បណ្តាញសង្គម

ម៉េ​ស៊ុត អូ​ហ្ស៊ី​ល ចាប់ផ្តើម​ពិចារណា​ពី​អនាគត បន្ទាប់ពី​គ្មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម ជម្រើស​របស់លោក អេ​មឺ​រី​

ណៈពេល ម៉េស៊ុត អូហ្ស៊ីល (Mesut Ozil) ឈរនិងសម្លឹងមើលទីលានប្រកួត នៅពហុកីឡាដ្ឋាន Emirates Stadium មុនពេលចាប់ផ្តើមការប្រកួតហើយពាក់មួក ដើម្បីលាក់មុន ប៉ុន្តែគេអាចនឹងស្រមៃថា តើកីឡាកររូបនេះកំពុងគិតអ្វីក្នុងចិត្ត។ ដោយត្រូវបានទម្លាក់ចេញទាំងស្រុងពីក្រុមជម្រើសរបស់លោក អ៊ូណៃ អេមឺរី (Unai Emery) ដោយសំអាងលើហេតុផលយុទ្ធសាស្ត្រប្រកួតជើងឯកវើលខាប់អាល្លឺម៉ង់ រូបនេះប្រហែលជាចាប់ផ្តើមគិតថា តើអាកាសធាតុយ៉ាងម៉េចវិញនៅទីក្រុងមីលែន ចាប់ពីខែមករានេះទៅ។ ក្រុម Inter Milan នៅក្របខណ្ឌ Serie A ស្ថិតនៅក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍ លើកីឡាករ អូហ្ស៊ីល។ ស្របពេលគ្រូបង្វឹកមិនដាក់ឲ្យ អូហ្ស៊ីល លេង ហើយលោក អេមឺរី បានព្រលយពាក្យថា លោកត្រៀមអនុញ្ញាតឲ្យកីឡាករវ័យ៣០ឆ្នាំរូបនេះចាកចេញ។ នេះគឺជាការប្រកួតដ៏សំខាន់ ជាការប្រកួតនៅវគ្គ៨ក្រុមចុងក្រោយក្របខណ្ឌ Carabao Cup និងជាឱកាសបញ្ចប់ភាពក្រអឺតក្រទមរបស់គូប្រកួត ប៉ុន្តែគ្រូបង្វឹករបស់ Arsenal រូបនេះ មានអារម្មណ៍ថា លោកមិនត្រូវការកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរូបនេះទេ។ អូហ្ស៊ីល ចាប់ផ្តើមមានបញ្ហាជាមួយក្រុមជម្រើសរបស់ Arsenal ហើយកីឡាកររូបនេះបាន បន្តកិច្ចសន្យាមុនពេលគ្រូបង្វឹកថ្មីមកដល់ ។ ប៉ុន្តែអ្វីៗដែលកើតឡើងថ្មីៗនេះ បង្ហាញថា អូហ្ស៊ីល មិនមែនជាកីឡាករដែលលោក អេមឺរី ត្រូវការនោះទេ៕

 

 

ជែ​មី កា​រ៉ា​ហ្គ័​រ ៖ ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គួរ​មាន​វិធានការ​ចំពោះ ផូ​ល ប៉ុក​បា​

ជែមី ការ៉ាហ្គ័រ (Jamie Carragher) និយាយថា ម៉េនឆេស្ទ័រ យូណាយធីតគួរលក់កីឡាករ ផូល ប៉ុកបា (Paul Pogba) ដោយអះអាងថា បុគ្គលិកលក្ខណៈច្រងេងច្រងាងរបស់ កីឡាកររូបនេះ គ្មានប្រយោជន៍អ្វីសម្រាប់ក្លឹបនៅក្របខណ្ឌព្រីមីញ៉េលីកនេះទេ។ ខ្សែបម្រើតម្លៃ៨៩លានផោនរូបនេះរង់ការរិះគន់កាលពីថ្ងៃអង្គារ បន្ទាប់ពីការបង្ហោះរូបភាព ដ៏ចម្រូងចម្រាសនៅលើបណ្តាញសង្គម។ រូបភាពរបស់ ប៉ុកបាបង្ហាញស្នាមញញឹម និងសរសេរចំណងជើងរូបផងដែរ។ ហ្គែរី ណេវីល (Gary Neville) បានរិះគន់ខ្សែបម្រើរូបនេះ ចំពោះការបង្ហោះរូបភាព បែបនេះ។ មិនថា វាជារឿងចៃដន្យឬយ៉ាងណាទេ ការ៉ាហ្គ័រ ជឿថា រូបភាពរបស់ ប៉ុកបា បានបង្ហាញភាពបែកបាក់រវាងកីឡាករនិងអ្នកចាត់ការនៅយូណាយធីត។ ការ៉ាហ្គ័រ បាននិយាយថា “ច្បាស់ណាស់ ប៉ុកបា គឺជានិមិត្តរូបនៃរឿងនេះក្នុងក្រុមរបស់ យូណាយធីត។ មិនថា វាគឺជារឿងចៃដន្យឬមានចេតនានោះទេ នេះគឺជាសញ្ញានៃការ បែកបាក់រវាងអ្នកចាត់ការនិងកីឡាករ។ ក្លឹបគួរតែមានវិធានការតឹងរឹងចំពោះឥរិយាបថរបស់ ប៉ុកបា ហើយគួរតែលក់កីឡាកររូបនេះចេញប្រសិនបើទទួលបានតម្លៃសមស្រប”។ ការ៉ាហ្គ័រ បានបន្តថា “ប៉ុកបា ប្រហែលជាកីឡាករកំពូល ប៉ុន្តែកីឡាកររូបនេះ មិនដែលបាន បង្ហាញកម្រិតកំពូលរបស់ខ្លួននៅអង់គ្លេសទេ ហើយមានក្លឹបជាច្រើនដែលធ្វើបានល្អ ដោយគ្មានវត្តមានរបស់កីឡាកររូបនេះ”។ អូឡេ ហ្គុនណា សូលស្យែរ (Ole Gunnar Solskjaer) បានចូលជំនួសលោក ម៉ូរីញ៉ូ ក្នុងឋានៈជាគ្រូបង្វឹកបណ្តោះអាសន្ន ហើយលោកគឺជាអ្នកគាំទ្រ ផូល ប៉ុកបា៕

ឆេ​ល​ស៊ី​នឹង​ដាក់សំណើ​៧០​លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ អ៊ី​ស្កូ របស់​ក្លិប រៀល ម៉ា​ឌ្រី​ត​

