បណ្តាញសង្គម

ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យទីតាំងដីជាក់ស្តែង និងប្រគល់ផ្ទះដល់អតីតយុទ្ធជនចំនួន២គ្រួសារ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះចំនួន២ខ្នង ស្ថិតនៅចំណុច ភូមិអូរអំបិល ឃុំអូរតាមែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មកពីទីរាជធានីភ្នំពេញ ចំនួន២គ្រួសារ ដែលមានជីវភាពទីទ័លក្រ និងគ្មានទីជំរកស្នាក់នៅសមរម្យ។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជូនសមាជិក ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរដល់សមាជិក ទាំងសុខភាព និងជីវភាពរស់នៅ ជាក់ស្តែងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់សមាគមខេត្ត និងតាមសំណើរបស់លោកផ្ទាល់ សម្តេចបានសម្រេចឲ្យសាងសង់ផ្ទះ២ខ្នងបន្ថែម ហើយត្រូវបានប្រគល់ជូននៅថ្ងៃនេះ។

សូមជម្រាបថា ផ្ទះទាំង២ខ្នងនោះ ក្នុងមួយខ្នងៗទំហំ ៥ម៉ែត្រ គុណ០៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឈើ ត្រូវបានប្រគល់ជូនគ្រួសារសមាគមអតីយុទ្ធជន២គ្រួសារ ទី១៖ លោក ប៉ែន មន្នីរដ្ឋ យោធិនពិការ នៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងទី២៖ លោក ឆាយ សារ៉ាត់ យោធិនពិការ នៅភូមិ ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រៅពីផ្ទះសមាជិកទាំង២គ្រួសារ ក៏បានទទួលសម្ភារ និងថវិកាក្នុងម្នាក់ៗ ចំនួន៣០០,០០០រៀល, គ្រែ០១, អង្ករចំនួន១០០គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ត្រីខ០១យួរ, ឆ្នាំង ចាន មុង០១, ភួយ០១ កន្ទេល០១ និងកាដុងសម្រាប់ដាក់ទឹកចំនុះ៣០លីត្រ ចំនួន១០ផងដែរ។

លោក ប៉ែន មន្នីរដ្ឋ និងលោក ឆាយ សារ៉ាត់ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងពីរ ដែលបានទទួលផ្ទះថ្មី បានសម្តែងនូវក្តីរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានផ្តល់ផ្ទះជូនគាត់ ធ្វើឲ្យជីវិតពួកគាត់មានលំនឹង កក់ក្តៅ និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសិរីសួស្តី ជោគជ័យ និងបន្តដឹកនាំនាវាកម្ពុជាទទួលបានការរីកចម្រើនតទៅមុខទៀត ហើយប្ដេជ្ញាគាំទ្រ សម្ដេចតេជោធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត៕