បណ្តាញសង្គម

រដ្ឋបាលក្រុងសិរីសោភ័ណនិងមន្ទីរបរិស្ថាន​ ដឹកនាំប្រជាពលរដ្ឋសម្អាតបរិស្ថានតាមបណ្តោយស្ទឹងសិរីសោភ័ណ

(បន្ទាយមានជ័យ): រដ្ឋបាលក្រុងសិរីសោភ័ណបានសហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តីក្រោមឱវាទបានចុះផ្សព្វផ្សាយ និងដឹកនាំប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរស់នៅឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើការសម្អាតបរិស្ថានតាមបណ្តោយមាត់ស្ទឹងសិរីសោភ័ណ ដោយសម្អាតទាំងនៅលើគោក និងនៅលើទឹក។ សកម្មភាពយកចិត្តទុកដាក់របស់សាលាក្រុងសិរីសោភ័ណនិងមន្ទីរបរិស្ថាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃពុធ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៨ ដោយចែកជាពីរក្រុមនិងធ្វើការសម្អាតចាប់ពីក្រោយសាលាករុកោសល្យរហូតដល់ស្ពានឈើចាស់ ក្នុងគោលបំណងគិតគូពីបញ្ហាបរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្រុងសិរីសោភ័ណ។ លោក យោ យឿម ប្រធានការិយាល័យគាំពារនៃមន្ទីរបរិស្ថាន តំណាងឲមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានលើកឡើងថា យោងតាមអនុក្រឹត១១៣ របស់រាជរដ្ឋភិបាល ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់រឹងនិងសំរាម បានចែងថាចំពោះប្រជាពលរដ្ឋដែលធ្វើការចោលសំរាមឬដុតសំរាម តាមសាធាណ:នឹងត្រូវពិន័យជាអន្តរការ។ លោកបន្តថា កន្លងមកដើម្បីឲការគ្រប់គ្រងសំរាម សំណល់រឹង-សំណល់រាវបានល្អ គឺមន្ទីរមានការសហការជាមួយអាជ្ងាធរដែនដី អង្គការសង្គមសុីវិល និងដៃគូពាក់ព័ន្ធ។ ជាទិសដៅ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រងគុណភាពបរិស្ថានជាអាទិភាព ពីព្រោះការបំពុលបរិស្ថាននឹងធ្វើអោយជួបប្រទះនូវបញ្ហាជាច្រើនដូចសុខភាព សេដ្ឋកិច្ចនិងការប្រែប្រួលអាកាសធាតុជាដើម។ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ តំណាងសាលាក្រុងសិរីសោភ័ណ បាលើកឡើងថា គោលបំណងរបស់សាលាក្រុងគឺធ្វើឲក្រុងសរិសោភ័ណមានសោភ័ណភាពដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋមានផាសុខភាព៕ អត្ថបទ មុត សំរស់