ក្លិបឆេលស៊ីបានបោះជំហានទៅមុខ ដើម្បីយកឈ្នះក្លិប អាសេណល(Arsenal) និងក្លិប ម៉េនឆេស្ទ័រ ស៊ីធី(Manchester City) ក្នុងការប្រជែងយកកីឡាករឆ្នើម អ៊ីស្កូ (Isco) របស់ រៀល ម៉ាឌ្រីត(Real Madrid )អំឡុងរដូវកាលទិញដូរខែមករាខាងមុខនេះ។ ក្លិបឆេលស៊ីគ្រោងនឹងដាក់សំណើ៧០លានផោននៅថ្ងៃពុធ ដោយសង្ឃឹមថា ពួកគេអាចនឹង សម្រេចកិច្ចព្រមព្រៀងផ្ទេរដែលមានប្រាក់ឈ្នួល២៥០.០០០ផោនក្នុងមួយសប្តាហ៍នាពេលឆាប់ៗនេះ។ កិច្ចសន្យារយៈពេលបួនឆ្នាំកន្លះនឹងរួមបញ្ចូលតម្លៃផ្ទេរដ៏ច្រើនសន្ធឹកសន្ធាប់ជាផ្នែកនៃកញ្ចប់ ទឹកប្រាក់ទាំងមូល។ តាមព័ត៌មានថា កីឡាករអេស្ប៉ាញរូបនេះត្រៀមខ្លួនផ្ទេរមកកាន់ពហុកីឡាដ្ឋាន Stamford Bridge ស្របពេលក្លិប អាសេណល ពន្យារពេលដាក់សំណើ ហើយម៉េនឆេស្ទ័រ ស៊ីធីចង់រង់ចាំរហូតដល់ដំណាច់រដូវកាលនេះ។ លោក ម៉ូរីស៊ីយ៉ូ សារី (Maurizio Sarri) គឺជាអ្នកគាំទ្ររបស់ អ៊ីស្កូ ហើយលោកចង់ដាក់ឲ្យ កីឡាកររូបនេះលេងជាដៃគូជាមួយ អេឌិន ហាហ្សាដ (Eden Hazard) ។ វាក្លាយជារដូវកាលដ៏លំបាកសម្រាប់ អ៊ីស្កូ ដែលលែងក្លាយជាកីឡាករក្នុងក្រុមជម្រើស ១១នាក់ដំបូង ចាប់តាំងពីក្លឹបតែងតាំងលោក សានទីយ៉ាហ្គោ សូឡារី (Santiago Solari) ។ កីឡាករវ័យ២៦ឆ្នាំរូបនេះមិនទាន់បានបង្ហាញមុខនៅឡើយទេក្នុងចំណោម៦ប្រកួតនៅក្របខណ្ឌ La Liga ចាប់តាំងពីលោក សូឡារី ចូលជំនួសលោក ជូលៀន ឡូប៉េតេហ្គី (Julen Lopetegui) កាលពីដំណាច់ខែតុលា៕

ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប ហ្គា​ឡាក់​ស៊ី​រហូតដល់​ចប់​ឆ្នាំ​២០១៩

ក្លិប ឡា ហ្គាឡាក់ស៊ី(LA Galaxy) បានប្រកាសថា ខ្លួនបានបន្តកិច្ចសន្យាថ្មី ជាមួយកីឡាករជើងចាស់ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីច (Zlatan Ibrahimovic) ដែលធ្វើឲ្យកីឡាករស៊ុយអែតរូបនេះវិលត្រឡប់ទៅកាន់ទីក្រុងឡូសអែនជើឡេស រហូតដល់ចប់រដូវកាលឆ្នាំ២០១៩។ កីឡាករវ័យ៣៧ឆ្នាំរូបនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់តំបន់អឺរ៉ុបវិញ ដើម្បីចូលរួមជាមួយអតីតក្លិប អាសេ មីលេន(AC Milan) ប៉ុន្តែនៅពេលនេះបានបញ្ចប់ ការប៉ាន់ប្រមាណអំពីអនាគតដោយយល់ព្រមចុះកិច្ចព្រមព្រៀងថ្មី។ ស្លាតាន់ បាននិយាយថា “មានការជជែកនិងពាក្យចរចាអារ៉ាមច្រើនជុំវិញការចាកចេញ របស់ខ្ញុំ។ ខ្ញុំនៅទីនេះដូចដែលខ្ញុំនិយាយចឹង។ ខ្ញុំមិនទាន់បញ្ចប់ការងារនៅក្របខណ្ឌ MLS ទេ។ ខ្ញុំចាប់ផ្តើមបានល្អ។ ខ្ញុំធ្វើបានល្អ ប៉ុន្តែនៅតែពេញចិត្តនឹងលទ្ធផលនេះ”។ ស្លាតាន់ បន្តថា “ខ្ញុំមានរឿងជាច្រើនដែលត្រូវធ្វើ។ ខ្ញុំមើលឃើញឆ្នាំដំបូងរបស់ខ្ញុំគ្រាន់តែជាឆ្នាំ កម្តៅសាច់ដុំ ហើយរដូវកាលទី២នឹងមានអ្វីប្លែកពីនេះ ហើយរឹតតែខុសប្លែកពីមុន ពីព្រោះ នៅពេលនេះ ខ្ញុំស្គាល់បាល់ទាត់ក្នុងលីកនេះ ហើយខ្ញុំស្គាល់ពីគូប្រកួត”។ លោក ឌែននីស ក្លូសេ (Dennis Kloese) អ្នកចាត់ការក្លិប LA Galaxy បានបង្ហាញការរីករាយក្នុងការរក្សាទុកកីឡាកររូបនេះ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបនេះ។ លោកបាននិយាយថា ”យើងរីករាយនឹងចុះកិច្ចសន្យាថ្មីជាមួយ ស្លាតាន់ ហើយគាត់នឹងបន្តលេងរហូតដល់ចប់រដូវកាលឆ្នាំ២០១៩។ អ៊ីប្រាហ៊ីម៉ូវីច រកបាន២២គ្រាប់ក្នុងការបង្ហាញមុខ ២៧លើកនៅក្របខណ្ឌ MLS សម្រាប់ក្លឹប Galaxy បន្ទាប់ពីចាកចេញពីក្លិបម៉េនឆេស្ទ័រ យូណាយធីត៕

​ភ្នំពេញក្រោនព្រមាន​ដកខ្លួន​ចេញពីការ​ប្រកួត​លីគកំពូលកម្ពុជា ​បើ​មិនមាន​ការដោះស្រាយ​ឱ្យបាន​សមស្រប

បាល់ទាត់ ៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះ ក្លឹបភ្នំពេញក្រោន បានព្រមានថា ក្លឹបនឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងដកខ្លួនចេញពីការប្រកួតលីគកម្ពុជា ប្រសិនបើមិនមានការដោះស្រាយឱ្យបានសមស្របលើបញ្ហានៃការចាកចេញរបស់កីឡាករថ្នាលរបស់ខ្លួន ទៅកាន់ក្លឹបដទៃ ដោយគ្មានសំណងទេនោះ។

