បណ្តាញសង្គម

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ញើញចូលរួមពិធីបូកសរុបលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព សមាជិកគណបក្ស សៀវភៅគ្រួសារបក្ស ការចុះឈ្មោះបោះឆ្នោត និងប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងារមួយចំនួន

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព សមាជិកគណបក្ស សៀវភៅគ្រួសារបក្ស ការចុះឈ្មោះបោះឆ្នោត និងប្រកាសសេចក្ដីសម្រេចបង្កើតក្រុមការងារមួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះឯកឧត្ដម ឧបនាយកដ្ឋមន្ត្រី កែ គឹមយ៉ាន បានជំរុញដល់ក្រុមការងារសាខាបក្សភូមិ~ឃុំ~សង្កាត់នីមួយៗ ត្រូវខិតខំរៀបចំធ្វើសៀវភៅគ្រួសារបក្ស ជូនបងប្អូនសមាជិក~សមាជិកាគណបក្សប្រជាជនកម្ពុជា អោយបានលឿនច្បាស់លាស់ ហើយបើមានទុក្ខលំបាកអ្វីមួយក្នុងការងារធ្វើសៀវភៅគ្រួសារបក្សនេះ សូមបងប្អូនក្រុមការងាររាយការណ៍ជូនក្រុមការងារបក្សភូមិ~ឃុំ~សង្កាត់ដើម្បីអោយជួយដោះស្រាយជូនបងប្អូនសមាជិក~សមាជិកាយើងឲ្យបានទាន់ពេល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណប្រកបដោយមោទនភាពចំពោះសមាជិក~សមាជិកាក្នុងខេត្តបន្ទាយមានជ័យ ដែលបានខិតខំ អនុវត្តនូវគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលនិងបម្រើសេវាសាធារណៈបានយ៉ាងល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក។ ទន្ទឹមនឹងនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការជម្រុញដល់សមាជិក~សមាជិកាទាំងអស់ត្រូវខិតខំបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ យកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋនៅជាមួយប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋហើយត្រូវជួយអន្តាគមន៍ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋភ្លាមៗទាន់ពេលវេលា បន្ថែមពីនោះត្រូវពង្រឹងបន្ថែមនូវការគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងនិងអាកប្បកិរិយារបស់មន្ត្រីដើម្បីឱ្យសាកសមជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ៕