បណ្តាញសង្គម

កម្ពុជា​-​ថៃ អះអាង​ពី​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យដល់​១៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០

(ភ្នំពេញ) : រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានអះអាងកាលពីថ្ងៃទីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ថាភាគីទាំងពីរកម្ពុជានិងថៃ បានសន្យារួមគ្នាថានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់ ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ខាងមុខ។ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ កាលពីថ្ងៃទី២២ ខែកុម្ភៈ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្រៅពីការបង្កើនទំហំពាណិជ្ជកម្មយើងបានស្នើភាគីថៃបន្ថែមរយៈពេលនៃការនាំចូលពោតពីកម្ពុជា រហូតដល់ខែតុលា រៀងរាល់ឆ្នាំ ដែលពីមុនការនាំចូលពោត មានរយៈពេលតែ៥ខែ (ខែមីនា ដល់ខែសីហា) តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានឯកភាពបង្កើត ក្រុមការងារចម្រុះ ដែលនឹងត្រូវកោះប្រជុំលើកទី១ នៅក្នុងរយៈពេល ៣ ខែ បន្ទាប់ពិកិច្ចប្រជុំនេះត្រូវបានបញ្ចប់ ។ លោកប៉ាន សូរស័ក្តិ បានលើកឡើងបន្តថា នៅក្នុងកិច្ចប្រជុំ នាឱកាសនោះ ភាគីទាំងពីរបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃលទ្ធផល ដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ លើកទី៥ កាលពីឆ្នាំ២០១៥ កន្លងទៅ និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមថ្មីនានា ដូចជា ការនាំចូលជ្រូក ការនាំចូលខ្សែភាពយន្ត ការនាំចូលប្រេងឥន្ធនៈ ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា និងការ អនុវត្តច្បាប់គយថ្មីរបស់ថៃ។ លោកសុនធិរ៉ាត់ សុនធិជីរ៉ាវង្ស (Sontirat Sontijirawong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានប្រាប់ថា កិច្ចប្រជុំលើកនេះ ពិតជាទទួលបានលទ្ធផលល្អណាស់ ដែលប្រទេសទាំងពីរ បានចុះអនុស្សរណៈ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ស្តីពីកិច្ចព្រមព្រៀង លើការដោះដូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ លោកបានបន្តថា “ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនថៃ គឺមានសារសំខាន់ណាស់ សម្រាប់ប្រទេសទាំងអស់ ដោយសារជាពាណិជ្ជកម្មសំខាន់ រវាងពួកយើង”។ លោកបានមានប្រសាសន៍បន្តថា ក្នុងនាមជារដ្ឋាភិបាល យើងមានកិច្ចព្រមព្រៀងស្តីពី ការជំរុញពាណិជ្ជកម្មនិងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចទិសដៅ១៥ ពាន់លានដុល្លារ អាមេរិក នៅឆ្នាំ២០២០២។ សម្រាប់វិស័យឯកជន ខាងលោកបានជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលបានស្គាល់ និងយល់ពីស្ថានភាពពាណិជ្ជកម្ម ជាពិសេសការសម្រួលពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មឆ្លងព្រំដែន។ សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំ នាឱកាសនោះ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក៍បានចុះហត្ថលេខាលើឯកសារចំនួនពីរគឺ ១.យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន និងទី២.អនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។ ផ្អែកតាមទិន្នន័យនាំចេញ-នាំចូល បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងថៃ នៅក្នុងឆ្នាំ២០១៧ កន្លងទៅ សម្រេចបាន ៥,៥ ពាន់លានដុល្លារ ពោលគឺកើនឡើង ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៦៕

រុស្ស៊ីសន្យាបន្តរួមគ្នាជាមួយកម្ពុជាប្រឆាំងភេរវកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(ភ្នំពេញ)៖ លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) លេខាទី១ នៃស្ថានទូតរុស្សី ប្រចាំនៅកម្ពុជា បានសន្យាបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិទប់ស្កាត់ និងប្រឆាំងភេរវកម្មរួមគ្នាជាមួយកម្ពុជាហើយនិងបញ្ជូននគរបាលជាន់ខ្ពស់របស់ខ្លួនមកកម្ពុជានាពេលខាងមុខ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញដល់មន្រ្តីនគរបាលជាតិកម្ពុជា ។

ការសន្យារបស់ លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) យ៉ាងនេះគឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) បានលើកឡើងថា រុស្ស៊ីឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការផ្លាស់ប្តូរព័ត៌មានចារកម្ម ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ប្រឆាំងភេរវកម្មជាមួយកម្ពុជា និងធ្វើយ៉ាងណាជម្រុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានស្នើរសុំភាគីរុស្ស៊ី ឲ្យបញ្ជូនគ្រូមកធ្វើការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ឬក៏បញ្ជូននគរបាលជាតិកម្ពុជាឲ្យទៅសិក្សានៅប្រទេសរុស្ស៊ី ។

នៅក្នុងកិច្ចពិភាក្សានោះ លោក អីលីយ៉ា សើហ្គេរ (Ilya Sergeer) ក៏បានស្នើរសុំនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បង្កើនការសហការការពារដល់ជនជាតិរុស្ស៊ី ដែលរស់នៅប្រទេសកម្ពុជាផងដែរ ៕

ព្រះរាជក្រឹត្យ​ផ្លាស់ប្តូរ​ប្រធាន អនុប្រធាន ចៅក្រមនិង​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង​

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងប្រធាន អនុប្រធាន ចៅក្រម សាលាដំបូងរាជធានី ខេត្ត និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ បានឲ្យដឹងថា ប្រធាន អនុប្រធាន ចៅក្រម សាលាដំបូងរាជធានី ខេត្ត ដែលតែងតាំងនិងផ្ទេរមុខតំណែង មានដូចជាៈ ប្រធានសាលាដំបូងខេត្តៈ ១.លោកម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រៃវែង។ ២.លោកសុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រៃវែង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រះសីហនុ។

អនុប្រធានសាលាដំបូងរាជធានី ខេត្តៈ ១.គឹម រ័ត្នណារិន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធានសាលាខេត្តកណ្តាល។ ២.លោករស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងរាជធានី ភ្នំពេញ។ ៣.លោកកី ម៉ានេរ៉ា ព្រះរាជអាជ្ញា នៃក្រសួងយុត្តិធម៌ ឋានន្តរស័ក្តិអនុព្រះរាជ អាជ្ញាថ្នាក់លេខ២ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយស្ថិតក្នុងឋានន្តរស័ក្តិអនុចៅក្រមលេខ២។

ចៅក្រមសាលាដំបូងរាជធានី ខេត្តៈ ១.លោក កូយ សៅ ចៅក្រមសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត។ក្នុងនោះ ក.មហាអយ្យការអមសាលាឧទ្ធរណ៍ៈ ១.លោក ឡាប ឡាយមុនី ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបាត់ដំបង ត្រូវបានតែងតាំងជាព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍។ ខ.អយ្យការអមសាលាដំបូងរាជធានី ខេត្តៈ ១.លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវផ្ទេរមុខតំណែងមកបម្រើការងារជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ២.លោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារង នៃអយ្យការមសាលាដំបូងខេត្តសៀមរាប។ ៣.លោកស្រី ឈួន សុភា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ៤.លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ ត្រូវបានផ្ទេរមុខតំណងឲ្យមកបម្រើការជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពត។ ៥.លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

