បណ្តាញសង្គម

ប៉ូលិស​ចុះបង្ក្រាប​មេខ្លោង​គ្រឿងញៀន​ម្នាក់ នៅ​ស្រុក​ថ្មពួក​

(បន្ទាយមានជ័យ)៖ ប៉ូលិសចម្រុះបានចុះបង្ក្រាបបាមមេខ្លោងគ្រឿងញៀនម្នាក់ កាលពីម៉ោង១១ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចវាលចំការស្វាយ ក្នុងភូមិស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន១ថង់ធំ ស្មើនិងទម្ងន់០.២៤ក្រាមជញ្ជីងថ្លឹងមួយ។ លោកឧត្តមសេនីយ៍ ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកបង្ក្រាបបទល្មើស ឲ្យដឹងថា ជនសង្យ័យមានឈ្មោះ ម៉ន ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅបឹងត្រកួន ភូមិបន្ទាយមានរិទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មេខ្លោងគ្រឿងញៀន បានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនទុកជក់ និងលក់បន្តមែន។ ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកខេត្ត ហើយកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃទី១២មីនា៕