បណ្តាញសង្គម

អាជ្ញាធរខេត្តមណ្ឌលគិរីស្អាតបរិស្ថានតាមបណ្ដោយផ្លូវជាតិលេ​ខ៧៦

ខេត្តមណ្ឌលគិរី ៖ សម្រាមតាមទីសាធារណៈជាពិសេសថង់ប្លាស្ទិក គឺជាកិច្ចការងារអាទិភាពមួយ របស់ក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងកាកសំណល់ដែលកំពុងបំពុលសុខភាពប្រជាពលរដ្ឋដោយសារតែការពង្រាយគ្មានសណ្តាប់ធ្នាប់។

ដើម្បីគ្រប់គ្រងបញ្ហាសម្រាមនេះ រាជរដ្ឋាភិបាលតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានចេញអនុក្រឹត្យលេខ១១៣ សម្តៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសម្រាម សំណល់រឹងនៅទីប្រជុំជនប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ ។

ជាក់ស្តែងអាជ្ញាធរកាលពីព្រឹកថ្ងៃទី០២ តុលា ២០១៨ បានប្រមូលផ្តុំគ្នាដើររើសសម្រាមនៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ចាប់ពីស្នាក់ការបរិស្ថានស្រុកអូររាំងរហូតដល់ស្នាក់ការស្រុកកែវសីមា ដែលមានចម្ងាយផ្លូវប្រមាណជាង៣០គីឡូម៉ែត្រ។

លោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា បានទទូចឱ្យគ្រប់ភាគីទាំងអស់ដែលមានទាំងប្រជាពលរដ្ឋ ក្រុមហ៊ុនប្រមូលសម្រាម អាជ្ញាធរដែនដី អង្គការសង្គមស៊ីវិល ត្រូវតែចូលរួមឱ្យបានគ្រប់ៗគ្នាដើម្បីបរិស្ថានស្អាត និងសុខមាលភាពសាធារណៈល្អ បើមិនដូច្នេះទេការគ្រប់គ្រងសម្រាម និងកាកសំណល់នឹងមិនមានប្រសិទ្ធភាពឡើយ។

អ្នកជំនាញបរិស្ថានបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយសម្តៅពង្រឹងការយល់ដឹងទៅដល់ប្រជាពលរដ្ឋដែលជាចំណុចសំខាន់បំផុត ព្រោះការចូលរួមរបស់ពលរដ្ឋគឺជាយន្តការគ្រប់គ្រងសម្រាមបានងាយស្រួល។

បើទោះបីជាបែបណាក៏ដោយ អាជ្ញាធរសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ ក្រុមហ៊ុន និងគ្រប់ភាគីពាក់ព័ន្ធផ្សេងៗទៀតនឹងប្រឹងប្រែងយកអស់កម្លាំងកាយចិត្ដទាំងអស់គ្នាដើម្បីគ្រប់គ្រងកាកសំណល់ថង់ប្លាស្ទិកឱ្យមានប្រសិទ្ធភាពបំផុត៕ ដោយ ៖ ជឹម ទូច