សូមជម្រាបថា ការផ្លាស់ប្តូរការសម្រេចផ្លាស់ប្តូរប្រធានសាលាដំបូងខេត្តព្រះសីហនុ និងខេត្តព្រវែង និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត គឺបានធ្វើឡើងបន្ទាប់ពីមានការសម្រេចយល់ព្រមនៅក្នុងសម័យប្រជុំពេញអង្គលើកទី២៩ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕

ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីក្រុង​ប៉េកាំង​

រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។ ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែនៅឯអាកាសយានដ្ឋាន រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក៏មានការយាង និងអញ្ជើញពីព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ។ យោងតាមព្រះរាជសាររបស់អង្គព្រះមហាក្សត្រ បានគូសបញ្ជាក់ថា អំឡុងអវត្តមានរបស់ព្រះអង្គ សម្តេច សាយ ឈុំ នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី៕

ចាប់ពីថ្ងៃទី២២ ដល់២៣ នឹងមានភ្លៀងកក់ខែ ពីមធ្យមទៅច្រើន

ក្រសួងធនធានទឹកបានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីព្យុះទី២ សាន់បា (SANBA) បន្តអូសបន្លាយ ពីថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ បង្កឲ្យមានភ្លៀងកក់ខែធ្លាក់រ៉ាយប៉ាយ ពីមធ្យមទៅច្រើន ពិសេសនៅតាមបណ្តាខណ្ឌ ស្រុក ក្រុង នៃរាធានី ខេត្តមួយចំនួនដូចជា ៖ រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្តាខេត្ត ជាប់មាត់សមុទ្រ ៕

អគ្គិសនីកម្ពុជា ផ្អាកចរន្តអគ្គិសនី នៅតំបន់មួយចំនួនសម្រាប់ការពង្រីកផ្លូវ និងតម្លើងបរិក្ខាថ្មីមួយចំនួន

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីធ្វើការពង្រីកផ្លូវ និងតម្លើងបរិក្ខារថ្មីៗមួយចំនួន ដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម៕

កម្ពុជា​-​ថៃ នឹង​បើក​កិច្ចប្រជុំ​រួមគ្នា​មួយ​ដើម្បី​ស្វែងរក​យន្តការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​ព្រឹក​នេះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មលើកទី៦ ដើម្បីស្វែងរកយន្តការបង្កើនទំហំពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី២១ ថាកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា-ថៃ រួមជាមួយមន្ត្រីជាន់ខ្ពស់មកពីអន្តរក្រសួង និងតំណាងវិស័យឯកជននៃប្រទេសទាំងពីរដែលនឹងផ្តោតសំខាន់លើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី រួមទាំងស្វែងរកដំណោះស្រាយជាក់លាក់សំដៅឆ្លើយតបរាល់បញ្ហាប្រឈមនានាដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់វិស័យឯកជន។ប្រភពដដែលបន្តថា អមជាមួយកិច្ចប្រជុំដ៏សំខាន់នេះ ក៏មានកិច្ចប្រជុំចង្អៀតខ្លីៗរវាង មន្ត្រីជាន់ខ្ពស់និងតំណាងសភាពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ តាមរយៈកិច្ចប្រជុំនេះត្រូវបានរំពឹងថានឹងជួយសម្រាលឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ថៃតាមរយៈការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ៕

កាលពីរសៀលថ្ងៃចន្ទទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យឯកឧត្តម Jirawuth Suwanna-Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃប្រចាំកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ (6th JTC កម្ពុជា-ថៃ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

សម្តេច​ក្រឡាហោម ជំរុញ​ឲ្យ​មន្ត្រី​នៅ​ថ្នាក់ក្រោម​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានណែនាំឲ្យមន្ត្រីក្រោមបង្គាប់នៅតាមស្ថាប័ននានាឲ្យពង្រឹងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ។សម្តេចក្រឡាហោមបានថ្លែងបែបនេះនៅចំពោះមុខមន្ត្រីរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាងពីរពាន់នាក់ក្នុងសន្និសីទជាតិស្តីពី«កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ៖ “មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅអនាគត” កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះនៅ មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។

សម្តេចក្រឡាហោមបានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាម គ.ជ.អ.ប ខ្ញុំសូមជំរុញលើកទឹកចិត្តក្រសួងស្ថាប័ននិង អ្នកពាក់ព័ន្ធទាំងអស់ត្រូវប្រើប្រាស់កាលានុវន្តភាពទាំងនេះ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីបង្កើនតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងបន្តអនុវត្តកម្មវិធីនិងគម្រោងនានាដើម្បីបង្ហាញឲ្យឃើញពីផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋ»។

សម្តេចក្រឡាហោមមានប្រសាសន៍ថាសន្និសីទជាតិដែលបានរៀបចំនាពេលនេះជាឱកាសមួយដែលសមស្របដោយសារកំណែទម្រង់នេះបានឈានចូលដល់ដំណាក់កាលកាន់តែស៊ីជម្រៅនិងសាំញ៉ាំទាំងនៅក្នុងកិច្ចការនយោបាយនិងបច្ចេកទេសក្នុងក្របខណ្ឌនៃការបែងចែកមុខងារនិងការទទួលខុសត្រូវឲ្យបានច្បាស់លាស់រវាងរដ្ឋបាលនិមួយៗនៅថ្នាក់ក្រោមជាតិនិងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយថ្នាក់ជាតិ សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពកាន់តែមានការឆ្លើយតបប្រកបដោយតម្លាភាពគណនេយ្យភាពនិងសមធម៌សង្គម។

បើយោងតាមសម្តេចក្រឡាហោមសន្និសីទជាតិនាឱកាសនេះមានគោលបំណងសំខាន់ ៣ ។គឺទី ១.ការផ្សព្វផ្សាយនិងណែនាំអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ ២០១៨ របស់ គជអប ដែលជាការចាប់ផ្ដើមអនុវត្តផែនការអនុវត្តបីឆ្នាំដំណាក់កាលចុងក្រោយនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រ ជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទី២.ការរួមគ្នាពិនិត្យឡើងវិញនូវសមិទ្ធិផលមេរៀនពិសោធន៍ដែលយើងទទួលបានក្នុងកិច្ចដំណើរការកំណែទម្រង់រយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ ព្រមទាំងពិនិត្យនិងវាយតម្លៃបញ្ហាប្រឈមដែលនៅសេសសល់ និង ការពិភាក្សាអំពីដំណោះស្រាយបញ្ហាប្រឈមទាំងនោះសំដៅរួមគ្នាជំរុញកិច្ចដំណើរការកំណែទម្រង់ដ៏មានសារសំខាន់នេះឲ្យបោះជំហានទៅមុខជាបន្តទៀតនិងទី៣.ការរួមគ្នាកំណត់អំពីចក្ខុវិស័យនៃកំណែទម្រង់នេះក្នុងដំណាក់កាលនៃការអនុវត្តផែនការចុងក្រោយនៃកម្ពុជាជាតិសំដៅពង្រឹងការប្ដេជ្ញាចិត្តខាងនយោបាយក្នុងការឆ្ពោះទៅសម្រេចបាននូវលទ្ធផលរំពឹងទុកជាចម្បងក្នុងសមាសធាតុនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នា ក់ក្រោមជាតិ។