ការព្រមាននេះធ្វើឡើងក្រោយពេលដែលក្លឹបវិសាខា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបង្ហាញសមាសភាពកីឡាករចំណូលថ្មីចំនួន១២រូបជាផ្លូវការ ដើម្បីត្រៀមយុទ្ធនាការប្រកួតក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងពានសម្តេច ហ៊ុន សែន នៅឆ្នាំ២០១៩។ ក្នុងចំណោមកីឡាករទាំង១២រូប ក្នុងនោះ មាន៥រូប មកពីភ្នំពេញក្រោន រួមមាន ៖ ស៊ិន កក្កដា, អ៊ិន សូដាវីត, អ៊ុក សុវណ្ណ, គឹម ឆាយ៉ា និង កែន ច័ន្ទសុភ័ក្រ្ត។

សេចក្តីថ្លែងការណ៍របស់ភ្នំពេញក្រោន បានរៀបរាប់ថា កីឡាករទាំង៥រូបនេះ ធ្លាប់ទទួលបានការបណ្តុះបណ្តាលអស់រយៈពេលច្រើនជាង ៥ឆ្នាំមកហើយក្នុងក្រុមថ្នាលយុវជន ដោយទទួលបានទាំងការបង់ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរំហ្វឹកហាត់នានា ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗ រួមទាំងសេវាសុខភាពផងដែរ។ ពួកគេទាំង ៥នាក់បានចូលហ្វឹកហាត់នៅសាលាបណ្តុះបណ្តាលបាល់ទាត់ភ្នំពេញក្រោន កាលពីឆ្នាំ២០១១ និងឆ្នាំ២០១៣ កន្លងមក ដោយមានអាណាព្យាបាល បានចុះកិច្ចសន្យាទាក់ទងទៅនឹងការទទួលស្គាល់តម្លៃសំណងលើការបណ្តុះបណ្តាលផងដែរ។

ក្លឹបភ្នំពេញក្រោនបន្តថា ក្រោយមកក្លឹបក៏បានផ្តល់កិច្ចសន្យាថ្មីលើសទៅនឹងតម្លៃពលកម្មលើកិច្ចសន្យាចាស់នៅពេលដែលក្លឹបបានផ្តល់ជូនកីឡាករទាំង ៥នាក់ ក្នុងការឡើងទៅលេងក្នុងក្រុមធំ ដោយផ្អែកលើលក្ខខណ្ឌចរចារបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។

ក្លឹបនេះបានអះអាងថា ក្រោយរដូវកាលឆ្នាំ២០១៨ បានបញ្ចប់ភ្លាម កីឡាករទាំង៥នាក់ បានសម្រេចចិត្តចាកចេញដោយមិនមានការពិភាក្សាជាមួយក្លឹបភ្នំពេញក្រោន រួមទាំងដោយមិនមានការបង់ថ្លៃលើសំណងអភិវឌ្ឍន៍សម្រាប់ក្លឹបភ្នំពេញក្រោន ដែលធ្លាប់បានចំណាយធនធានទៅលើពួកគេស្របទៅតាមលក្ខខណ្ឌព្រមព្រៀងដែលត្រូវបានទទួលស្គាល់ដោយគូភាគីកន្លងមកឡើយ។

បើតាមសេចក្តីថ្លែងការណ៍ដដែល ក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានផ្តល់ព័ត៌មានជូនសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ដោយមានការបង្ហាញពីក្តីបារម្ភ និងផលប៉ះពាល់ផ្សេងៗនៅពេលដែលកីឡាករចាកចេញ ដោយមិនមានសំណងសម្រាប់ក្លឹបដែលធ្លាប់ផ្តល់ការបណ្តុះបណ្តាលពួកគេផងដែរ។

ជាមួយគ្នានេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្តែងការព្រួយបារម្ភថា ស្ថានភាពខាងលើនេះ គឺជាសញ្ញានៃការដើរថយក្រោយនៃដំណើរការអភិវឌ្ឍន៍បាល់ទាត់ ដោយក្លឹបលើកឡើងថា នាពេលអនាគត អាចនឹងមិនមានក្លឹបបាល់ទាត់ណាមួយហ៊ានចំណាយធនធានដើម្បីជំរុញការអភិវឌ្ឍបាល់ទាត់ថ្នាលទៀតឡើយ៕

 

 

អាជ្ញាធរខេត្ត​ក្រចេះ​ធ្វើ​ពិធី​ស្វាគមន៍​ផ្តល់​ពានរង្វាន់​ដល់​កីឡាករ​ប្រណាំង​កង់​របស់​វិទ្យុ​សម្លេង​ទីក្រុង​ហូជីមិញ​

ក្រចេះ: នៅសៀលថ្ងៃទី១១ធ្នូ ឆ្នាំ២០១៨នេះអាជ្ញាធរខេត្តក្រចេះ បានធ្វើពិធីទទួលស្វាគមន៍ និងផ្តល់ពាន់រង្វាន់ជូនដល់កីឡាករ ដែលទទួលជ័យលាភ័យ លេខ១ដល់លេខ៣ និងធ្វើពិធីបើកបន្តការប្រណាំងកង់របស់ក្រុមកីឡាករ នៃវិទ្យុសម្លេងទីក្រុងហូជីមីញ វិអូអែក(VOH) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជុំប្រណាំង៣ប្រទេសឥណ្ឌូចិន។ការប្រណាំងកង់នេះ គឺបានចេញជា៣ដំណាក់កាល គឺ តំណាក់កាលទី១៖ផ្តើមដំណើរចេញពី ក្រុងប៊ិញឡុង ប្រទេសវៀតណាម ឆ្ពោះមកកាន់ទឹកដីខេត្តក្រចេះ។ តំណាក់កាលទី២៖ ពីខេត្តក្រចេះឆ្ពោះទៅខេត្តស្ទឺងត្រែង។ តំណាក់កាលទី៣៖ពីខេត្តស្ទឹងត្រែងឆ្ពោះទៅប្រទេសឡាវ ហើយបន្តចូលគោលដៅដើមទៅវៀតណាមវិញ ដែលមានរយៈពេល១២ថ្ងៃ ដោយបានចាប់ចេញដំណើរពីប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១១ធ្នូ ២០១៨ ដោយបានជិះប្រណាំង មកដល់ក្រុងក្រចេះនាម៉ោងជិត១២.00ថ្ងៃត្រង់ ដោយមានក្រុមម៉ូតូធំអមដំណើរយ៉ាងកង់រំពង ចំពោះកីឡាករដែលចូលរួមជិះកង់ប្រណាំងចំនួន៦៤កង់ មាន៣ប្រទេសគឺ វៀតណាម ឡាវ និងកម្ពុជា នៅក្នុងនោះឃើញថាមានកីឡាករ វៀតណាមច្រើនជាងគេ ដែលមានចម្ងាយផ្លូវ១៤៤ គឺឡូម៉ែត គិតពីប្រទេសវៀតណាមមកដល់ខេត្តក្រចេះ។លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងអំណគុណដល់អគ្គនាយកវិទ្យុសម្លេងទីក្រុងហូជីមីញ ដែលបានផ្តួចផ្តើមគំនិតនេះឡើងដើម្បីអោយពលរដ្ឋក្នុងខេត្តក្រចេះ បានឃើញពីរបៀបរបប នៃការប្រណាំងកង់ខ្នាតធំ ដែលមាន៣ប្រទេសចូលរួម ដែលមានចំងាយផ្លុវ សរុបជិត២០០០គឺឡូម៉ែត ដោយត្រូវបន្តជិះទៅដល់ប្រទេសឡាវ តែសង្កេតឃើញកីឡាករទាំងអស់នៅតែមានទឹកមុខញញឺម រីករាយសប្បាយ។ លោក អភិបាលខេត្តបានបន្ថែមទៀតថា ការប្រណាំងកង់នេះ គឺជាចំណងមិត្តភាព សាមគ្គឺភាព រវាងប្រទេសជិតខាងនិងគ្នាកាន់មានភាពជិតស្និតនិងជាការចូលរួមអបអរសាទរទិវាប្រវត្តិសាស្ត្រ ជ័យជំនះ ៧ មករា ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរនៅតែចងចាំជានិច្ច។ ចំពោះកីឡាករដែលទទួលបានជ័យលាភីក្នុងចំងាយផ្លូវ១៤៤គឺឡូម៉ែត ពីទីក្រុងប៊ិញឡុង ឆ្ពោះមកខេត្តក្រចេះក្នុងដំណាក់កាលទី១នេះឃើញថា ១២រូប ដែលទទួលពាន់រង្វាន់និងថវិការ ពី លោក អភិបាលខេត្តក្រចេះក្នុងនោះមានកីឡាករ កម្ពុជាយើងបានទទួលជ័យលាភ័យផងដែរ៕

