បណ្តាញសង្គម

ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ​ ពាក់ព័ន្ធការគ្រប់គ្រងមន្រ្តីរាជការសុីវិល

 (បន្ទាយមានជ័យ)៖ មន្ទីរមុខងារសាធារណ:ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក នៅ ចំរើន ប្រធានមន្ទីរ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំសិក្ខាសាលាស្តីពី លិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ។ ប្រធានមន្ទីរមុខងារសាធារណ:ខេត្តបន្ទាយមានជ័យ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពី "ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ"នាពេលនេះ មានគោលបំណងដើម្បីរួមចំណែកជួយពង្រឹងសមត្ថភាពមន្រ្តីរាជការសុីវិលក្នុងខេត្ត និងការអភិវឌ្ឍដែលមានសមត្ថភាពអាចបំពេញការងារទៅតាមតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធិភាព ស្របតាម ចក្ខុវិស័យ និងគោលបំណងនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណ: គឺមន្រ្តីរាជការកាន់តែមាន សមត្ថភាព ភាពស្វាហាប់ និងការជឿជាក់ក្នុងការផ្តល់សេវាសាធារណ: តាមរយ:វប្បធម៌សេវាសាធារណ: ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈ ហើយត្រូវចាត់ចែងបំពេញការងារផ្តោតលើតម្រូវការជាក់ស្តែងដោយប្រសិទ្ធផល និងសមធម៌ ។ លោកបន្តថា ការគ្រប់គ្រងធនធានមនុស្ស គឺសំដៅដល់ការអនុវត្ត ចាត់ចែង និងការគ្រប់គ្រងមន្រ្តី ដើម្បីសម្រេចបានលទ្ធផលរំពឹងទុករបស់មន្រ្តី និងគោលដៅរបស់អង្គភាព រួមមាន៖ ការបែងចែកការងារ និងការធ្វើផែនការធនធានមនុស្ស ការគ្រប់គ្រងគុណផល ការជ្រើសរើសនិងការតែងតាំង ការផ្លាស់ប្តូរ ការលាឈប់ពីក្របខណ្ឌមុខងារសាធារណៈ និងការលើកទឹកចិត្តមន្រ្តី។ ការអភិវ្ឍធនធានមនុស្ស គឺសំដៅដល់ដំណើរការអនុវត្ត ការបង្កើនសមត្ថភាពមន្រ្តីរាជការសុីវិលតាមរយៈ ការកសាងចំណេះដឹង ជំនាយ និងលទ្ធភាពបំពេញការងារ ក្នុងការផ្លាស់ប្តូរជាបន្តបន្ទាប់នូវអាកប្បកិរិយា និងឥរិយាបថក្នុងការបំពេញការងារ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានសម្តែងនូវការកោតសរសើរចំពោះមន្ទីរមុខងារសាធារណៈ និងមន្ទីរអប់រំ យុវជន និងកីឡា ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីរួមចំណែកក្នុងការជួយអភិវ្ឍសមត្ថភាពមន្រ្តីរាជការសុីវិល។ ឯកឧត្តម ក៏បានសំណូមពរដល់មន្ទីរមុខងារសាធារណ: ពិសេសសិក្ខាកាមដែលបានចូលរួមនៅពេលនេះ សូមជួយផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ ឲបានទូលំទូលាយនិងឆាប់រហ័សនូវអត្ថន័យលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធការគ្រប់គ្រងធនធានមនុស្ស៕