បណ្តាញសង្គម

បុគ្គលិក​ផ្តល់ជំនួយ​មនុស្សធម៌​៦​នាក់​ត្រូវបាន​សម្លាប់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី២៨កុម្ភៈថា ពួកអ្នកវាយប្រហារមួយក្រុមបានសម្លាប់បុគ្គលិកផ្តល់ជំនួយមនុស្សធម៌៦នាក់ ដោយរួមទាំងបុគ្គលិកផ្តល់ជំនួយម្នាក់មកពីអង្គការមូលនិធិកុមារអង្គការសហប្រជាជាតិ (អង្គការUNICEF) នៅតំបន់ភាគពាយព្យនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្រុមបេសកកម្មកងទ័ពថែរក្សាសន្តិភាពអន្តរជាតិ “Minusca” របស់អង្គការសហប្រជាជាតិ “បានថ្កោលទោសចំពោះការវាយប្រហារនេះ ដែលបានសម្លាប់បុគ្គលិកមនុស្សធម៌ចំនួន៦នាក់រួមទាំងម្នាក់មកពីអង្គការ UNICEF” កាលពីថ្ងៃអាទិត្យ នៅទីក្រុងម៉ាគួនដា (Markounda)។ ទីក្រុងម៉ាគួនដា ត្រូវបានញាំញីដោយអំពើហិង្សាចាប់តាំងពីចុងឆ្នាំមុននៅពេលដែលចលនាជាតិដើម្បីរំដោះអាហ្វ្រិកកណ្តាលនិងគណបក្សបដិវត្តន៍និងយុត្តិធម៌មានការវាយប្រយុទ្ធដើម្បីត្រួតត្រា។ លោក ស៊ីរីល អេមបាហ្គាយ៉េ អ្នករស់នៅក្នុងទីក្រុងនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា “រថយន្តដែលដឹកបុគ្គលិកមនុស្សធម៌ម្នាក់របស់អង្គការ UNICEF និងមនុស្ស៥នាក់ផ្សេងទៀតត្រូវបានវាយប្រហារ ដោយក្រុមឧទ្ទាមអ៊ីស្លាមសេឡេកា (Seleka) នៅក្នុងតំបន់នោះ”៕