឱ្យដឹងថា កសិករកម្ពុជាមួយចំនួនធំ គឺមិនសូវបានយល់ដឹងពីការធ្វើកសិកម្មបែបទំនើបឡើយ។ ពួកគាត់ពឹងផ្អែកតែការដាំដុះបែបបុរាណ ហេតុនេះមិនត្រឹមប្រឈមការទទួលបានទិន្នផលតិចតួចទេ នៅប្រឈមហានិភ័យខូចខាតខ្ពស់ផង។ លោកឧកញ្ញាបន្តឱ្យដឹងថា ក្រៅពីបច្ចេកទេសការដាំដុះកសិករត្រូវវ័យឆ្លាតក្នុងការជ្រើសរើសពូជផងដែរ ដូចជាការដាំពោតប្រភេទពូជដែលល្អ នាពេលបច្ចុប្បន្នមានតែពូជពោតបង្កាត់ថ្មី P 4554 និង P 4472 របស់ផៃអូនៀទេ។ ពូជពោតនេះអាចទទួលទិន្នផលមួយហិកតាចាប់ពី១៤ទៅ១៥តោន ហើយកសិករអាចរកផលចំណេញក្នុងមួយហិកតាយ៉ាងហោចណាស់៥០០ដុល្លារដែរ។ ជាមួយគ្នាលោក ហ៊សុផល អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានឱ្យដឹងថាក្នុងខេត្តកណ្តាលទាំងមូលមានផ្ទៃដីដាំពោតទើបតែបានជាង១២៨០០ហិកតានិងដោយឡែកនៅស្រុកលើកដែកមាន ការដាំពោតក្រហមបានត្រឹមតែ២៧៣៨ហិកតាប៉ុណ្ណោះ។ លោកថាកសិករខ្មែរដោយសារខ្វះបច្ចេកទេសក្នុងការដាំពោតក្រហម ទើបធ្វើឱ្យមិនសូវធ្វើកសិកម្មលើដាំណាំពោត នាំឱ្យកម្ពុជាជួបប្រទះកង្វះខាតពោតលើទីផ្សារផងដែរ៕