បណ្តាញសង្គម

ឯកឧត្តម​ អោម​ ចន្ថា​ អភិបាលរងខេត្តបន្ទាយមានជ័យដឹកនាំប្រតិភូ​ ចូលរួមសង្រ្កាន្តអាស៊ាន​ ខេត្តស្រះកែវ​ ប្រចាំឆ្នាំ២០១៨​ របស់ប្រទេសថៃ

(ថៃ)៖ ដើម្បីស្វែងយល់ពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ ក្នុងនាមជាប្រទេសភូមិផងរបងតែមួយ នាថ្ងៃពុធ ១១រោច ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្មពិធីសង្រ្កាន្តអាស៊ាន នៅសាលាស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រចាំឆ្នាំ២០១៨ របស់ប្រទេសថៃ។ 

ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងភាគីថៃអភិបាលរងខេត្តស្រះកែវ បានសម្តែងនូវអារម្មណ៍រីករាយ ដោយបានចូលរួមក្នុងកម្មពិធីសង្រ្កាន្តអាស៊ាន នៅខេត្តស្រះកែវ និងសូមឲប្រពៃណីដ៏ផូរផង់របស់ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ស្ថិតស្ថេរជាអមត: ដើម្បីជាប្រយោជន៍ក្នុងការកសាងជាតិ និងបូរណភាពទឹកដីប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព ក៏ដូចជាប្រែក្លាយតំបន់ព្រំដែននៃខេត្តទាំងពីរជាតំបន់សេដ្ឋកិច ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ 

ឯកឧត្តមបានមានប្រសាសន៍ថា ប្រជាពលរដ្ឋរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវបានចាត់ទុកគ្នាជាបងប្អូនភូមិផងរបងតែមួយ ដឹងសុខដឹងទុក្ខ និងចេះជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយខេត្តទាំងពីរតែងតែរក្សាបាន និងគោរពយ៉ាងខ្ជាប់ខ្ជួនឯករាជ្យភាព បូរណភាពទឹកដី ព្រមទាំងមានទំនាក់ទំនងល្អលើគ្រប់វិស័យ មានវិស័យវប្បធម៌ និងសិល្បៈជាដើម ដោយកន្លងមកខេត្តទាំងពីរ តែងតែមានទស្សនកិច្ចកសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាក្នុងការរក្សានូវប្រពៃណី ទំនៀមទំលាប់នៃកម្ពុជា-ថៃ ឲបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