 

អបអរសាទរ! សាលី អ៊ូមើត ឈ្នះជើងឯកពាន King Cup Jet Ski Cup 2018 នៅប្រទេសថៃ

កីឡា ៖ ម្ចាស់មេដាយមាសកីឡាម៉ូតូទឹក Asian Game សាលី អ៊ូមើត ឈ្នះមេដាយមាសលើវិញ្ញាសា Ski Modifier បន្ទាប់ពីប្រជែងឈ្នះកីឡាករ១២រូបផ្សេងទៀត ពីការប្រកួតកម្រិតពិភពលោក King Cup Jetski World Cup 2018 នៅប្រទេសថៃ។ នេះយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា។ ប្រភពបញ្ជាក់ថា សាលី អ៊ូមើត ធ្វើសម្រេចលើវិញ្ញាសា Ski Modifier ដូចកាលខ្លួន ដណ្ដើមបានមេដាយមាស Asian games 2018 នៅឥណ្ឌូនេស៊ីដែរ ។ តែអ្វីដែលពិសេស គឺ អ៊ូមើត បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត ៤ជុំជាប់ៗគ្នា ដើម្បីក្លាយជាជើងឯកប្រចាំព្រឹត្តិការណ៍កម្រិតពិភពលោកនេះតែម្ដង៕

http://ppd-news.net/wp-content/uploads/2018/12/48375492_1422187994583025_2525611915904811008_n.jpg

 

វៀតណាម ទម្លាក់ហ្វ៊ីលីពីន ៤-២ ឡើងប៉ះម៉ាឡេស៊ីវគ្គផ្តាច់ព្រ័តពានរង្វាន់ Suzuki Cup

បាល់ទាត់ ៖ ក្រុមជម្រើសជាតិវៀតណាម បានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup ជាថ្មីបន្ទាប់ពីទម្លាក់ក្រុមខ្លាំងហ្វ៊ីលីពីនដោយលទ្ធផលទាំង២ជើង ៤-២ ដើម្បីឡើងប៉ះម៉ាឡេស៊ី ដណ្តើមជើងឯក។ ក្រុមលេខ១អាស៊ានធ្វើបានយ៉ាងល្អ ដោយបានឈ្នះ ២-១ នៅក្រៅដី និងបន្តយកឈ្នះ ២-១ ម្តងទៀតនៅកីឡដ្ឋាន My Dinh កាលពីយប់មិញ។ ក្រោយរយៈជ័យជម្នះនេះ ពួកគេបានឡើងទៅដណ្តើមជើងឯកជាលើកទី២ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយដោយត្រូវប៉ះ ម៉ាឡេស៊ី។ ជំនួបវគ្គផ្តាច់ព្រ័ត្រជើងទី១ នឹងធ្វើឡើងនៅ Bukit Jalil National Stadium នាថ្ងៃទី១១ខាងមុខ មុនបន្តមកទឹកដីវៀតណាមវិញ នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ ជើងឯកនឹងទទួលបានប្រាក់រង្វាន់៣០ម៉ឺនដុល្លារអាមេរិក៕

ចាន់ រតនា ប៉ះ​កីឡាករ​ឥណ្ឌូនេស៊ី ក្នុង​កម្មវិធី ONE

កីឡា ៖ អ្នកប្រយុទ្ធគុនចម្រុះឆ្នើម និងសម្បូរបទពិសោធនមួយរូប របស់កម្ពុជា ចាន់ រតនា នឹងនឹងត្រូវប៉ះកីឡាករ ឥណ្ឌូនេស៊ី ABRO FERNANDES នៅកម្មវិធី ONE Championship: DESTINY OF CHAMPIONS នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះក្រោយវិលចូល MMA សារជាថ្មី។ សូមជម្រាប់ថា ចាន់ រតនា មានបទពិសោធនលើសង្វៀន One Championship ចំនួន៥លើក ដោយឈ្នះបី និងចាញ់២លើក៕

 

កម្ពុជា​ឈ្នះ​មេដាយ​៤​គ្រឿង​ពី​ព្រឹត្តិការណ៍ China-ASEAN International Marathon 2018 នៅប្រទេស​ចិន​

