បណ្តាញសង្គម

អបអរសាទរ សន្និបាតសមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ

updateខេត្តបន្ទាយមានជ័យ:សមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ បានរៀបចំឡើងស្របតាម យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍ និងជំរុញប្រព័ន្ធសុខុមាលភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំទៅនឹងគោលនយោបាយនានា ដែលបាននឹងកំពុងដាក់ឲ្យអនុវត្ត។ ព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសន្និបាតសមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានមោទនភាពយ៉ាងខ្លាំងចំពោះការដាក់ចេញនូវសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ ចាប់ពីពេលនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានខិតខំកសាងខ្លួនជាបន្តបន្ទាប់ពីប្រទេសក្រីក្រ មកជាប្រទេសដែលប្រាក់ចំណូលមធ្យមកំរិតទាបនេះ។ ទន្ទឹមនឹងភាពរីកចម្រើននេះ កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរយះពេលកន្លងមកមនុស្សវ័យចាស់ក៏ត្រូវបានយកចិត្តទុក្ខដាក់ជាបន្តបន្ទាប់ផងដែរតាមរយៈការបង្កើតសកម្មភាពថែទាំមនុស្សចាស់ និងតាមរយៈអង្គការសមាគមមនុស្សចាស់ជាដើម។ ជាពិសេស រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គមដូចជាការផ្តល់សេវាថែទាំសុខភាពជូនមន្ត្រីរាជការ កម្មករកម្មការិនី មូលនិធិស៊ីក្លូ បេឡានរបបសន្តិសុខសង្គម និងមានការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលខាងមុខនេះផងដែរ។ នៅថ្ងៃនេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាសថានឹងទទួលយល់ព្រមធ្វើជាប្រធានកិត្តិយស នៃសមាគមន៍មូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ តាមការស្នើរសុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ មុននឹងបព្ចាប់ ឯកឧត្តម នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន 15583$ ចូលមូលនិធិសមាគមន៍មនុស្សចាស់ខេត្តបន្ទាយមានជ័យ ថវិកាសរុបដែលសប្បុរសជនចូលគាំទ្រ ចំនួន 50000$ ដែលបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ ៧៥០នាក់ ក្នុងម្នាក់ៗ ថវិកា 2មុឺនរៀលផងដែរ៕ វេតបញ្ញា