បណ្តាញសង្គម

យុវជន គឺជាកម្លាំងស្នូល និងជាក្បាលម៉ានស៊ីន ដ៏សំខាន់សម្រាប់ជួយកសាង និងអភិវឌ្ឍន៍សង្គមជាតិ

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត របស់ក្រុមការងារយុជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួម សមាជិកព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានគណបក្សខេត្ត សមាជិក សមាជិកា យុវជនជាង២០០០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្ត នាព្រឹកថ្ងៃព្រហស្បតិ៍ ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ។ ឯកឧត្តម សួន បវរ ប្រធានគណបក្សខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជន គ្រប់ជាន់ថ្នាក់ ដែលសកម្មភាពដឹកនាំដ៏រស់រវើកលើគ្រប់វិស័យនេះ រួមបញ្ចូលនូវសតិអារម្មណ៍ ចាត់តាំង និងគោលនយោបាយជាគោលការណ៍គ្រឹះ ។ ឯកឧត្តមបន្តថា ការងារដឹកនាំ មិនអាចខ្វះបាននូវ ការអប់រំការងារចលនាមហាជន ការងារគ្រប់គ្រង់ពង្រឹងពង្រីកសមាជិកបក្ស ។ ចំពោះការងារអភិវឌ្ឍន៍ លើគ្រប់វិស័យ (មនុស្ស ទឹក ភ្លើង ផ្លូវ ) គណបក្សបានខិតខំយកចិត្តទុកដាក់ជម្រុញសកម្មភាព ដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលស្របតាមសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ មានប្រសាសន៍ ក្នុងអង្គពិធី ឯកឧត្តម នាយឧត្តម កែ គឹមយ៉ាន បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគណបក្សខេត្ត ដែលតែងតែចុះតាមមូលដ្ឋាន ក្នុងការជួយសម្រួលទុកលំបាកជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា យុវជន គឺជាកម្លាំងស្នូល ជាក្បាលម៉ាស៊ីន ដ៏សំខាន់ ដែលមិនអាខ្វះបាន ក្នុងកិច្ចការងារ ជួយកសាង និងអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែមានការរីកចម្រើនទៅមុខ រួមនឹងការងារស្នូលមួយចំនួនទៀត ដែលយុវជនគណបក្សយើង មានតួនាទីនិងសកម្មភាព លើការងារជួយដល់ប្រជាជន ។ ឯកឧត្តមបន្តថា ដើម្បីសម្រេចបាននូវជោគជ័យ នៅក្នុងថ្ងៃបោះឆ្នោត ក្រុមការងារយុវជន និងសកម្មជនរបស់យើង ត្រូវខិតខំផ្សព្វផ្សាយ ពីសម្មិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ពិសេសត្រូវត្រៀមខ្លួន ក្នុងការចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ ពិសេសថ្វីត្បិតតែគណបក្សប្រឆាំងបានរំសាយទៅហើយក៏ដោយ ក៏យើងត្រូវធ្វើការទប់ស្កាត់នូវសកម្មភាពមួយចំនួន ដែលគណបក្សប្រឆាំងបានបញ្ចុះបញ្ជូលមិនឲ្យប្រជាពលទៅបោះឆ្នោត ដែលនេះគឺជាការបំបិទសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋក្នុង សម្រេចជោគវាសនារបស់ប្រទេសជាតិ ។ម្យ៉ាងទៀត ថ្នាក់ដឹកនាំ ក្រុមការងារយុវជន ត្រូវធ្វើការចុះតាមមូលដ្ឋានឲ្យបានញឹកញ៉ាប់ ដើម្បីធ្វើក្តាប់ឲ្យបាននូវសកម្មភាព ក៏ដូចជាបញ្ហារបស់ប្រជាពលរដ្ឋបានជួបប្រទះ ដើម្បីធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ចុងបញ្ចប់ ក្នុងឱកាសនេះដែរក៏មានអំណោយ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជូនដល់សមាជិក ក្នុងកម្មវិធី សន្និបាតយុវជនខេត្ត នេះ ដែរគឺ ៖ ១ - មូលនិធិ សម្រាប់ យុវជនគណបក្សក្នុងខេត្ត ថវិកា ១៥ មុឺន ដុល្លារ ។ ២ - ផ្ដល់ ប្រេងសាំង ៥០០០លីត្រ និង ម៉ាស៊ូត ៥០០០ លីត្រ ( សរុប ១ មុឺន លីត្រ) ជូនដល់ក្រុមការងារយុវជនបក្ស ។ ៣ - ជូនក្រុមសកម្មជន យុវជនបក្សឃុំ -សង្កាត់ ចំនួន ៦៥ឃុំ -សង្កាត់ ក្នុង១ ឃុំ -សង្កាត់ ថវិកា ១លានរៀល (សរុប ៦៥លានរៀល) ។ ៤ - ជូន សមាជិក-សមាជិកា ចូលរួមក្នុងកម្មវិធី សន្និបាតនេះ ចំនួន ២០១១នាក់ ក្នុងម្នាក់ ទទួលបាន ថវិកា ២មុឺនរៀល ។ ៥- បានពិសារអាហារ ថ្ងៃត្រង់ ១ ពេល សម្រាប់ សមាជិក ទាំងអស់ ៕