កីឡា ៖ ក្រុមអត្តពលិកម៉ារ៉ាតុងកម្ពុជា ដណ្ដើមបានមេដាយ៤គ្រឿ ក្នុងនោះរួមមាន ប្រាក់១គ្រឿង និងសំរិទ្ធក្នុងកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ាន ឆ្នាំ២០១៨ ប្រភេទចម្ងាយផ្លូវ ២១គីឡូម៉ែត (ពាក់កណ្តាលម៉ារ៉ាតុង) នាទីក្រុង Fangchenggang ខេត្តក្វាងស៊ី ប្រទេសចិន ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងទៅ។ អត្តពលិកកម្ពុជា វ៉ាន់ ភារ៉ា បានឈ្នះមេដាយប្រាក់ (កម្រិតអាស៊ាន ឈរពីក្រោយកីឡាករឡាវ ) មួយគ្រឿង និងសំរិទ្ធ(កម្រិតអន្តរជាតិ ឈរក្រោយកីឡាករកេនយ៉ា និងឡាវ) មួយគ្រឿង ខណៈដែល កីឡាករ ជា សម្ភស្ស ទទួលបានមេដាយសំរិទ្ធ (កម្រិតអាស៊ាន)។ ផ្នែកនារី កីឡាការិនី ហេង ម៉ីជូ ទទួលជោគជ័យបានមេដាយសំរិទ្ធមួយគ្រឿង(កម្រិតអាស៊ាន) ដោយឈរនៅពីក្រោយកីឡាការិនី មីយ៉ាន់ម៉ា និងឡាវ។ ជាមួយគ្នានេះដែរ នៅក្នុងប្រភេទចម្ងាយ៥គីឡូម៉ែត តែមិនមានផ្តល់ជូនមេដាយ អត្តពលិកថ្នាលកម្ពុជា ក្រសោបបានជ័យលាភីស្ទើរទាំងអស់។ ពោលគឺ កីឡាករ ផាត សុភុត ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាករ សាត ឧត្តម ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាករ ឡៃ ពិសិទ្ធ ទទួលបានចំណាត់ថ្នាក់លេខ៣។ ផ្នែកនារី កីឡាការិនី បូ សំណាង ទទួលបានចំណាត់ថ្នាក់លេខ១ កីឡាការិនី បូរ ស៊ុនណារី ទទួលបានចំណាត់ថ្នាក់លេខ២ និងកីឡាការិនីម្ចាស់ផ្ទះចិន ទទួលបានចំណាត់ថ្នាក់លេខ៣។ កម្មវិធីរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចិន-អាស៊ាន ឆ្នាំ២០១៨ ចែកចេញជាបីវិញ្ញាសា៖ ៥គីឡូម៉ែត ២១គីឡូម៉ែត និង៤២គីឡូម៉ែត ដោយមានអត្តពលិកសរុប ១៣៤១៤នាក់ មកពី១៦ប្រទេស។ គួរជម្រាបជូនថា នៅក្នុងព្រឹត្តិការណ៍ខាងលើ កម្ពុជាបញ្ជូនអត្តពលិក១១រូបចូលរួម (កីឡាការិនី៣រូប) ដឹកនាំដោយលោក ដាំ ភិរម្យ អនុប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ជាប្រធានប្រតិភូ៕

Real Madrid ផ្ដល់​កុងត្រា​ពេញសិទ្ធិ​ដល់ Santiago Solari ហើយ​

កីឡា ៖ Real Madrid បានប្រកាសផ្ដល់ជូនកុងត្រាពេញសិទ្ធិដល់លោកSantiago Solari ជាអ្នកចាត់ការទូទៅរបស់ក្លឹរហូតដល់ខែមិថុនាឆ្នាំ២០២១។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ។ លោក Solari វ័យ ៤២ ឆ្នាំបានចូលកាន់កាប់តំណែងនេះបណ្តោះអាសន្នកាលពីថ្ងៃទី ២៩ខែតុលាក្រោយពីការបណ្តេញអតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Julen Lopetgui ។ ចាប់តាំងពីពេលនោះមកគាត់បានដឹកនាំក្រុម Real ឈ្នះ៤ប្រកួតជាប់គ្នា និងបានក្លាយជាគ្រូបង្វឹកល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ហើយការតែងតាំងលោកជាគ្រូអចិន្ត្រៃយ៍របស់ Real ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញអនុម័តកាលថ្ងៃចន្ទ៕

Samir Nasri ចូលធ្វើ​តេស្ត​សុខភាព​ជាមួយ West Ham

កីឡា ៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំង Samir Nasri បានចូលធ្វើតេស្តសុខភាពជាមួយក្រុម West Ham មុនពេលផ្ទេរ ធ្វើការស្នើសុំផ្លូវការផ្ទេរមកក្លឹបក្នុងទីក្រុងឡុងដ៏មួយនេះ។នេះបើយោងតាមប្រភពពី BBC ។ Nasri ត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមការហ្វឹកហាត់ម្តងទៀតនៅខែនេះបន្ទាប់ពីបានបញ្ចប់ការហាមឃាត់នៃការប្រើសារធាតុញៀនរយៈពេល ១៨ ខែ។ អតីតកីឡាករ Arsenal និង Manchester City វ័យ៣១ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្រុម West Ham ៦ខែដំបូងសិន និងអាចពង្រីកបន្ថែមកុងត្រានៅពេលក្រោយទៀត។ Samir Nasri នឹងលេងបានវិញចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ ហើយអាចចាប់ដៃមួយគ្រូចាស់ Manuel Pellegrini ម្ដងទៀតដែលធ្លាប់រួមរស់ជាមួយគ្នានៅ Man City។ កាលពីពេលថ្មីៗនេះ Nasri បានលេងឱ្យក្រុមទួរគី Antalyaspor ប៉ុន្តែកិច្ចសន្យារបស់គេបានបញ្ចប់នៅថ្ងៃទី ៣១ ខែមករាឆ្នាំនេះ។ក្រោយផុតកុងត្រារយៈពេលមួយខែ Nasriត្រូវជាប់បម្រាមរយៈពេល៦ខែ មិនឲ្យទាក់ទងនឹងបាល់ទាត់ បន្ទាប់ពីមានការស៊ើបអង្កេតលើការព្យាបាលដោយការព្យួរសេរ៉ូមមានផ្ទុកជាតិប៉ូវកម្លាំង ពេលគេនៅទីក្រុង LosAngeles សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួន ២១៥ ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ក្នុងនោះលេងនៅ Arsenal ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១១ ក្រោយមកផ្លាស់ទៅ Manchester City ក្នុងតម្លៃ ២៥ លានផោន ដែលមានកិច្ចសន្យា ស្នាក់នៅរហូតដល់ខែសីហាឆ្នាំ២០១៧ ៕

_104280705_nasrisamirgetty

 

 

កម្ពុជា បន្ត​ចាញ់​លើក​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​​ពូ​ល A ពាន Suzuki Cup

