បណ្តាញសង្គម

ផ្លូវដែក​ថៃ​-​កម្ពុជា ត្រូវបាន​ត​ភ្ជាប់​មកដល់​ក្រុង​សិរីសោភ័ណរួចរាល់ជាស្ថាពរ

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ផ្លូវដែកកម្ពុជា-ថៃ ដែលភ្ជាប់ពីក្រុងបាងកក មកដល់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ដើម្បីឆ្លើយតប និងការចូលរួមកាត់បន្ថយចំណាយលើការដឹកជញ្ជូន និងកាត់បន្ថយគ្រោះថ្នាក់ព្រមទាំងការកកស្ទះចរាចរណ៍ ក្រសួងសាធារណការ គ្រោងដាក់ដំណើរការសាកល្បង នូវការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវដែកនេះនៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរ នាខែមេសាខាងមុខនេះ។ ការសម្រេចតភ្ជាប់ផ្លូវដែកពីបាងកក មកដល់សិរីសោភ័ណនេះ ខណៈពេលដែលស្ថានីយរថភ្លើងអន្តរជាតិប៉ោយប៉ែត នឹងត្រូវបញ្ចប់ការជួសជុលទាំងស្រុងនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀងតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ ត្រូវបានធ្វើឡើងដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ កាលពីចុងឆ្នាំ២០១៥។ ការតភ្ជាប់ផ្លូវដែកនេះ ត្រូវបានរំពឹងថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដល់ ២០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០៕