សម្ដេចក្រឡាហោមបានបន្តថាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឬហៅថាកំណែទម្រង់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកំណែទម្រង់ដែលមានការពាក់ព័ន្ធទៅគ្រប់វិស័យគ្រប់ស្ថាប័ន ។នៅគ្រប់ការដ្ឋានកំណែទម្រង់នានាដែលចាំបាច់ទាមទារឲ្យមានការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់វិស័យគ្រប់ស្ថាប័ននិងគ្រប់ការដ្ឋានកំណែទម្រង់ទាំងនោះដោយផ្ដោតលើអភិក្រមរួមគិតរួមធ្វើនិងរួមទទួលខុសត្រូវ ។ កំណែទម្រង់នេះគឺជាកំណែទម្រង់ស្នូលមួយក្នុងចំណោមកំណែទម្រង់ស្នូលទាំង ៣របស់រាជរដ្ឋាភិបាលពោលគឺកំណែទម្រង់រដ្ឋបាលសាធារណៈ,កំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិង កំណែទម្រង់វិមជ្ឈការនិងវិសមជ្ឈការហើយកំណែទម្រង់តាមវិស័យនានាក៏ត្រូវបានបន្ស៊ីជាមួយនឹងកំណែទម្រង់ទាំង ៣ នេះផងដែរ។

កម្មវិធីជាតិនេះគឺជាផែនទីបង្ហាញផ្លូវសម្រាប់កិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យដ៏ធំទូលាយនិងស៊ីជម្រៅនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនគ្រាន់តែមានផលប៉ះពាល់មកលើរដ្ឋបាលថ្នាក់ក្រោមជាតិអាចទេប៉ុន្តែកំណើននេះក៏មានផលប៉ះពាល់មកលើស្ថាប័ននានានៅថ្នាក់ជាតិផងដែរ ។

សម្ដេចបានបញ្ជាក់ថាសមិទ្ធផលធំៗពីរដែលសម្រេចបានឆ្លើយតបទៅនឹងចក្ខុវិស័យនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនោះគឺទី១. ផ្អែកលើការសម្របសម្រួលឯកភាពស្រុះស្រួលគ្នាខាងនយោបាយយើងបានរៀបចំនូវការបោះឆ្នោតដោយផ្ទាល់ និង មិនផ្ទាល់តាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សាគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិយ៉ាងទៀងទាត់ទៅតាមអាណត្តិដែលកំណត់ក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានីមួយនីមួយៗ ។ ក្រុមប្រឹក្សាជាប់ឆ្នោតទាំងនេះគឺជាស្ថាប័នអភិបាលតាមបែបប្រជាធិបតេយ្យនិងវិមជ្ឈការ និងសហវិមជ្ឈកាលដែលមានសក្តានុពលជាតំណាងឲ្យផលប្រយោជន៍ដោយផ្ទាល់របស់សហគម និង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ។ ទី២.សម្រេចបាននូវការលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរមុខងារនិងធនធានក្នុងវិស័យអាទិភាពនានាជាបណ្ដើៗទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ» ឲ្យដឹងថាជិត២ទស្សវត្សរ៍កន្លងមកនេះរាជរដ្ឋាភិបាលបានផ្ទេរថវិកាជាង ២.០០០ លានដុល្លារទៅថ្នាក់ក្រោមជាតិ ដើម្បី អនុវត្តការងារផ្តល់សេវាសាធារណៈនិងអភិវឌ្ឍមូលដ្ឋានរួមមានធ្វើផ្លូវប្រឡាយ លូទឹក ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បង្គន់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងអគារសុខាភិបាល ជាដើម៕

ស្រវឹងស្រា​ដើរ​ដួល​ផ្កាប់មុខ​ទ្រូង​បុក​នឹង​គល់ឈើ​ក្បាលជ្រមុជទឹកស្លាប់​

ខេត្តព្រះសីហនុ ៖ បុរសជនជាតិឥស្លាមម្នាក់ ស្រវឹងស្រាដើរដួលផ្កាប់មុខ ទ្រូងបុកនឹងគល់ឈើក្បាលជ្រមុជទឹកស្លាប់ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៦ និង៣០នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ហ្គេះ សាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះស្រវឹងស្រាសុខភាពខ្សោយ ដើរដួលដោយខ្លួនឯង ទ្រូងបុកផ្ទប់ទៅនឹងគល់ឈើ ហើយក្បាលជ្រមុជក្នុងទឹកប្រឡាយ បណ្ដាលឲ្យស្លាប់តែម្តង។ ប្រភពបានបន្តទៀតថា ក្រោយពីពិនិត្យ ដោយមានការចូលរួមមានលោកមេភូមិ លោកមេឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកថ្លា សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រា ដើរដួលផ្កាប់មុខ បណ្តាលឲ្យទ្រូងបុកផ្ទប់ នឹងគល់ឈើ ពិតប្រាកដមែន។សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ភរិយា​និង​កូនៗ​របស់លោក​បណ្ឌិត កែម ឡី បាន​ទៅដល់​ប្រទេស​អូស្ត្រាលី​

ទីបំផុត អ្នកស្រី ប៊ូ ចនា ភរិយារបស់លោក កែម ឡី ព្រមទាំងកូនប្រុសទាំងប្រាំរបស់អ្នកស្រី បានទៅដល់ក្រុង មែល ប៊ឹន នៃប្រទេស អូស្ត្រាលី ហើយកាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភះ,នេះបើតាមការផ្សាយរបស់វិទ្យុជាភាសាខ្មែរមួយ។ បើតាមសារព័ត៌មានដដែល ការទៅដល់របស់ពួកគេបានទទួលការស្វាគមន៍ពីសហគមន៍ខ្មែរនៅអូស្ត្រាលី ដែលសន្យាខិតខំជំរកដ៏សមរម្យសំរាប់ គ្រួសារលោកបណ្ឌិត និងជួយទំនុកបំរុង កូនៗលោកបណ្ឌិតអោយបានរៀនសូត្រផងដែរ។ សូមរំលឹកថា លោក បណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០១៦ សាកសពរបស់លោកត្រូវបានបញ្ចុះនៅឯភូមិកំណើតលោកនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។បន្ទាប់ពីធ្វើបុណ្យហើយភ្លាម លោកស្រី ប៊ូ រចនាដែលកំពុងមានទម្ងន់កូនទី៥ បានភៀសខ្លួនជាមួយកូនប្រុសទាំងបួនចាកចេញពីប្រទេសកម្ពុជាទៅសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃដើម្បីសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣។ ពួកគេរស់នៅជាជនភៀសខ្លួននៅក្រុងបាងកក ប្រទេសថៃអស់រយៈពេលជិតពីរឆ្នាំ ទើបអាចទៅតាំងលំនៅឯទីក្រុង មែលប៊ឹន ប្រទេសអូស្ត្រាលីនេះ៕

