បណ្តាញសង្គម

ពិធីសម្ភោធសាលាធម្មសភាថ្មី​ និងសិតព្រះពុទ្ធបដិមា​ នៅវត្តពោធិសុក្ខារាម​(វត្តគោកព្រិច)

(បន្ទាយមានជ័យ)៖លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ភោធសាលាធម្មសភាថ្មី និងសិតព្រះពុទ្ធបដិមា វត្តពោធិសុក្ខារាម(វត្តគោកព្រិច) ដែលស្ថិតនៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ និងមានការចូលរួមពី លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ មន្រ្តីរាជការជុំវិញខេត្ត ឧបាសក ឧបាសិកាដែលជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។ មានឱកាសចូលរួមក្នុងកម្មពិធីនោះ លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានលើកឡើងថា វត្តពោធិសុក្ខារាម បានកកើតឡើងនៅក្នុងឆ្នាំ២០០២ មានផ្ទៃដីសរុប ៣៩៦១៥ម៉ែត្រការេ ហើយចាប់តាំងពីបង្កើតឡើងរហូតដល់បច្ចុប្បន្នវត្តនេះមានព្រះគ្រូចៅអធិការចំនួន៣អង្គ ដែលបានកសាងសមិទ្ធិផលដូចជា កុដិថ្ម ក្លោងទ្វា របង ជីកស្រះ ការចាក់ដីបំពេញទីធ្លា និងការសាងសង់សាលាធម្មសភា ទំហំ២១.៥ម៉ែត្រ x ៣៣ម៉ែត្រ ដោយចំណាយថវិកា ប្រមាណ ៧៥៩៩៩ដុល្លា។ លោកក៏បានស្នើសុំការគាំទ្រជាថវិកាចំនួន ១២៧០០ដុល្លា ដើម្បីសងថ្លៃសម្ភារៈសំណង់ និងឈ្នួលជាង និងសម្រាប់ផ្តួចផ្តើមសាងស់ព្រះវិហារថ្មីទំហំ ១២ម៉ែត្រ x ២១ម៉ែត្រ សម្រាប់ប្រគេនព្រះសង្ឃប្រើប្រាស់ ធ្វសង្ឃកម្មតាមពុទ្ធានុញ្ញាត និងទុកជាសម្បត្តិនៃព្រះពុទ្ធសាសនា នឹងសម្រាប់ពុទ្ធបរិស័ទគោរពបូជា និងប្រារព្ធពិធីផ្សេងៗតាមលក្ខណៈប្រពៃណីជាតខ្មែរ។ ដើម្បីឆ្លើយតបតាមសធាជ្រះថ្លា លោកជំទាវ ប៉ុក ណាឌី និងសម្បុរសជនដែលបានចូលរួមនៅក្នុងកម្មពិធី ក៏ជួយគាំទ្រជាថវិកាផ្ទាល់ខ្លួនសរុបប្រមាណ ១,៧៥០,០០០រៀល។ លោកជំទាវក៏បានប្រគល់ប័ណ្ណសសើរ និងមេដាយ (ស្ថាបនាជាតិ) ដល់សម្បុរសជនដែលបានចូលរួមនៅក្នុងពិធីសម្ភោធសាលាធម្មសភាថ្មី និងសិតព្រះពុទ្ធបដិមា វត្តពោធិសុក្ខារាម(វត្តគោកព្រិច) ផងដែរ៕