បណ្តាញសង្គម

ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ចាក​ប្រេង​កាក់​ដុត​ខ្លួនឯង​ក្នុងផ្ទះ​សំណាក់​ហង្ស​មាសក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិម៉ាឡេស៊ីម្នាក់បានយកប្រេងកាក់ដុតខ្លួនឯងស្លាប់ខ្លោចឡើងរួញមិនដឹងមូលហេតុ ខណៈដែលករណីនេះកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅបន្ទប់លេខ១០៥ ជាន់ទី១ ផ្ទះសំណាក់ហង្សមាស ម្តុំទល់មុខសាលារៀនឯកជនអ៊េបផលជាប់ខាងជើងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លីម វ៉ៃតាត់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ីបានជួលបន្ទប់ខាងលើស្នាក់នៅបណ្តោះអាសន្នមួយយប់។ លោកមេបញ្ជាការបានបន្តថា បើតាមការត្រួតពិនិត្យលើសព បានឲ្យដឹងថា សពនៅផ្ទាល់លើការ៉ូ រងរបួសពេញរាងកាយដោយសារភ្លើងឆេះ។ លោកបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយចាក់ប្រេងកាតលើខ្លួនរួចដុតបណ្តាលឲ្យឆេះពាសពេញខ្លួនប្រាណស្លាប់តែម្តង ដោយឃើញមានទ្វារបន្ទបជាប់គន្លិះ ក្នុងធុងសំរាមមានដបជ័រមួយគ្មានគំរបក្នុងដបមានក្លិនប្រេងកាត និងដបស្រាមួយដបមានស្រាសល់ពាក់កណ្តាលនៅក្បែរជញ្ជាំង លើក្បាលសព តាមការស្និដ្ឋានជាក់លាក់ សពខាងលើបានធ្វើអត្តឃាតដោយខ្លួនឯងមិនដឹងមានវិបត្តិអ្វី ។ ក្រោយពីពិនិត្យហើយសពត្រូវសមត្ថកិច្ចយកទៅតំកល់ទុកក្នុងវត្តបាលិលេយ្យដើម្បីរៀបចំបូជាសពទៅតាមប្រពៃណី៕