សំណុំរឿង​ប្តឹង​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​និង​បក្ខពួក​២៨​នាក់ ធ្លាក់​ដល់ដៃ​ព្រះរាជអាជ្ញា​

(ភ្នំពេញ)៖សំណុំរឿងដែលក្រសួងមហាផ្ទៃប្តឹងមេដឹកនាំចលនាសង្គ្រោះជាតិនិងគូកនសរុបចំនួន២៨នាក់បានធ្លាក់ដល់ដៃព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញហើយ។ស្ថាប័ននេះកំពុងតែពិនិត្យឯកសារនិងភស្តុតាងដើម្បីចាត់ការតាមនីតិវិធី។នេះបើតាមមន្ត្រីតុលាការបានប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៨។ ក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្តឹងដោយភ្ជាប់ជាមួយភស្តុងតាង និងឯកសារជាច្រើនដាក់ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅនេះ ពីបទល្មើសនឹងសាលដីការបស់តុលាការកំពូល និងពីបទញុះញង់។ មន្ត្រីជាន់ខ្ពស់ចលនាសង្គ្រោះជាតិ ដែលរងការប្តឹងរួមមានៈ លោក សម រង្ស៊ី លោកស្រី ជូឡុង សូមូរ៉ា លោកស្រី មូរ សុខហួរ លោកអេង ឆៃអ៊ាង និងលោកហូរ វ៉ាន់។ ចំណែកកញ្ញា កឹម មនោវិទ្យា កូនស្រីលោកកឹម សុខា គឺរងការប្តឹងពីបទញុះញង់។រីឯគូកនចំនួន២២នាក់ផ្សេងទៀត ក៏មានការពាក់ព័ន្ធផងដែរ ក្នុងការបង្កើតចលនានេះ។ ចំណែកលោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមសារអេឡិចត្រូនិកថាអយ្យការអមសាលាដំបូងបានទទួលបណ្តឹងនេះ ហើយកំពុងពិនិត្យនិងចាត់ការតាមនីតិវិធី។ ទាក់ទងចលនាសង្គ្រោះជាតិនេះ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងពិធីបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៦ ខែកុម្ភៈ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ស្រាវជ្រាវសកម្មភាពចលនាសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយផ្សេងៗរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃប្រកាសសាលដីកានេះតទៅ។ដោយសារគណបក្សសង្គ្រោះជាតិពាក់ព័ន្ធករណីរៀបចំផែនការឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមទម្រង់នៃការធ្វើបដិវត្តន៍ពណ៌ ដោយយកគំរូបតាមប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា៕

 

 

ភ្ញៀវទេសចរ​ជិត​១​លាន​នាក់មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន

រាជធានីភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន ឆ្នាំ២០១៨កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បានធ្វើដំណើរកំសាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស មានចំនួនប្រមាណជាង៨៦៤,៧៧០នាក់ កើនឡើងប្រមាណ៥៤.៥៦%។ ក្នុងចំណោមភ្ញៀវទេសចរជិត១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ក្នុងនោះខេត្តគោលដៅសំខាន់ៗរួមមាន៖

១៖ សៀមរាប ប្រមាណ ៩០,៨២០នាក់ កើនឡើងប្រមាណ ១៣.៩៣%

២៖ ព្រះសីហនុ ប្រមាណ ៨៨,០០០នាក់ កើនឡើងប្រមាណ ៦.៥០%

៣៖ កំពត ប្រមាណ ១២៦,៨៩០នាក់ កើនឡើងប្រមាណ ៥១.៦៤% (ក្នុងនោះទៅកំសាន្តនៅរមណីយដ្ឋានបូកគោ មានចំនួនប្រមាណ៦៩,៧០០នាក់)

