បណ្តាញសង្គម

ពូជស្រូវសែនក្រអូប ចំនួនជាង២៣តោន ត្រូវបានយកទៅចែកជូនដល់កសិករ ក្នុងឃុំបត់ត្រង់ ស្រុមមង្គលបូរី

បន្ទាយមានជ័យ ៖ ពូជស្រូវសែនក្រអូប ចំនួន២៣តោននិង៣០០គីឡូក្រាម  ត្រូវបានយកទៅចែកជូនដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ កាលពីកំឡុងខែកក្កដាកន្លងទៅ ចំនួន២៣៣ គ្រួសារ រស់នៅក្នុងឃុំបត់ត្រង់ ស្រុមមង្គលបូរី ។ កម្មវិធីចែកពូជស្រូវនេះប្រព្រឹត្តទៅនៅក្នុងបរិវេនវត្តអន្លង់ថ្ងាន់ ក្រោមវត្តមាន លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ លោកស្រី ហេង សុភ័ក្រ្ត អភិបាលរងស្រុកមង្គលបូរី ដែលមានការចូលរួមពីមន្ត្រីនៃមន្ទីរកសិកម្មខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងប្រជាពលរដ្ឋដែលរងគ្រោះ ២៣៣គ្រួសារ បានចូលរួម នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ។ 

   លោកស្រី ហេង សុភ័ក្រ្ត អភិបាលរងស្រុកមង្គលបូរី តំណាងលោកអភិបាលស្រុក បានមានប្រសាសន៍ថា តាំងនាមជំនួសមុខដល់ប្រជាពលរដ្ឋទូទាំងស្រុក ក៏ដូចជានៅឃុំបត់ត្រង់ទាំងមូល សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់នូវពូជស្រូវ រួមនឹងពូជបន្លែរមួយចំនួនទៀត ចែកជូនដល់កសិករដែលបានរងគ្រោះនាពេលកន្លងមក ដែលទូទាំងស្រុកមង្គលបូរីរងផលប៉ះពាលជាង២០០០ហិកតា ។ លោកស្រីអភិបាលរងស្រុក បន្តថា តាមរយៈការផ្តល់ពូជស្រូវនេះមានចំនួន ៦កន្លែង ដើម្បីបានពូជសម្រាប់បង្កបង្កើនផលស្រូវបន្តនារដូវទឹសម្រកនាពេលខាងមុខ ។ 

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិករម្មខេត្ត បានមានប្រសាសន៍លើកឡើងថា កាលពីកំឡុងចុងខែកក្កដាកន្លងទៅទឹកជំនន់ បានធ្វើឲ្យលិចស្រូវប្រជាកសិករទូទាំងខេត្តរងផលប៉ះពាល់ចំនួន ៤២៦៤ ហិកតា និងខូចខាត់ទាំងស្រុង ២៤៣៥ហិកតា ។ ដោយក្នុងនោះស្រុកមង្គលបូរីស្រូវរងផលប៉ះពាល ៤១៩៦ ហិកតា ខូចខាតទាំងស្រុង ២៤១៥ ហិកតា ស្មើនឹង ១៣២៨គ្រួសារ ។ ចំណែក ក្រុងសិរីសោភ័ណរងផលប៉ះពាល់ត្រឹមតែ ៦៥ហិកតា ខូចខាតទាំងស្រុង ២០ហិកតា ស្មើនឹង ១០គ្រួសារ។ លោកប្រធានមន្ទីរកសិករម្ម បានដោយមើលឃើញពីបញ្ហានេះ ក៏ដូចជាតបតាមការស្នើរសុំពូជរបស់ប្រជាកសិករសម្រាប់បង្កបង្កើនផល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈក្រសួងកសិកម្ម និងក្រសួងហិរញ្ញវត្ថុ បានផ្តល់ជាពូជស្រូវសែនក្រអូបនេះ ជូនដល់បងប្អូនកសិករ ដែលបានរងគ្រោះកន្លងមក ទុកសម្រាប់បង្កបង្កើនផលបន្ត ដោយក្នុងមួយគ្រួសារ ទទួលបានពូជស្រូវសែនក្រអូប ចំនួន១០០គីឡូក្រាម រួមនឹងគ្រាប់ពូជសណ្តែកជួ និងត្រសក់ម្នាក់មួយកញ្ចាប់ផងដែរ ។ 

ជាមួយនឹងការទទួលបានពូជស្រូវហើយនោះ ប្រជាកសិករបានសម្តែងនូវក្តីសប្បាយរីករាយជាខ្លាំង ពិសេសព្រមទាំងបានថ្លែងអំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជាពូជស្រូវជូនពួកគាត់ ពួកគាត់ទាំងអស់គ្នាក៏បានប្រសទ្ធិពរជ័យ ជូនសម្តេចទាំងពីរឲ្យទទួលបានសុខភាពល្អ អាយុយឺនយូរ និងជាម្លប់សម្រាប់ប្រជាជនកម្ពុជាជារៀងរហូត ៕ អត្ថបទ ៖ រឿង ចន្ទ្រា