បណ្តាញសង្គម

រដ្ឋបាលរាជធានីជូនដំណឹងពីការប្រារព្ធពិធីសូត្រមន្តឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រារព្ធពិធីសូត្រមន្ត ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រដែលបានស្លាប់ដោយសារការរត់ជាន់គ្នា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ ឲ្យដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅវេលាម៉ោង៧ និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានពិធីសូត្រមន្ត នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍ខាងលើ។ សូមជម្រាបថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស៣៥៣នាក់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតបានរងរបួស៕