កីឡា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបន្តចាញ់ជាលើកទី២ វគ្គសន្សំពិន្ទុក្នុងពូល A នៃពានរង្វាន់ជើងឯកបាល់ទាត់តំបន់អាស៊ាន AFF Suzuki Cup នាកីឡដ្ឋាន Mandalarthiri នាទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមរហស្សនាមគោព្រៃកម្ពុជា។ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានស៊ុត១គ្រាប់ នៅនាទី២៣ជួយឲ្យកម្ពុជានាំមុខក្រុមម្ចាស់ផ្ទះ ១-០ នៅតង់ទី១ ក្រោយទទួលបានបញ្ជូនដ៏ល្អពីខ្សែបម្រើ សុះ ស៊ូហាណា។ យ៉ាងណាក្ដី ១គ្រាប់នោះ ក្លាយជាឥតន័យ ក្រោយមីយ៉ាន់ម៉ា វាយបក ៤គ្រាប់វិញ នៅតង់ទី២ ដោយកីឡាករ Hlaing Bo Bo ២គ្រាប់ (នាទី ៦០, នាទី ៩០+៣), Than Htet Aung (នាទី ៧០) និង Aung Si Thu (នាទី ៨៧)។ ជ័យជម្នះនេះជួយឲ្យមីយ៉ាន់ម៉ា ទទួលបាន ៣ពិន្ទុពេញ ក្នុងប្រកួតដំបូងរបស់ខ្លួន ខណៈកម្ពុជា នៅតែគ្មានពិន្ទុរាប់ ក្រោយចាញ់ ២ប្រកួតជាប់គ្នា (ប្រកួតទី១ ចាញ់ម៉ាឡេស៊ី ០-១)។ ជាមួយនឹងការបរាជ័យនេះបានធ្វើឲ្យក្រុមគោព្រៃកម្ពុជា រក្សានូវកំណត់ត្រាមិនទាន់ស្គាល់ឈ្នះដដែល ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងលោក Keisuke Honda មកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ។ នេះគឺជាប្រកួតទី២ ហើយ ដែលោក Honda បានដឹកនាំផ្ទាល់ ខណៈប្រកួតលើកទី១ ដែលលោកដឹកនាំ គឺចាញ់ក្រុមម៉ាឡេស៊ី ៣-១ ដូចគ្នា ក្នុងជំនួបមិត្តភាព កាលពីខែកញ្ញា ។ រីឯ ៣ប្រកួតទៀត ដែលដឹកនាំដោយលោក Felix គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា គឺចាញ់ ១ និងស្មើ១ ក្នុងជំនួបមិត្តភាព ខណៈប្រកួតផ្លូវការជាមួយម៉ាឡេស៊ី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ចាញ់ម៉ាឡេស៊ី ១-០។ សូមជម្រាបថា ប្រកួតបន្ទាប់ កម្ពុជា ទទួលភ្ញៀវ ឡាវ រីឯមីយ៉ាន់ម៉ា ស្វាគមន៍ក្រុមវៀតណាម នៅថ្ងៃទី២០ ខែវិច្ឆិកា ដូចគ្នា៕

796-715x400

ត្រៀមរដូវកាលថ្មី ៖ ព្រះខ័ន​រាជ​ស្វាយរៀង ចុះកិច្ចសន្យា​នាំយក​អតីត​ខ្សែការពារកណ្តាល Stoke City

បាល់ទាត់ ៖ ក្លិបព្រះខ័នរាជស្វាយរៀង បានចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Harvey Read សញ្ជាតិអង់គ្លេស និងកាន់លិខិតឆ្លងដែនអូស្ត្រាលី ធ្លាប់ជាយុវជនថ្នាលក្លិប Southampton និង Stoke City។ នេះបើយោងតាមផេកផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង។

Harvey វ័យ២០ឆ្នាំ បានចាប់ផ្តើមអាជីពដំបូងហ្វឹកហាត់បាល់ទាត់ដំបូងជាមួយយុវជនថ្នាល់របស់ក្លិប Southampton និងបានធ្វើការផ្លាស់ប្តូរក្លិបបន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពី Stoke City FC និងបានរួមរស់មួយរដូវកាល២០១៧ពេញជាមួយ Stoke City FC ដោយបង្ហាញខ្លួនបានចំនួន១៩លើក រកបាន១គ្រាប់ ក្នុងពានរង្វាន់ U18 Premier League និង Primier League 2 ចំនួន២លើក។

ចូលមកដល់រដូវកាល២០១៨ ក៏បានសម្រេចផ្លាស់ចេញទៅលេងអោយក្លិប Heidelberg United នៃលីគលំដាប់ទី២អូស្ត្រាលី៕

លោក Lee Tae Hoon បញ្ចប់​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាក្រោយចូលរួម​​រយៈពេល៧​ឆ្នាំ៣​ខែ

បាល់ទាត់ ៖ គ្រូបង្គោលក្រុមអាយុ១៥ និង១៦ឆ្នាំសាលាបាល់ទាត់ជាតិបាទីលោក  Lee Tae Hoon បានប្រកាសពីការបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈលោកប្រើប្រាស់ជីវិតរស់នៅប្រទេសកម្ពុជាដើម្បីដឹកនាំអភិវឌ្ឍន៍បាល់ទាត់កម្ពុជាអស់រយៈពេល៧ឆ្នាំ៣ខែ។

ជាមួយគ្នានោះដែរលោកគ្រូ Lee បានថ្លែងអំណរអរគុណដល់កីឡាករកម្ពុជាគ្រប់រូបដែលបានប្រឹងប្រែងហ្វឹកហាត់ និងគាត់អរគុណដល់អ្នកគាំទ្រដែលតែងតែគោរពស្រឡាញ់គាត់។

គួរបញ្ជាក់ថា លោក Lee ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ជាតិតែងតាំងជាគ្រូបង្គោលក្រុមអាយុ១៥ និង១៦ឆ្នាំសាលាបាល់ទាត់ជាតិបាទី នៅខែមេសា ឆ្នាំ២០១៧ និងធ្លាប់ដឹកនាំក្រុមធំកម្ពុជា២លើកពីឆ្នាំ២០១០ដល់២០១២ និង២០១៣ដល់២០១៧៕

ប្រធានកីឡាវាយសីកម្ពុជា ចាត់ទុកមេដាយមាសជាក្រុមចម្រុះជាតិសាសន៍ នៅអូឡាំពិកយុវជន គឺជាគំរូដ៏ល្អ សម្រាប់ថ្នាលជំនាន់ក្រោយ!

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវមោទនៈភាពជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករខ្លួន គឺយុវជន វ៉ាត វណ្ណធុន ក្រោយដណ្ដើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីន ហើយលោកបានចាត់ទុកសមិទ្ធិផលនេះ គឺជាគំរូដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីថ្នាលជំនាន់ក្រោយរបស់ខ្លួន ។

ការអះអាងនេះ បានធ្វើឡើងក្នុងឱកាសទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជា ក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកខាងលើ ហើយធ្វើដំណើរមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក លី កុសល អគ្គហិរញ្ញឹកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធ តំណាងលោករដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកថា «នេះគឺជាសមិទ្ធិផលដ៏ធំធេង ហើយក៏ជាគំរូដ៏ល្អ សម្រាប់កីឡាករវាយសីដទៃឲ្យកាន់តែខិតខំប្រឹងប្រែងដែរ ព្រោះការឈ្នះមេដាយមាសជាក្រុមចម្រុះជាតិសាសន៍នេះ កើតចេញពីការខិតខំប្រឹងប្រែងខ្លាំងណាស់ ក្នុងចំណោមជាង ២០០ប្រទេសចូលរួម ។ ទោះបីមេដាយមាសនេះ មិនស្ថិតក្នុងហ្គេមផ្លូវការ តែវាគឺជាព្រឹត្តិការណ៍ថ្មី និងអស្ចារ្យមួយ សម្រាប់កីឡាវាយសីកម្ពុជា ព្រោះជាព្រឹត្តិការណ៍លំដាប់ពិភពលោក ធ្វើឲ្យខ្ញុំមានសេចក្ដីសោមនស្សរីករាយក្រៃលែង ហើយខ្ញុំសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២៣ យើងនឹងខិតខំបណ្ដុះបណ្ដាលថ្នាលបន្ថែមទៀត ដើម្បីដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិរបស់យើង» ។