៤៖ កែប ប្រមាណ ១០៥,០០០នាក់ កើនឡើងប្រមាណ ៦.០៣%

៥៖ បាត់ដំបង ប្រមាណ ៧៩,០៧០នាក់ កើនឡើងប្រមាណ ៩៤.៣៥%

៦៖ រាជធានីភ្នំពេញ ប្រមាណ ៥២,៨៤០នាក់ កើនឡើងប្រមាណ ៨.៤៧%

៧៖ កោះកុង ប្រមាណ ៥៤,៨៥០នាក់ កើនឡើងប្រមាណ ១៦៤%

៨៖ ក្រចេះ ប្រមាណ ២៧,២៨០នាក់ កើនឡើងប្រមាណ ៧.៩១%

៩៖ រតនគិរី ប្រមាណ ១៩,៧៩០នាក់ កើនឡើងប្រមាណ ៥.៧០%

១០៖ មណ្ឌលគិរី ប្រមាណ ១៧,៣៧០នាក់ កើនឡើងប្រមាណ ១៨.០៣%

១១៖ ស្ទឹងត្រែង ប្រមាណ ១៥,២៥០នាក់ កើនឡើងប្រមាណ ៩.៤២%

១២៖ កំពង់ស្ពឺ ប្រមាណ ៥៥,១៧៦នាក់ កើនឡើងប្រមាណ ៤.២០%

១៣៖ ឧត្តរមានជ័យ ប្រមាណ ១,០៥០នាក់ កើនឡើងប្រមាណ ៥.០០%

១៤៖ កំពង់ធំ ប្រមាណ ១៤,៤១០នាក់ កើនឡើងប្រមាណ ២៥៨.៨០%

១៥៖ បន្ទាយមានជ័យ ប្រមាណ ២៤,១០៥នាក់ កើនឡើងប្រមាណ ៩៤.១១%

១៦៖ ស្វាយរៀង ប្រមាណ ១,៧៩៩នាក់ កើនឡើងប្រមាណ ៥៥៤.១៨%

១៧៖ ព្រៃវែង ប្រមាណ ៤,០៧០នាក់ កើនឡើងប្រមាណ ៦.៥០%

១៨៖ កំពង់ចាម ប្រមាណ ១៩,១៦៨នាក់ កើនឡើងប្រមាណ ៦.៥០ %

១៩៖ បៃលិន ប្រមាណ ១០,៣៤៨នាក់ កើនឡើងប្រមាណ ១១.៤៥%

២០៖ តាកែវ ប្រមាណ ១០,៤៥០នាក់ កើនឡើងប្រមាណ ៨.០៣%

២១៖ ត្បូងឃ្មុំ ប្រមាណ ១,៨៩៧នាក់ កើនឡើង ប្រមាណ ៣៩,១០%

២២៖ ព្រះវិហារ ប្រមាណ ១១,៣៩១នាក់ កើនឡើងប្រមាណ ១៨.៣៣%

២៣៖ កណ្តាល ប្រមាណ ៥៩,២៩៨នាក់ កើនឡើងប្រមាណ ១៣.៧៣%

២៤៖ ពោធិ៍សាត់ ប្រមាណ ១៦,៦១៥នាក់ កើនឡើងប្រមាណ ៣,២%

២៥៖ កំពង់ឆ្នាំង ប្រមាណ ៤៧៤៤នាក់ កើនឡើងប្រមាណ ៦៥៤%។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ សង្កេតឃើញថា ភ្ញៀវទេសចរមានការកើនឡើងខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ដោយសារគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ជំរុញឱ្យមានការធ្វើដំណើរកម្សាន្ត។ ម្យ៉ាងវិញដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច ជំរុញដល់ការងារអភិវឌ្ឍ វិស័យទេសចរណ៍ក្នុងខេត្ត បានកាន់តែល្អប្រសើរឡើងជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់រមណីយដ្ឋាននានា មានភាពល្អប្រសើរ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ហើយតម្លៃម្ហូបអាហារ នៅតាមរមណីយដ្ឋាននានា ពុំមានការឡើងថ្លៃគួរឲ្យកត់សំគាល់ឡើយ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលទើបតែកន្លងផុតទៅនេះ នៅខេត្តជាប់ព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាម ចូលមកលេងកម្សាន្តច្រើន ខណៈខេត្តជាប់ព្រំដែនថៃ រួមមានបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ភ្ញៀវជនជាតិថៃ ក៏មានចូលមកកម្សាន្តច្រើនផងដែរ។ ដែលនេះបង្ហាញថា ប្រទេសជិតខាងក៏ពេញចិត្តមកលេងកំសាន្តលើទឹកដីកម្ពុជា ដែលកាលពីមុនភាគច្រើនពលរដ្ឋខ្មែរ ទៅលេងប្រទេសជិតខាង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយសុខសន្តិភាពពេញផ្ទៃប្រទេស ដែលពួកគាត់មិនបានគិតអ្វីក្រៅ តែពីខិតខំប្រកបរបររកទទួលទាន ធ្វើឲ្យជីវភាពកាន់តែធូរធា និងដើរលេកម្សាន្តសប្បាយនោះទេ។ ដោយសារតែជីវភាពកាន់តែធូរធានេះហើយទើប មានប្រជាពលរដ្ឋកម្ពុជា មួយចំនួនមិនត្រឹមតែដើរកម្សាន្ត នៅក្នុងប្រទេសរបស់ខ្លួនទេ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ពួគគាត់ថែមទៅកម្សាន្តក្រៅប្រទេសរួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀត៕

តុលាការ​កំពូល​នឹង​កាត់ទោស​លោកស្រី ថាក់ ឡា​នី នៅ​ថ្ងៃទី​២៦​កុម្ភៈ​

(ភ្នំពេញ) ៖ នៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ តុលាការកំពូល នឹងបើកសវនការដើម្បីជំនុំជំរះ លើរឿងក្តីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី ដែលបច្ចុប្បន្នបានរត់គេចខ្លួនទៅក្រៅប្រទេស ករណីចោទប្រកាន់ថាសម្តេចតេជោនាយករដ្ឋមន្ត្រី ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ។គួរឲ្យដឹងថា លោកស្រី ថាក់ ឡានី អាយុ៦៣ឆ្នាំ ជាប់ចោទពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម “ប្រព្រឹត្តនៅភូមិតាប៉ាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទី តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។ កន្លងមក ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោកស្រី ថាក់ ឡានីដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្ត ដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល។ នៅក្នុងវេទិកាសាធារណៈ នៅខេត្តរតនគិរី លោកស្រី ថាក់ ឡានី បានចោទប្រកាន់ សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ។ ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ថាក់ ឡានី ដោយសំណូមពរឱ្យតុលាការ ចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម ១០០រៀលប៉ុណ្ណោះ ៕

​ដងព្រែក​កំពង់បាយ​ជា​សម្បត្តិ​ដ៏​សំខាន់​របស់​អ្នកក្រុង​កំពត​គ្រប់រូប

(កំពត)៖”ការគិតគូរពីបញ្ហាបរិស្ថាននិងអនាម័យសម្រាប់ដងព្រែកកំពង់បាយជាករណីចាំបាច់ដោយមិនអាចមើលរំលងបានឡើយព្រោះព្រែកមួយខ្សែនេះជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់អ្នកក្រុងកំពតជាមួយនឹងសក្តានុពលទាំងផ្នែកសេដ្ឋកិច្ចគមនាគមន៍និងវិស័យទេសចរ”។ នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តកំពតក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងលើកទិសដៅបន្តរបស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ថ្លែងកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តលោកលីសាវ៉េតអភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាមន្ត្រីជំនាញ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរនិងពិនិត្យឡើងវិញថាតើនៅតាមបណ្តោយដងព្រែកកំពង់បាយគួរឱ្យមានការសាងសង់កន្លែងលក់ដូរកន្លែងលម្ហែកម្សាន្តនៅលើផ្ទៃទឹកបាន។ការបង្ហូរកាកសំណល់ចូលទឹកព្រែកបានបំផ្លាញសោភ័ណភាព និងគុណភាពនៃសម្រស់ផូរផង់នៃដងព្រែកដែលធ្លាប់មានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច គមនាគមន៍ និងវិស័យទេសចរណ៍មួយនេះ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថាព្រែកកំពង់បាយជាទ្រព្យសម្បត្តិដ៏សំខាន់របស់អ្នកក្រុងកំពត។បើមានព្រែកដែលជាកំណប់ទ្រព្យមួយដ៏មានតម្លៃ និងល្អស្អាតបែបនេះហើយ បែរជាបណ្តែតបណ្តោយឱ្យមានក្លិនអាក្រក់នោះជារឿងដ៏អាម៉ាស់បំផុត។ ត្រូវបញ្ចៀសឱ្យបាននូវពាក្យនិន្ទាពីភ្ញៀវទេសចរថា ទេសភាពព្រែកកំពង់បាយល្អស្អាតតែ ក្លិនពិបាកទ្រាំ។ ដូច្នេះប្រជាពលរដ្ឋដែលមានលំនៅស្ថានជាប់នឹងមាត់ព្រែកដោយគិតចាប់ពីចំណុចទឹកឈូមកដល់ក្រុងកំពត សូមមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការពារបរិស្ថាននិងថែរក្សាអនាម័យដោយបញ្ឈប់នូវការបង្ហូរកាកសំណល់គ្រប់ប្រភេទចូលក្នុងទឹកព្រែក។ ពិសេសមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពត្រូវធ្វើជាគំរូសម្រាប់ប្រជាពលរដ្ឋចំពោះការងារនេះ៕

នាយករដ្ឋមន្ដ្រីនៃកម្ពុជា សង្ឃឹមថាកាសែតញូវយ៉កថាម នឹងមិនផ្សាយអាក្រក់ពីកម្ពុជា​ ព្រោះសម្ដេចមិនមានពានរង្វាន់ Fake News ជូនដូចប្រធានាធិបតីអាមេរិកទេ

