បណ្តាញសង្គម

អភិបាលខេត្តពោធិ៍សាត់៖ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ គឺត្រូវផ្តើមចេញពីថ្នាលបណ្តុះមនុស្សថ្មី និងខ្លួនយើងផ្ទាល់

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានថ្លែងថា សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី ដោយប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំ សម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ និងទិវារំលឹកគុណគ្រូ នៅបរិវេណវិទ្យាល័យបាកាន ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជិត២ពាន់នាក់។

បន្ទាប់ពីលោក ផាយ ឡេង អភិបាលបាលស្រុកបាកាន បានអានសារបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក លោក ម៉ៅ ធនិន បានថ្លែងថា ការចុះជួបសំណេះសំណាលនាពេលនេះ ជាការឆ្លើយតបតាមការសន្យា ថានឹងមកជួបក្មួយៗ ជាពិសេសលោកគ្រូអ្នកគ្រូ ដែលអញ្ជើញមកពី៥កម្រង ក្នុងស្រុកបាកាន នឹងបន្តទៅ៥កម្រងនៅថ្ងៃបន្ទាប់ទៀត។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ដែលទើបឡើងថ្នាក់ ពីបឋមសិក្សា មកអនុវិទ្យាល័យ សូមកុំភ្លើតភ្លើន នៅថ្ងៃ១៤កុម្ភៈ (Valentine day) ដោយត្រូវយល់ថាការផ្តល់ក្តីស្រលាញ់ មិនមែនមានតែមួយថ្ងៃនោះទេ ត្រូវធ្វើអ្វីដែលល្អ កុំឲ្យខុសពីប្រពៃណីដ៏ល្អផូផង់របស់ខ្មែរ ជាពិសេសត្រូវខិតខំក្រេបជញ្ជក់ ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ និងត្រូវគោរពគាត់ឲ្យដូចជាឪពុកម្តាយទីពីរ ដោយមិនត្រូវធ្វើជាគ្រាប់គ្រួសលើជើងពានមាសទេ ពោលគឺត្រូវខិតខំប្រែក្លាយខ្លួន ឲ្យទៅជាគ្រាប់ពេជ្រលើជើងពានមាសទើបសាកសម។

លោកបន្ថែមថា ឪពុកម្តាយបង្កើត ឬក៏អាណាព្យាបាល គឺជាអ្នកដែលមានគុណបំផុតចំពោះក្មួយៗ ដូចនេះដើម្បីជាការតបស្នងសងគុណដល់លោកទាំងពីរ ក្មួយៗត្រូវខិតខំសិក្សា ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយសក្តានុពល ជាបង្អែកគ្រួសារ និងជាសសរទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។

ផ្ទុយទៅវិញលោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាឪពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទះក្នុងការបំពេញការងារ ធ្វើយ៉ាងណាកុំឲ្យ ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន មានការខកចិត្តមក។ លោកបានបន្ថែមទៀតថា គ្រួសារធំល្អទៅបានទាល់តែគ្រួសារតូចប្រមូលផ្តុំគ្នាឲ្យបានល្អ ចេះយោគយល់អធ្យាស្រ័យទៅវិញទៅមក និងមានការសន្តោសប្រណីគ្នាទើបសុខសាន្ត។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រគល់អំណោយជូនដល់អតីតលោកគ្រូអ្នកគ្រូ១០នាក់, ជូនរង្វាន់សិស្សពូកែនិទ្ទេសAម្នាក់, ចែករង្វាន់សិស្ស ជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ប្រចាំឆ្នាំ ចំនួន៩០នាក់, ចែកកង់៥គ្រឿងជូនសិស្សក្រីក្រ, ចែកប៊ិចសៀវភៅ ជូនសិស្សក្រីក្រ១៥០នាក់, ចែកជូនសារុងម្នាក់១ និងពិសាអាហារសាមគ្គីជុំគ្នា ជាមួយលោកគ្រូអ្នកគ្រូ មកពី៥កម្រង ក្នុងស្រុកបាកាន ប្រកបដោយភាពសប្បាយរីករាយ និងស្និទស្នាលក្រៃលែង៕