បណ្តាញសង្គម

ឆេះចំការអំពៅក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀល ឌីវេឡុបមេនខូអិលធីឌី១៣ហិកតាកន្លះនៅស្រុកស្វាយទាបសង្ស័យគេលួចដុត

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់អំពៅស្កររបស់ក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀលឌីវេឡុបមេនខូអិលធីឌី១៣ហិកតាកន្លះត្រូវបានភ្លើងឆេះខ្លោចសង្ស័យថា មានអ្នកលួចដុត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរតាមោ ឃុំមនោរម្យ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ បើយោងតាមលោក កុយ សារ៉េន ម្ចាស់ក្រុមហ៊ុនដាំអំពៅស្ករបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើក្រោយពីបានទទួលបានព័ត៌មានថា មានឆេះចំការអំពៅស្កររបស់ក្រុមហ៊ុនអ៊ិសធើនរ៉ាយ៍ហ្វៀលឌីវេឡុបមេនខូអិលធីឌីដោយមិនដឹងមូលហេតុនោះ លោកក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានចុះមកជួយពន្លត់ជាមួយអ្នកយាមចំការ និងគ្រឿងចក្ររបស់ក្រុមហ៊ុនជួយបាញ់ទឹកពន្លត់ភ្លើងឆេះចំការអំពៅស្ករកុំឲ្យមានឆេះរៀលដាលនៅចំការផ្សេងៗទៀតដោយប្រើពេល៣ម៉ោងទើបរលត់ទាំងស្រុង។ ប្រភពបានបន្តទៀតថា ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដថាជាករណីមានលួចដុតឬក៏អាចឆេះបណ្តាលពីគ្រោះធម្មជាតិ។ ហើយលោក កុយ សារ៉េន កន្លងមកបានធ្វើការអំពាវនាវដល់ពលរដ្ឋដែលជាអ្នកស្រុកកុំប្រលែងក្របីគោចូលស៊ីបំផ្លាញដំណាំរបស់ក្រុមហ៊ុនទៀត ព្រោះក្រុមហ៊ុនព្រួយបារម្ភអំពៅធ្លាក់ថ្លៃផង ហើយត្រូវមានអ្នកលួចដុតទៀតដែលឲ្យមានការព្រួយបារម្ភអំពីការខាតធន ខណៈតម្លៃអំពៅស្ករធ្លាក់ចុះដោយទីផ្សារអាស៊ានមានការធ្លាក់ចុះនូវតម្លៃស្ករសធ្វើឲ្យវៀតណាមបញ្ចុះតម្លៃអំពៅស្ករដែរដោយទិញអំពៅធ្លាក់ថ្លៃជិតពាក់កណ្តាល។ ទន្ទឹមក្នុងនោះនាពេលកន្លងមកប្រជាពលរដ្ឋបានប្រលែងក្របីគោឲ្យចូលស៊ីអំពៅអស់ជាច្រើនកន្លែងបណ្តាលឲ្យខូចគុណភាពស្ករអស់ជាច្រើនទៀត។ លោក កុយ សារ៉េន ប្រធានក្រុមហ៊ុនប្រាប់ឲ្យដឹងបន្ថែមថា ដោយប្រជាពលរដ្ឋបានយកក្របីគោទៅឃ្វាលក្បែរចំការអំពៅ ហើយបណ្តោយឲ្យក្របីគោចូលស៊ីអំពៅ ចុងអំពៅ (អ្នកខ្លះចូលលួចកាប់ស្លឹកអំពៅយកឲ្យក្របីគោស៊ីទៀត) បណ្តាលឲ្យខូចអំពៅ និងធ្លាក់គុណភាពអំពៅទៀតផង។ លោក កុយ សារ៉េន ធ្លាប់បានសុំសំណូមពរដល់អាជ្ញាធរមេត្តាជួយអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យលែងក្របីគោចូលស៊ីបំផ្លេចបំផ្លាញអំពៅ និងលួចកាប់ចុងអំពៅបន្តទៀត ជាក់ស្តែងដូចថ្ងៃនេះអំពៅស្ករឆេះអស់ជាង១៣ហិកតាកន្លះធ្វើឲ្យខាតបង់ជាច្រើនណាមួយជិតដល់រដូវប្រមូលផលអំពៅស្ករផង៕