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភ្នាក់ងារកាសែតញូវយ៉កថាមដែលមកកម្ពុជាថា ពេលត្រឡប់ទៅវិញនឹងផ្សាយព័ត៌មានល្អពីកម្ពុជា ពោលគឺមិននិយាយអ្វីអាក្រក់ពីកម្ពុជានោះឡើយ។សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ប្រសិនបើកាសែតញូវយ៉កថាមនិយាយអាក្រក់ ដែលប្រាសចាកពីទិដ្ឋភាពសង្គមបច្ចុប្បន្ននោះ ច្បាស់ជាមើលមុខជាមួយពលរដ្ឋកម្ពុជាមិនត្រង់នោះទេ ហើយមួយវិញទៀត សម្ដេចក៏មិនមានពានរង្វាន់ Fake News ជូនដូចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនោះទេ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សង្ឃឹមថាការសែតញូវយ៉កថាម ត្រឡប់ទៅវិញនឹងមិនចុះផ្សាយអាក្រក់ ហើយបើសិនជាអាក្រក់ អ្នកស្ទឹងត្រង់ អ្នកក្រូចឆ្មា ក៏ដូចជាកម្មករ កម្មការិនី គេនឹងមើលមុខខ្លួនហើយ ព្រោះថ្ងៃណុងថតបានទាំងអស់ពីគេឱប តាំងពីគេថើបគ្រប់សព្វ ប្រហែលជាគាត់ថត បានរូបថតច្រើនណាស់ ប៉ុន្ដែសង្ឃឹមថាយើងសុទ្ធតែជាមនុស្ស យើងមិនមែនជាសត្វទេ ជនជាតិណាក៏ដោយគឺសុទ្ធតែជាមនុស្ស ប្រសិនបើជាមនុស្ស ត្រូវហ៊ាននិយាយការពិត ប្រសិនសត្វបានវាចេះបន្លំ ហើយសង្ឃឹមថានឹងមិនបានទទួលពានរង្វាន់អំពី ព័ត៌មានខុសទេ (Fake News) បើទទួលពីដូណាល់ ត្រាំទទួលចុះ ប៉ុន្ដែទទួលពី ហ៊ុន សែន មិនទទួលទេព្រោះ ហ៊ុន សែន គ្មានពានរង្វាន់បែបនេះទេ»។ការមានប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលគម្រោងសាងសង់ស្ពាន និងផ្លូវនេះ គ្រោងចំណាយថវិកា ជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ។សូមជម្រាបថា កាលពីពេលកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីឈ្មោះជ័យលាភី នៃពានរង្វាន់ព័ត៌មានបោកប្រាស់ ឬ Fake News Awards ឆ្នាំ២០១៧ របស់លោកហើយ ខណៈគេហទំព័រជាច្រើនត្រូវជាប់គាំង ដោយសារតែមានអ្នកចូលមើលច្រើនហួសហេតុពេក។ អ្នកសារព័ត៌មានដែលបានទទួលពានរង្វាន់កិត្តិយសនេះពី លោក ត្រាំ រួមមានមកពីសារព័ត៌មាន New York Times និង CNN ដែលឈរក្នុងចំណាប់ថ្នាក់កំពូលទាំងបី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកទី១៨ ខែមករា ឆ្នាំ២០១៨។យោងតាមគេហទំព័រប្លុកមួយរបស់គេហទំព័រ នៃគណបក្សសាធារណៈរដ្ឋកាលពីថ្ងៃពុធ អ្នកសារព័ត៌មានសេដ្ឋកិច្ច លោក Paul Krugman មកពី New York Times ដែលជាអ្នករិះគន់នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ថា សេដ្ឋកិច្ចអាមេរិកនឹងមិនអាចងើបឡើងវិញឡើយ បើសិនជាលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី បានជាប់ចំណាត់ថ្នាក់លេខមួយ នៃពានរង្វាន់ Fake News Awards នេះ។ចំណែកឯលេខពីរ គឺបានទៅលើអ្នកសារព័ត៌មាន ABC News លោក Brian Ross។ អ្នកសារព័ត៌មានរូបនេះបានរាយការណ៍ជាបន្តបន្ទាប់ ពីរឿងអាស្រូវទំនាក់ទំនងរវាងលោក ត្រាំ និងរុស្ស៊ី ខណៈអ្នកសារព័ត៌មានមកពី CNN ជាប់លេខបី។ ជាងនេះទៅទៀត បើទោះបីជាមិនបានលើកឈ្មោះចំៗ ប៉ុន្តែគេដឹងថា អ្នកសារព័ត៌មាន CNN គឺលោក Manu Raju ជាអ្នកទទួលបានជ័យលាភីនេះ ក្រោយលោករាយការណ៍ថា កូនប្រុសរបស់លោក ត្រាំ គឺលោក Donald Trump Jr. ទទួលបានព័ត៌មានមិនល្អជាច្រើនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន៕

រឿង​ជនជាតិ​ចិន​ខ្លះ​កូរ​នៅ​ព្រះសីហនុ សម្តេច​ក្រឡាហោម​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​នៅថ្ងៃនេះ​

(ភ្នំពេញ)៖ បើមិនមានអ្វីប្រែប្រួលទេ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានក្រសួងសំខាន់ៗមួយចំនួនចូលរួមដើម្បីពិនិត្យវាយតម្លៃលើរបាយការណ៍របស់គណៈកម្មការចម្រុះ ដែលបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាតិចិននៅខេត្តព្រះសីហនុ រួមទាំងភាពមិនប្រក្រតីមួយចំនួនទៀត។កិច្ចប្រជុំអន្តរក្រសួងសំខាន់ៗ ពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ គឺមិនអនុញ្ញាតឲ្យអ្នកកាសែតចូលស្តាប់នោះទេ។ សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារថា ខេត្តព្រះសីហនុ ក៏ជាគោលដៅមួយដែលសម្តេចបានស្នើទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ដោយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពរួចហើយ នៅថ្ងៃទី៩ ខែកុម្ភៈ បើគ្មានអ្វីប្រែប្រួលទេ សម្តេចនឹងដឹកនាំប្រជុំមួយទាក់ទងនឹងរឿងខេត្តព្រះសីហនុនេះ ព្រោះការអភិវឌ្ឍវាលឿន។ បើវាលឿន វាមិនមែនមានតែមុខល្អទេ វាមានមុខមិនល្អដែរ។ វាមិនមែនមានមុខសកម្មទេ វាមានមុខអសកម្មដែរ។ សម្តេចក្រឡាហោមបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខេត្តព្រះសីហនុនេះ ក៏ជាគោលដៅមួយដែលខ្ញុំបានស្នើទៅសម្តេចនាយករដ្ឋមន្ត្រីរួចហើយ លោកឯកភាពហើយ ថ្ងៃទី៩ កុម្ភៈ នេះ បើគ្មានអ្វីប្រែប្រួលទេ ខ្ញុំនឹងធ្វើការប្រជុំមួយ ទាក់ទងនឹងរឿងខេត្តព្រះសីហនុនេះព្រោះការអភិវឌ្ឍវាលឿន។ បើវាលឿន មិនមែនមានតែមុខល្អទេ វាមានមុខមិនល្អដែរ។ វាមិនមែនមានមុខសកម្មទេ វាមានមុខអសកម្មដែរ អីចឹងយើងខំរុញនៅពេលវាសកម្ម។ ដោះស្រាយអ្វីដែលជាអសកម្ម នឹងប្រជុំអន្តរក្រសួងមួយ ដែលមានក្រសួងសំខាន់ៗពាក់ព័ន្ធមួយចំនួនចូលរួម។ក្នុងនោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាមួយ ដែលខ្ញុំបានបញ្ជាទៅ ម៉ក់ ជីតូ ផង ហើយទៅខេត្តព្រះសីហនុនេះផង សៀមរាបមួយទៀត ហើយខេត្តមួយចំនួនទៀត ក៏ដូចគ្នាដែរ”។ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងដឹកនាំកិច្ចប្រជុំវាយតម្លៃលើរបាយការណ៍របស់គណៈកម្មការចម្រុះដែលបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ជនជាតិចិន ដែលរស់នៅក្នុងខេត្តព្រះសីហនុ។ អ្នកនាំពាក្យអគ្គស្នងការនគរបបាលជាតិបានបញ្ជាក់ថា កំណើនជនបរទេសនៅក្នុងខេត្តព្រះសីហនុកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងកើតមានបាតុភាពជាច្រើន ដូចជា ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្ដិសុខ និងចាប់ជម្រិតអ្នកវិនិយោគជាដើម។ ដោយសារតែបញ្ហានេះ ទើបបានជាក្រសួងមហាផ្ទៃ រៀបចំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យស្ថានភាពជនជាតិនៅក្នុងខេត្តព្រះសីហនុ ហើយកិច្ចប្រជុំពិនិត្យវាយតម្លៃ រៀបចំនីតិវិធីគ្រប់គ្រង ដើម្បីជីវភាពប្រជាពលរដ្ឋ និងបញ្ហាសន្តិសុខនៅខេត្តព្រះសីហនុ៕

ទំនិញ​សំខាន់ៗ​នៅ​ទីផ្សារ​ចាប់ផ្តើម​ប្រែប្រួល​តម្លៃ​ហើយ គ្រា​ដែល​បុណ្យ​សែន​ចិន​-​វៀតណាម​ខិតចូល​មកដល់​

(ភ្នំពេញ) : ខណៈដែលថ្ងៃសែនបុណ្យចូលឆ្នាំចិន-វៀតណាមនឹងខិតចូលមកដល់នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ អ្នកយកព័ត៌មានរស្មីកម្ពុជាបានចុះនិងសម្ភាសន៍ផ្ទាល់ជាមួយអាជីករលក់ដូរ និងអ្នកទិញទំនិញ នៅក្នុងផ្សារធំថ្មីអំពីតម្លៃទំនិញសំខាន់ៗនៅលើទីផ្សារ ដូចជា៖ ត្រី សាច់ បន្លែ និងផ្លែឈើជាដើម ហើយឃើញថាតំលៃបានចាប់ផ្តើមប្រែប្រួលខ្លះៗហើយ។ អ្នកស្រី ណាវី ដែលជាអាជីករលក់បន្លែគ្រប់មុខ២០ឆ្នាំមកហើយ បានឲ្យដឹងថា បន្លែដែលដាក់លក់ សព្វថ្ងៃនេះ មានមួយចំនួនឡើងថ្លៃបណ្តើរៗហើយប៉ុន្តែតម្លៃប្រែប្រួលនេះគឺអាចទទួលបាន ទាំងការទិញនិងយកមកលក់បន្ត និងទាំងការទទួលយកពីអ្នកទិញយកទៅធ្វើម្ហូបអាហារទទួលទាន។ អ្នកស្រីឲ្យដឹងទៀតថា បន្លែដែលឡើងថ្លៃគឺផ្លែការ៉ុតនិងឆៃថាវតម្លៃ៣.៥០០រៀល ឡើងដល់៤.០០០រៀលក្នុងមួយគីឡូក្រាម និងស្ពៃ បូកគោអាចនឹងឡើងដល់៤.៥០០រៀល ក្នុងមួយគីឡូម៉ែត្រ ខណៈបច្ចុប្បន្នតម្លៃត្រឹមតែ៣.៥០០រៀលប៉ុណ្ណោះ ។ ជាមួយគ្នានេះ អាជីករលក់សាច់ជ្រូកអ្នកស្រីលីហៀង បានបញ្ជាក់ថា ចំពោះតម្លៃសាច់ជ្រូកគឺនៅរក្សា តម្លៃជាដដែល ក្នុងនោះសាច់ជ្រូកសាច់សុទ្ធមួយគីឡូក្រាមថ្លៃ១៨.០០០រៀល សាច់បីជាន់១៥.០០០រៀល និងឆ្អឹងជំនីជ្រូកថ្លៃ០២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ លោកស្រីបន្តថា តម្លៃសាច់ជ្រូកនេះ ជារៀងឆ្នាំនិងគ្រប់រដូវបុណ្យទាននានា គឺមិនដែលឡើងថ្លៃនោះទេ ហើយការដាក់លក់សាច់ជ្រូកលើទីផ្សារគឺនាំចូលពីស្រុក គៀនស្វាយ ខេត្តកណ្តាល។ អាជីករលក់ផ្លែឈើឯណោះវិញ អ្នកនាង អាលី បានបកស្រាយតម្លៃឡើងថ្លៃជាហូហែរផ្លែឈើថា ការឡើងថ្លៃទំនិញមិនមែនចេះតែឡើងទេ ហើយក៏មិនមែនគ្រប់មុខដែរ ដោយសារតែការទទួលទិញមក លក់បន្តពីអ្នកចែកចាយរបស់ក្នុងនិងក្រៅស្រុកគេជាអ្នកឡើងថ្លៃ ហើយចំពោះតម្លៃឡើងវិញប្រមាណតែ៥.០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាមនៃមុខប្រភេទផ្លែឈើ។ អ្នកលើកឡើងថា គិតត្រឹមពេលនេះតម្លៃ ជាមធ្យមទៅតាមប្រភេទផ្លែឈើ ក្នុងនោះផ្លែប៉ោមថ្លៃជាង០១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ផ្លែក្រូចខ្វិចថ្លៃជិត ០២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងផ្លែមៀនខ្មែរតម្លៃជាង០៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ពាក់ព័ន្ធនឹងតម្លៃមានការប្រែប្រួល ឬឡើងថ្លៃនេះ ពលរដ្ឋម្នាក់មានឈ្មោះ គន្ធី បានយល់ឃើញថា បញ្ហានេះក្លាយជាទម្លាប់ទៅហើយនិងយូរឆ្នាំទៀតផង ព្រោះថាឲ្យតែរាល់រដូវសែន និងបុណ្យធំនានា តម្រូវការគឺមានច្រើន។ ចំណែកតម្លៃទំនិញដែលឡើងថ្លៃនេះនៅតែអាចទទួលយកបាន ប៉ុន្តែក្នុងចំនួនលើស ប្រមាណជា២.០០០ពាន់រៀល ទៅ៣.០០០រៀល បើលើសពីនេះទៀតប្រហែលជាពិបាកនឹងទទួលយក ព្រោះការចំណាយរបស់អ្នកទិញក្នុងនាមជាអ្នករកស៊ីក្តី ជាអ្នកធ្វើការក្តី គឺសុទ្ធតែមានកំណត់។ អ្នកនាង គន្ធី បានសំណូមពរផងដែរទៅដល់អ្នកលក់ដូរទាំងអស់ថា បើសិនជាការឡើងថ្លៃគឺសុំឲ្យ សមរម្យ មិនមែនឡើងគំហុកពេកនោះអ្នកទិញក៏ពិបាកទទួលយកដែរ ពីព្រោះអ្នកដើរផ្សារ ពិសេសស្ត្រីមេផ្ទះ ដែលដើរផ្សាររាល់ថ្ងៃក៏ជ្រាបណាស់ដែរពីតម្លៃទំនិញ ហើយក៏ស្គាល់កន្លែងណាលក់ថ្លៃ និងកន្លែងណាដែលលក់ធូរថ្លៃ។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពទំនិញក្នុងផ្សារធំថ្មីប្រចាំថ្ងៃទី៧ ខែកុម្ភៈ បានបង្ហាញថា តម្លៃ សាច់ជ្រូកសាច់សុទ្ធក្នុងគីឡូក្រាមថ្លៃ២២.០០០រៀល មាន់រស់ មាន់ស្រែថ្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ពងទា១០គ្រាប់ថ្លៃ៥.៥០០រៀល និងអង្ករផ្លាម្លិះខ្មែរថ្លៃ៣.២០០រៀល ក្នុងគីឡូក្រាម។ល៕