ទន្ទឹមជាមួយគ្នាលោក ញ៉ាន សុខវិសាល នាយបេសកកម្ម បានឲ្យដឹងថា មេដាយមាស ដែល វ៉ាត វណ្ណធុន ដណ្ដើមបាននេះ គឺផ្ដើមចេញពីសហព័ន្ធកីឡាវាយសីអន្ដរជាតិ សហការជាមួយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ បង្កើតឲ្យមានវិញ្ញាសារមួយឈ្មោះថា ក្រុមចម្រុះជាតិសាសន៍ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវាយសីជុំវិញពិភពលោកធ្វើការប្រកួតប្រជែង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរឹតចំណងមិត្តភាព តាមរយៈការចាប់ពូលជាក្រុម ក្នុងនោះ វ៉ាត វណ្ណធុន ស្ថិតក្នុងក្រុមអាល់ហ្វា ហើយការប្រកួតប្រជែងពិតជាខ្លាំង តែចុងក្រោយក្រុមរបស់ វណ្ណធុន ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស ។

ចំណែក វ៉ាត វណ្ណធុន បានសម្ដែងនូវការសប្បាយរីករាយក្រៃលេង បន្ទាប់ពីខ្លួនបាននាំយកមេដាយមាសកម្រិតពិភពលោកមកជូនជាតិ រួមទាំងថ្នាល់ដឹកនាំ និងគ្រួសាររបស់ខ្លួន ។ វណ្ណធុន និយាយថា «ទោះបីក្រុមខ្ញុំ មានជាតិសាសន៍ផ្សេងៗគ្នា តែចេះយោគយល់គ្នា ជាក់ស្ដែងពេលមិត្តរួមក្រុមប្រកួត ពួកគាត់តែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយមិនរើសអើងអ្នកខ្លាំងអ្នកខ្សោយ ពោលគឺពួកយើងមានសាមគ្គីល្អមែនទែន ទើបធ្វើឲ្យក្រុមយើងជោគជ័យ ។ ខ្ញុំនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីមានឱកាសចូលរួមព្រឹត្តិការណ៍ក្រោយៗ ពិសេសខ្ញុំប្ដេជ្ញាខំប្រឹងដណ្ដើមមេដាយស៊ីហ្គេម នាឆ្នាំ២០២៣ តែម្ដង» ។

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីន ដោយមានអត្តពលិកសរុប ២០៥ប្រទេសចូលរួមនេះ កម្ពុជាបានបញ្ជូនអត្តពលិកខ្លួន ៣នាក់លើ ៣ប្រភេទកីឡាទៅចូលរួម គឺកីឡាហែលទឹក ចំបាប់ និងកីឡាវាយសី ដែលបានចេញដំណើរតាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែតុលា ។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយមាស ១គ្រឿង ដោយកីឡាករវាយសី វ៉ាត វណ្ណធុន លើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ ហើយតាមគម្រោងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏កំពុងរៀបចំសំណើរ ដើម្បីស្នើរប្រាក់រង្វាន់លើកទឹកចិត្តដល់រូបគេផងដែរ ៕

 
 

អតីត​​គ្រូ​បង្វឹក​ភ្នំពេញក្រោន​ បង្ហើប​ចំណុច​ដែល​កូន​ក្រុម​ខ្លួន​ត្រូវ​ធ្វើ ដើម្បី​ជោគ​ជ័យ​រដូវកាល​ក្រោយ

(ភ្នំពេញ)៖ មុនពេលលោក Sean Sainbury អតីតគ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោនចាកចេញ កាលពីពេលថ្មីៗនេះបានយល់ឃើញថា ពេញ១រដូវកាលនេះ កូនក្រុមរបស់ខ្លួនធ្វើការងារច្រើនណាស់ បើទោះបីជាមិនបានជោគជ័យក៏ពិតមែន ហើយចំពោះចំណុចដែលជាឧបសគ្គចម្បងរបស់ពួកគេនោះ គឺទាក់ទងទៅនឹងបញ្ហាសម្ពាធពេលដែលគេលេងលើទីលាន។

ក្នុងបទសម្ភាសន៍ចុងក្រោយ លោកបានបញ្ជាក់ថា «ថ្វីដ្បិតតែយើងមិនបានជោគជ័យក្នុងរដូវកាលនេះ ប៉ុន្តែយើងជាក្រុមមួយដែលគ្រោះថ្នាក់សម្រាប់ក្រុមដទៃ។ ក្រុមរបស់យើងសំបូរទៅដោយយុវជនល្អៗ ប៉ុន្តែអ្វីដែលពួកគេត្រូវជម្នះឲ្យបាននោះ គឺសម្ពាធនៅលើទីលាន ហើយឆ្លងកាត់ការប្រកួតក្នុង១រដូវកាលនេះ ខ្ញុំសង្ឃឹមថាពួកគេនឹងជម្នះវាឲ្យបានសម្រាប់រដូវកាលក្រោយ»។

សូមរំលឹកផងដែរថា គ្រូបង្វឹកសញ្ជាតិអង់គ្លេស Sean Sainbury បានចំណាយពេលពេញ១រដូវកាលឆ្នាំ២០១៨ ក្នុងការបង្វឹក ក៏ដូចជាដឹកនាំក្រុមឈុតធំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនហើយអ្វីដែលលោកលើកឡើងនេះ គឺជាអ្វីដែលលោកចង់ឃើញកូនក្រុមរបស់ខ្លួនកែប្រែនៅរដូវកាលក្រោយៗទៀត ដើម្បីឈានទៅរកភាពជោគជ័យ៕

 

 

សាលី អ៊ូ​មើ​ត នឹងប្រកួត​កម្រិត​ពិភពលោកតំណាង​ឲ្យ​កម្ពុជានៅស្អែក

កីឡា ៖ ម្ចាស់មេដាយមាស Asian Games 2018 ម៉ូតូទឹកជាកម្ពុ សាលី អ៊ូមើត នឹងធ្វើការប្រកួតនៅថ្ងៃស្អែកនេះវេលាម៉ោង ៧ ព្រឹក (ម៉ោងនៅអាមេរិក) ដែលជាការប្រកួតតំណាងឲ្យក្លឹប Flamingo jet ski racing team របស់កម្ពុជា ជាលើកទី១ ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកមាន ៥៦ ប្រទេសចូលរួម ដែលរៀបចំឡើងចន្លោះពីថ្ងៃទី១ ដល់១០ ខែតុលា ឆ្នាំ២០១៨៕

បញ្ជី​ឈ្មោះ​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​ត្រៀម​ពាន​មួយ​នៅ​ជប៉ុន​

បាល់ទាត់ ៖ កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះយុវជនបាទីអាយុក្រោម១៧ឆ្នាំ ចំនួន២០រូប ក្រោមការដឹកនាំដោយគ្រូបង្គោលកូរ៉េខាងត្បូង លី តេហ៊ុន ត្រៀមចូលរួមការប្រកួតអន្តរជាតិ Japan-Mekong U-17 Football Tournament 2018 នៅប្រទេសជប៉ុន។

សូមជម្រាបថា ព្រឹត្តិការណ៍ខាងលើនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែតុលា ចូលរួមពីក្រុមចំនួន៨ ដោយក្នុងនោះមាន៥ក្រុមមកពីតំបន់ទន្លេមេគង្គ រួមមាន មីយ៉ាន់ម៉ា, ថៃ, ឡាវ, កម្ពុជា និង វៀតណាម។ចំណែក៣ក្រុមទៀតគឺមានទីតាំងនៅប្រទេសជប៉ុនផ្ទាល់តែម្ដង គឺ ជម្រើសជាតិជប៉ុន អាយុក្រោម១៧ឆ្នាំ, ក្រុម U-17 Shanon Bellmare និង ក្រុមសាកលវិទ្យាល័យ Shoshi៕

Luka Modric ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA

បាល់ទាត់ ៖ Luka Modric ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA សម្រាប់ឆ្នាំ២០១៨ ខណៈខ្សែប្រយុទ្ធនារី Marta របស់ក្លិប Orlando Pride បានឈ្នះពានរង្វាន់ស្ត្រី បន្ទាប់ពីការប្រកាសលទ្ធផលយប់មិញនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

មុននឹងឈ្នះពាននេះខ្សែប្រយុទ្ធសញ្ជាតិក្រូអាតវ័យ៣៣រូបនេះ បានជួយឲ្យ Real ឈ្នះជើងឯកក្របខណ្ឌ Champions League ៣លើកជាប់ៗគ្នា និងជាកម្លាំងសំខាន់ជួយឲ្យក្រូអាតឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាមួយបារាំង ជាលើកដំបូងផងដែរ។

កីឡាការិនី Marta វ័យ៣២ឆ្នាំដែលលេងក្នុងក្របខណ្ឌកីឡាបាល់ទាត់ស្ត្រី (NWSL) នៅក្នុងសហរដ្ឋអាមេរិកបានឈ្នះពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំរបស់ FIFA ចំនួន៥ដងចាប់តាំងពីឆ្នាំ២០១០។

ចំណែកលេខ២ផ្នែកបុរសបានទៅលើ Ronaldo ខណៈ Mohamed Salah របស់ Liverpool បានចំណាត់ថ្នាក់លេខ៣។

គួរបញ្ជាក់ថាវាជាលើកទី១ ហើយចាប់តាំងពីជ័យជម្នះរបស់កីឡាករប្រេស៊ីល Kaka ក្នុងឆ្នាំ២០០៧ ដែលពានរង្វាន់បុរសនេះមិនត្រូវបានឈ្នះដោយ Cristiano Ronaldo ឬ Lionel Messi ឡើយហើយអ្នកទាំងពីរមិនបានចូលរួមក្នុងពិធីនោះទេ។

សូមជម្រាបថា ការបោះឆ្នោតសម្រាប់ប្រភេទអ្នកលេង និងគ្រូបង្វឹកត្រូវបានធ្វើឡើងដោយប្រធានក្រុម និងអ្នកចាត់ការ, ក្រុមអ្នកកាសែតដែលបានជ្រើសរើសហើយជាលើកដំបូងដែលមានការស្ទង់មតិអ្នកគាំទ្រលើអ៊ីនធឺណិត៕

 

អបអរសាទរ! ជើងខ្លាំង ស្រួង ភាវី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកកីឡាស្នូកឃ័រពិភពលោកហើយ

(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាដ៏ឆ្នើមរបស់កម្ពុជាអ្នកនាង ស្រួង ភាវី បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គ៤នាក់) នៃការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion - World Championship Ladies លើកទី៨ នៅប្រទេសតួកគីហើយ បន្ទាប់ពីទម្លាក់កីឡាការិនីកូឡុំប៊ី ក្នុងវគ្គ ៨នាក់ចុងក្រោយ ដោយលទ្ធផល ៣០-១៦ពិន្ទុ កាលពីយប់មិញ (ម៉ោងនៅកម្ពុជា ដើរលឿនជាងតួកគី ៤ម៉ោង)។

មុនឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ អ្នកនាង ស្រួង ភាវី បានធ្វើការប្រកួត ២ដង ដោយប្រកួតដំបូង គឺជាប្រកួតបង្ហើយកិច្ចពូល A ដោយបានលត់កីឡាការិនីដាណឺម៉ាក Jeanette Jensen ជាមួយពិន្ទុ ២៥-៧ ដែលធ្វើឲ្យ ភាវី រក្សាកំណត់ត្រាឈ្នះ ៣ប្រកួតជាប់គ្នាក្នុងពូល។ បន្ទាប់មកទើបធ្វើការប្រកួតវគ្គ ៨នាក់ចុងក្រោយ ដោយនាងធ្វើបានកាន់តែល្អ ក្រោយបំបាក់កីឡាការិនីកូឡុំប៊ី Claudia LALINDE ដោយលទ្ធផល ៣០-១៦ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គ ៤នាក់ចុងក្រោយតែម្ដង។

ចំពោះគូប្រជែងកៅអីវគ្គ ៤នាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជាខាងលើ គឺកីឡាការិនីជប៉ុន Orie HIDA ដែលអ្នកទាំងពីរ បានជួបគ្នាម្ដងរួចមកហើយ កាលពីវគ្គជម្រុះក្នុងពូល ដោយលទ្ធផលពេលនោះ ស្រួង ភាវី បានយកឈ្នះយ៉ាងប្រផិតប្រផើយបំផុតជាមួយពិន្ទុ ២៥-២៤ ។ ប៉ុន្ដែប្រសិនបើ ភាវី អាចបន្ដទម្លាក់កីឡាការិនីជើងខ្លាំងជប៉ុនរូបនេះ នាងនឹងត្រូវជួបកីឡាការិនីម្ចាស់ផ្ទះតួកគី ឬ ហូឡង់ ដែលត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃទី២០ ខែកញ្ញានេះដូចគ្នា ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលកីឡាការិនី ស្រួង ភាវី បានចូលរួមប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា បន្ទាប់ពីកម្ពុជា បានបង្កើតឲ្យមានសហព័ន្ធកីឡាឃ្នូកឃ័រ និងប៊ីយ៉ាផ្លូវការកាលពីពេលថ្មីៗ។ ប៉ុន្ដែនេះមិនមែនជាលើកទី១ ដែលនាងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះឡើយ ពោលគឺ ភាវី ធ្លាប់ដណ្ដើមបានជើងឯករងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៥ ក្នុងការប្រកួតជើងឯកពិភពលោក នៅអាមេរិក ក៏ដូចជាការដណ្ដើមជើងឯកពានរង្វាន់អន្ដរជាតិផ្សេងៗជាច្រើនទៀត៕