បណ្តាញសង្គម

ឯកឧត្តម សួន បវរ អញ្ជើញកាត់ឬសសីមា ព្រះវិហារថ្មីមួយ ដែលចំណាយថវិការ អស់ជាង ១៨ម៊ឺន ដុល្លារ

(បន្ទាយមានជ័យ) ៖ ឯកឧត្តម សួន បវរ អភិបាល នៃគណអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ឬសសីមា ព្រះវិហារវត្តសមាធិគីរីខ្លែងពណ៌ ដែលចំណាយថវិការជាង ១៨០,០០០ដុល្លារ ដែលវត្តនេះស្ថិតនៅភូមិខ្លែងពណ៌ ឃ៊ំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួមនិងដែលមានការចូលរួមពី ព្រះមេគុណ ឧត្តមសីលញ្ញាណ ធុល សុធា ព្រះមេគុណខេត្ត បណ្តារស្ថាប័នពាក់ព័ន្ធ កងកម្លាំងមានសម្ថតកិច្ច ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃពុធ ៦រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៨។

លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក បានលើកឡើងឲ្យដឹងថា ព្រះវិហារថ្មី ក្នុងវត្តសមាធិគីរីខ្លែងពណ៌ ដែលចាប់កសាងតាំងពីឆ្នាំ ២០០៧ និងត្រូវបានកសាងចប់រួចរាល់ជាស្ថាពរ កាលពីចុងឆ្នាំ២០១៧ ដែលចំណាយថវិការអស់ជាង ១៨០,០០០ដុល្លារ ហើយព្រះវិហារនេះមានទទឹង ១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ។

មានប្រសសន៍សំណេះសំណាល ឯកឧត្តម សួន បវរបានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅ តែងតែគោរពបូជា មិនត្រឹមតែប៉ុណ្ណោះព្រះពុទ្ធសាសនា គឺថ្នាលបណ្តុះនូវបញ្ញាញាណ ជាថ្នាល់បណ្តុះធនធានមនុស្សគ្រប់សម័យកាល ។ តាមប្រវិត្តសាស្រ្តបានបង្ហាញឲ្យឃើញថា ទីអារាមបានរួមចំណែកយ៉ាងខ្លាំង ក្នុងការកសាងសង្គមជាតិមួយប្រកបដោយ សីលធម៌ ចរិយាធម៌ ប្រកបដោយគុណធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់កូនចៅជំនាន់ក្រោយ ពិសេសទៅទៀតទីអារាមជាកន្លែងបណ្តុះ នូវធនធានមនុស្សពោពេញដោយចំណេះដឹងទាំងផ្លូវលោក និងផ្លូវធម៌ ប្រកបដោយមនសិកាជាតិ ។ ឯកឧត្តមអភិបាលខេត្តបន្តថា យើងមានថ្ងៃនេះ រួមនិងសម្មទ្ធិផលដែលបានរីកដុះដាលដែលយើងបានឃើញស្រាប់ ក៏ដោយសារតែគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដឹកនាំប្រទេជាតិ ពីចំនុចសូន្យរហូត ដល់យើងមានអ្វីៗគ្រប់បែបយ៉ាង ដោយក្នុងនោះស្រុកស្វាយចេក ជាមូលដ្ឋានមួយចំនួនពោពេញទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋយើង ពិសេសភូមិខ្លែងពណ៌ ក៏មានការរាវរកគ្រាប់មីនដើម្បីបង្កើតឡើងនូវភូមិថ្មីនេះសម្រាប់ទទួលជនមាតុភូមិនិវត្តន៍មកពីជំរ៊ំនានាតាមព្រំដែន ។ ឯកឧត្តម សួន បវរ ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណា មិនត្រូវជឿនូវពាក្យញុះញ៉ង ពីបក្សប្រឆាំងដែលតែងតែបង្ខូចឈ្មោះរដ្ឋាភិបាលស្របច្បាប់នោះទេ។

ជាមួយគ្នានោះឯកឧត្តម សួន បវរ និងលោកជំទាវ បានឧបត្ថម្ភថវិកាជួយដល់វត្ត ២លានរៀល និង២០០ដុល្លារផងដែរ។ ក្នុងនោះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមម្នាក់ៗទទួលបានសារ៉ុង ១។ លោកគ្រូ អ្នកគ្រូ ០៤នាក់ ម្នាក់ៗទទួលបាន ២ម៊ឺនរៀល ,សិស្សានុសិស្ស ១០៤នាក់ ម្នាក់ៗទទួលបាន សម្ភារៈសិក្សាមួយចំនួន រួមនិងថវិការ ២ពាន់រៀល និងតាជីយាយជី ៥០នាក់ ម្នាក់ៗទទួលបាន ក្រណាត់ស ១ដ៊ំ និងថវិកា៥ពាន់រៀល ៕