​ថ្នាក់ដឹកនាំ​ស្រុក​ឃុំ​ត្រូវ​បញ្ចៀស​ឱ្យបាន​នូវ​ភាព​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​

(កំពត)៖ក្នុងនាមជាអ្នកដឹកនាំនៃអាជ្ញាធរស្រុកនិងមូលដ្ឋានដាច់ខាតត្រូវបញ្ចៀសឱ្យបាននូវភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋលើកិច្ចការងាររបស់ខ្លួន ពិសេសចំពោះការផ្តល់សេវាសាធារណៈ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនៅស្រុកជុំគិរីកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុក លោក ជាវ តាយ អភិបាលខេត្តកំពតបាន មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក៏ដូចជាអស់លោក លោកស្រីជាមេឃុំត្រូវបម្រើប្រជាពលរដ្ឋដោយសុទ្ធចិត្តគឺបញ្ចៀសឱ្យបានដាច់ខាតនូវភាពថ្នាំងថ្នាក់ពីអារម្មណ៍ប្រជាពលរដ្ឋចំពោះសកម្មភាពដឹកនាំរបស់ខ្លួន ពិសេសលើការងារផ្តល់សេវាសាធារណៈ។ រាល់បាតុភាពអវិជ្ជមានទាំងឡាយ ត្រូវយកចិត្តទុកដាក់កាត់បន្ថយពីច្រើនមកតិច និងពីតិចរហូតដល់គ្មាន។ បញ្ហាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋគឺការងារអត្តសញ្ញាណកម្ម។ លោក អភិបាល ខេត្តបានបន្តថា ក្នុងករណីការផ្តល់ប័ណ្ណគ្រួសារ លិខិតកំណើត ឬអត្តសញ្ញាណប័ណ្ណខុសភេទ អាយុ ឬទីលំនៅដោយប្រជាពលរដ្ឋសុំឱ្យកែឡើងវិញ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុកប្រញាប់ប្រញាល់គិតគូរ ហើយបើក្នុងចំនួនច្រើនត្រូវធ្វើជាកញ្ចប់បញ្ជូនមកអាជ្ញាធរខេត្តដើម្បីដាក់ឆ្លងចូលអគ្គអត្តសញ្ញាណកម្មក្នុងការឈានដល់កែតម្រូវជូនពួកគាត់។ នេះជារឿងសំខាន់ព្រោះពលរដ្ឋតែងត្រូវការប្រើប្រាស់ជាចាំបាច់។ ប៉ុន្តែបើមានការស្នើសុំប្តូរឈ្មោះ ឬអាយុរបស់សាមីខ្លួននោះត្រូវដាក់ចូលស្ថាប័នតុលាការទើបមានសិទ្ធិក្នុងការសម្រេចបាន។បញ្ហាទាំងនេះតម្រូវឱ្យថា្នក់ដឹកនាំ ឬមន្ត្រីមូលដ្ឋានពន្យល់ណែនាំប្រជាពលរដ្ឋពីផ្លូវច្បាប់ដើម្បីពួកគាត់បានជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាព។ លោក ជាវ តាយ បានមានប្រសាសន៍បន្ត ទៀតថាដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំទាំងសមត្ថកិច្ចនៃអាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជាចម្បង។ យ៉ាងណាមិញថ្នាក់ដឹកនាំអាជា្ញធរមូលដ្ឋានក៏មិនត្រូវភ្លេចនូវការជំរុញលើកទឹកចិត្តប្រជាពលរដ្ឋសម្រាប់ការងារបង្កបង្កើនផលទាំងស្រូវវស្សាស្រូវប្រាំងនិងដំណាំបន្លែផ្សេងៗហើយអាជ្ញាធរខេត្តនឹងខិតខំរកទីផ្សារកសិផលជូនបងប្អូនប្រជាកសិករស្របតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អតីត​អ្នកអាន​ព័ត៌មាន​អន្តរជាតិ​ដ៏​ល្បី​របស់ ទ​ទក លោកស្រី រស់ សោ​ភ​នី ទទួលមរណភាព​

រាជធានីភ្នំពេញ ៖ លោកស្រី រស់ សោភនី អតីតមន្ត្រីទូរទស្សន៍ជាតិកម្ពុជា និងជាអតីតអ្នកអានព័ត៌មានអន្តរជាតិរបស់ទូរទស្សន៍ជាតិកម្ពុជា បានទទួលមរណភាព នៅប្រទេសបារាំង នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញនេះ វេលាម៉ោង ៥ និង២០នាទីទៀបភ្លឺ ម៉ោងនៅប្រទេសបារាំង ត្រូវម៉ោង១១ និង២០នាទីថ្ងៃត្រង់ ម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។ លោកស្រី រស់ សោភនី បានចូលនិវត្តន៍ពីក្រសួងព័ត៌មាន រយៈពេល ២ឆ្នាំ មកហើយ។ មុនចូលនិវត្តន៍ លោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋាន និងជាអ្នកគ្រប់គ្រងព័ត៌មានអន្តរជាតិ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា៕

សំណុំរឿង​លោក អ៊ុំ សំអាន តុលាការ​កំពូល​បើកសវនាកា​រ​នៅ​ថ្ងៃទី​០៩​កុម្ភៈ

រាជធានីភ្នំពេញ ៖ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើសំណុំរឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ។ នេះយោងតាមដីការបស់តុលាការកំពូលដែលទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ។ សវនាការនេះដឹកនាំដោយលោកឃឹម ប៊ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ។ គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យជា ប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស ៕

ចៅក្រម​ស៊ើបសួរ​បន្ត​សួរចម្លើយ​លោក ញឹក ប៊ុនឆៃ ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អតីត ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ និងជាអតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានអនុរក្សពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី បញ្ជូនមកតុលាការដើម្បីសាកសួរបន្ថែមពាក់ព័ន្ធបទល្មើសគ្រឿងញៀនដ៏ធំនៅខេត្តកំពង់ស្ពឺ។ នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោកបញ្ជាក់ថា ខណៈនេះជនត្រូវចោទ ញឹក ប៊ុនឆៃ កំពុងស្ថិតក្រោមការសាកសួររបស់លោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