បណ្តាញសង្គម

អគ្គនាយក WTO ៖ កម្ពុជាបានក្លាយជាសមាជិករបស់ WTO ដែលបានអនុវត្តដោយជោគជ័យ

ហ្សឺណែវ ៖ នៅល្ងាចថ្ងៃ២២ តុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងជំនួបពិភាក្សាគ្នានោះ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កម្ពុជាគឺជាប្រទេសដែល មានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជាប្រទេសមួយដែលបានក្លាយជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត នៅក្នុងពិភពលោក។ ទន្ទឹមនោះលោកសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះគឺមិនមែនជាលើកចុងក្រោយនោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចសហការវាងកម្ពុជា ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ពិសេសសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបាន នូវការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដទៃទៀត រួមទាំង WTOផងដែរ។

សម្តេចតេជោបន្តថា កម្ពុជាបានចូលជាសមាជិករបស់ WTO រយៈពេល១៤ឆ្នាំរួចមកហើយ ក្នុងរយៈពេលនេះ សម្តេចសូមអរគុណចំពោះ WTO សម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា។ សម្តេចបន្តថា កន្លងមកកម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌ នៃ WTO ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពី WTO។

សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបើកស្ថានបេសកកម្មរបស់ខ្លួនប្រចាំនៅ WTO បើទោះបីជាខ្លួនស្ថិតក្នុងសេដ្ឋកិច្ចមួយដែលមានភាពទន់ខ្សោយក៏ពិតមែន តែកម្ពុជាជំនៈក្នុងការដាក់ឲ្យមានស្ថានឯកអគ្គរាជទូតពាណិជ្ជកម្មនៅហ្សឺណែវ ដើម្បីជួយសំរួលការងាររវាងកម្ពុជា ជាមួយនិង WTO។

លោកអគ្គលេខាមានប្រសាសន៍ថា កម្ពុជាមានលក្ខណៈសកម្មរបស់ខ្លួន ពោលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ថ្វីត្បិតបើប្រៀបធៀបជាមួយប្រទេសដទៃទៀតនោះ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាប្រទេសទី១ ដែលបានចាត់តាំងឲ្យមានតំណាងអចិន្រៃ្តយ៍ពាណិជ្ជកម្មរបស់ខ្លួនប្រចាំ WTO។ លោកក៏បានចាត់ទុកសម្តេចតេជោគឺជាអ្នកដឹកនាំមួយរូប ដែលមានភាពឈ្លាវៃ ពីព្រោះថា WTO គឺជាស្ថាប័នមួយដែលផ្តល់នូវការគាំទ្រនូវស្មារតីនិងជំនួយជាច្រើនដល់សមាជិក របស់ខ្លួន ដែលខុសពីប្រទេសដទៃទៀតមិនបានធ្វើការចាប់អារម្មណ៍យកចិត្តទុកដាក់។លោកក៏បានកោតសរសើរដល់កម្ពុជាផងដែរ ក្នុងការដើរតួនាទីនៃការកសាងស្ពានសម្រាប់ប្រទេសផ្សេងទៀត ពិសេសការស្វែងយល់ពីប្រព័ន្ធរបស់ WTO។

លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមិនមែនស្ថិតនៅក្រៅប្រព័ន្ធនោះទេ ពោលគឺកម្ពុជាស្ថិតនៅក្នុងប្រព័ន្ធនៃ WTO ដែលកម្ពុជាបានស្វែងយល់ និងចាប់យកឱកាសបានច្រើន។ លោកបន្តថា ដោយសាភាពវៃឆ្លាតរបស់កម្ពុជា នេះហើយ បានជាកម្ពុជាចាប់យកនូវជំនួយបច្ចេកទេសពី WTO ដែលចំណាយទៅលើការជួយដល់កម្ពុជា មានទឹកប្រាក់ប្រមាណ ៧,៧លានដុល្លា ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ហើយ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ នៃការកសាងសមត្ថភាពមន្រ្តីមានចំនួនរហូតដល់ ៤១១នាក់ ជាមន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការបណ្តុះបណ្តាលនៅគ្រប់សកម្មភាពរបស់ WTO។

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ សម្តេចតេជោ និងលោកអគ្គនាយក បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនិងសង្រ្គាមពាណិជ្ជកម្មពិភពលោក ពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងកើនឡើងកំដៅផងដែរ៕