បណ្តាញសង្គម

នៅរសៀលនេះអាជ្ញាធរខេត្តបន្ទាយមានជ័យខេត្តបានដាក់ចេញនូវវិធានការបន្ទាន់ដើម្បីអនុវត្តអនុសាសន៍សម្តេចតេជោ

(បន្ទាយមានជ័យ)៖អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅម៉ោងពីរ រសៀល ថ្ងៃនេះ បានកោះអញ្ជើញស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ  ប្រជុំរៀបចំក្រុមការងារបន្ទាន់ ដើម្បីអនុវត្តនូវអនុសាសន៌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា៖ ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះ រថយន្តដឹកលើសទម្ងន់ និងរថយន្តកាត់តកែឆ្នៃ ទាំងអស់ បើឃើញ គឺត្រូវចាប់ទុកទាំងអស់ បើមានបើកបរនៅខេត្តណា ឬស្រុកណា ចៅហ្វាយខេត្ត ចៅហ្វាយស្រុកនោះ ត្រូវទទួលខុសត្រូវ។ លោក អ៊ុ រាត្រី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ ដោយបានអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីរៀបចំក្រុមការងារនេះ ។ ម្យ៉ាងវិញទៀត ក្រោយពីបញ្ចប់កិច្ចប្រជុំហើយ ក្រុមការងារនឹង ចុះអនុវត្ត នៅវេលាម៉ោង ៥ ល្ងាចនេះតែម្តង  នៅតាមបណ្តោយផ្លូវជាតិ មួយចំនួន ព្រមទាំងតាមបណ្តាស្រុក ក្រុង ទាំង ៩ ក៏ត្រូវបានអនុវត្តផងដែរ  ។ 

 សូមបញ្ជាក់ផងដែរថា៖នេះគឺជាការអនុវត្តនូវវិធានការដ៏ក្តៅគគុក របស់សម្តេចនាយករដ្ឋមន្ត្រី ដូច្នេះហើយមន្ត្រីពាក់ព័ន្ធគ្រប់ប្រភេទត្រូវតែអនុវត្ត ។