បណ្តាញសង្គម

ថវិកាចំនួន១លានរៀល របស់ឯក​ឧត្តម​ សួន​ បវរ និងលោកជំទាវ សុង ផល្លីន សួនបវរ​ ត្រូវបានយកទៅប្រគល់ជូនក្រុមគ្រួសារ​ កុមារ២នាក់បងប្អូនបង្កើត​ លង់ទឹក​ស្លាប់​ នៅស្រុកមង្គលបូរី​

បន្ទាយមានជ័យ ៖ នារសៀល ថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក សួន សុវន្តារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារយុវជនបាននាំយកថវិការបស់ ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ សុង ផល្លីន សួនបវរ ចំនួន ១លានរៀល ដើម្បីចូលរួមបុណ្យសព ក្មេងប្រុស២នាក់ដែលជាបងប្អូនបង្កើត បានលង់ទឹកប្រឡាយ នៅក្នុងស្រុកមង្គលបូរី  ខេត្តបន្ទាយមានជ័យ ។ 

មានប្រសាសន៍ថ្លែងរំលែកទុកជាមួយក្រុមគ្រួសារសពក្មេងរងគ្រោះទាំង២នាក់ លោក សួន សុវន្តា បានពាំនាំសារចូលរួមរំលែកទុកដ៏ក្រៀមក្រំជាទីបំផុត ពីសំណាក់ឯកឧត្តម សួន បវរ និងលោកជំទាវ ក្រោយពីទទួលបានព័ត៌មានថាមានករណីមានក្មេងបានលង់ទឹកស្លាប់ ឯកឧត្ដម អភិបាលនៃគណអភិបាលខេត្ត និងលោកជំទាវ ក៏បានចាត់ឲ្យក្រុមការងារ ដើម្បីនាំយកនូវថវិកាចំនួន១លានរៀល ក្នុងការចូលរួមចំណែករំលែកទុកគួឲ្យសោកសង្រែងនាពេលនេះ ។ លោក សួន សុវន្តារ បានមានប្រសាសន៍ ក៏ដូចជាសារផ្តាំផ្ញើរ ជូនដល់អាណាព្យាបាល ឪពុកម្ដាយ ដែលមានកូនតូចៗ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នឹងមើលថែឲ្យបានដិតដល់ ពីព្រោះរដូវនេះជារដូវទឹកកំពុងមានការកើនឡើង ដែលជាហេតុអាចបណ្តាលក្មេងតូចៗ កើតមានដូចករណីខាងលើ ។ ទន្ទឹមជាមួយគ្នានោះលោកក៏បានធ្វើការសំណូមពរ ប្រជាពលរដ្ឋគ្រប់ទីមជ្ឈដ្ឋាន ពិសេសប្រពលរដ្ឋដែលរស់នៅតាមមាត់ទឹក ឬក៏តំបន់ដែលទទួលរងនូវទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសត្វអសិរពិសផ្សេងៗ ដូចជា៖ ពស់ ក្អែប ជាដើមនៅពេលដែលមានទឹកលិចវាតែងតែ រស់នៅគ្រប់ទីកន្លែង ។ បើសិនជាមានករណីសត្វអសិរពិស មានការទិចឬខាំ ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតកុំបីខាន់ ។ គួបញ្ជាក់ថា ៖ កាលពីថ្ងៃទី១ ខែតុលាកន្លងទៅ នៅវេលាម៉ោង៥និង៣០នាទីល្ងាច នៅត្រង់ចំណុចបឹងមាឃខាងត្បូង ភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ចម្ងាយ៥០០ម៉ែត្រ ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីក្មេង២នាក់ ដែលជាបងប្អូនបង្កើត បានលង់ទឹកប្រឡាយជម្រៅជាង១ម៉ែត្រស្លាប់ទាំង២នាក់ ខណៈដែលកុមារទាំង២នាក់ទៅស្រែជាមួយឳពុកម្តាយ ។ កុមារាជាបង ឈ្មោះ កោះ លាង ភេទប្រុស អាយុ០៧ឆ្នាំ និងកុមារាជាប្អូនឈ្មោះ កោះ ឡាង ភេទប្រុស អាយុ០៤ឆ្នាំ ដែលមាន ឪពុកឈ្មោះ កើត នី អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ យី ស៉ីឡុង អាយុ៣១ ឆ្នាំ នៅភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕ អត្ថបទ ៖ រឿង ចន្ទ្រា