បណ្តាញសង្គម

ទេព បូ​ព្រឹក្ស ត្រូវគេ​គប់​កំប៉ុង​ស្រា​បៀ​ដាក់ ពេល​កំពុង​ច្រៀង នៅ​ភោជនីយដ្ឋាន​សមុទ្រ​

កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀង ដ៏ល្បីម្នាក់ របស់អតីតផលិកកម្ម រស្មីហង្សមាស បានស្រែកយំ និងរៀបរាប់ពីសេចក្តីឈឺចាប់ យ៉ាងខ្លាំង ក្រោយពេលនាង កំពុងតែច្រៀងសុខៗ ស្រាប់តែយុវជនម្នាក់ ទំនងជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរ គប់លើកញ្ញា ដែលធ្វើឲ្យនាងខ្មាស់គេ និងឈឺចាប់យ៉ាងខ្លាំង ។ ហេតុការណ៍ បង្កឱ្យមានការភ្ញាក់ផ្អើល ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភោជនីយដ្ឋាន (សមុទ្រ) ក្បែរមន្ទីរពេទ្យកុមារជាតិ នៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។យោងតាមការរៀបរាប់ របស់កញ្ញា ទេព បូព្រឹក្ស ទាំងក្ដីឈឺចាប់ បានឲ្យដឹងថា កញ្ញា បានមកភោជនីយដ្ឋានខាងលើ គឺត្រៀមច្រៀង ៦ បទ រួចទៅច្រៀង មួយកន្លែងទៀត តែពេលកញ្ញា មកដល់ម៉ោង ៩ និង៥០នាទី ដោយកញ្ញា ត្រូវច្រៀង គឺម៉ោង ១០ តែម្ចាស់ហាងទំនង ខឹងមិននិយាយអី ។ ខណៈនៅពេលកើតហេតុ គឺពេលដែលកញ្ញា កំពុងតែច្រៀង ស្រាប់តែមានយុវជនម្នាក់ ដោយសង្ស័យ ជាកូនម្ចាស់ហាង ឬជាសាច់ញាតិម្ចាស់ហាង បានយកកំប៉ុងស្រាបៀរ គប់ដាក់រូបនាងតែម្តង និងធ្វើឲ្យកញ្ញា ខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត រួចហើយយុវជន និងបក្ខពួក ពេលដែលគប់ហើយ ក៏បានគេចខ្លួនបាត់ ពីហាងអស់ ។ជាមួយគ្នានោះ លោក ឌីជេ (DJ) ដេវីត ដែលជាគូស្នេហ៍ របស់កញ្ញា ទេព បូព្រឹក្ស និងជាតារាចម្រៀង រេប ប្រចាំផលិតកម្ម រស្មីហង្សមាស បានប្រាប់ អ្នកសារព័ត៌មានថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ ជាមួយជនបង្កនោះទេ ហើយលោក DJ ដេវីត បានស្នើសុំឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌ និងស្នើឲ្យជនបង្កហេតុ ចូលខ្លួនដោះស្រាយ ឲ្យឆាប់បំផុត និងតាមសន្តិវិធី ។ ចំពោះករណីដ៏ភ្ញាក់ផ្អើល ខាងលើនេះ ភាគីបង្ក បានគេចខ្លួនបាត់ស្រមោល ដោយមិនអាចដោះស្រាយគ្នា នៅកន្លែងកើតហេតុ បាននោះទេ ។ បន្ទាប់មក កញ្ញា ទេព បូព្រឹក្ស ត្រូវបានលោក DJ ដេវីត យករថយន្តស៊េរីទំនើប មកដឹកចេញ ពីកន្លែងហេតុផងដែរ៕