បណ្តាញសង្គម

ពិធីបិទ​ វគ្គបណ្ដុះបណ្ដាល​ អំពី​ អនុសញ្ញាស្តីពីសិទ្ធជនពិការ​ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ​ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរយៈពេល៣ថ្ងៃពេញរួចមក នារសៀលថ្ងៃព្រហស្បតិ ទី០៤ ខែតុលា ត្រូវបានរៀបចំពិធីបិទ វគ្គបណ្តុះបណ្តាលអំពី អនុសញ្ញាស្តីពីសិទ្ធជនពិការ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សួន បវរ អភិបាលនៃគណអភិបាលខេត្ត ដែលមានការចូលរួមដោយ លោកជំទាវ ប្រាក់ ថាវៈភាវី អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ រួមអ្នកពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក សិក្ខាកាមមកពីជុំវិញខេត្តសរុប៩០នាក់ ។ ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្ដម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបាន ខិតខំត្រង់ទ្រាំស្តាប់ ការពន្យល់ណែនាំ ពីវាគ្មិនដែលមានបទពិសោធន៍រយៈពេល៣ថ្ងៃកន្លងមកនេះ ដើម្បីយកទៅផ្សព្វផ្សាយ និងអនុវត្តប្រកបដោយភាពជោគជ័យ ។ ជាមួយគ្នានោះអភិបាលរងខេត្ត ក៏បានលើកឡើងថា ៖ ដើម្បីការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកម្ពស់សិទ្ធជនពិការ អនុសញ្ញាសិទ្ធជនពិការយុទ្ធសាស្ត្រអ៊ីនឈាន" ធ្វើឲ្យសិទ្ធក្លាយជាការពិត "និងផែនការយុទ្ធសាស្រ្តជាតិស្តីពី ពិការភាព ២០១៤-២០១៨ ក្រសួងសុខាភិបាល បានដាក់ចែញនូវសេចក្តីជូនដំណឹងស្តីពីការពង្រឹង និងពង្រីកសកម្មភាពពិនិត្យព្យាបាលជំងឺជនពិការ និងចាស់ជរាដែលមានជីវភាពលំបាកគ្មានទីពឹង ដោយឥតគិតថ្លៃ ហើយក៏បានតម្រូវឲ្យអង្គភាពថែទាំនិងព្យាបាល ជាពិសេសមន្ទីពេទ្យ និងមណ្ឌលសុខភាពទាំងអស់ប្រើប្រាស់ថវិកាមូនិធិសមមធ៌របស់រាជរដ្ឋាភិបាលជំនួសវិញ ដើម្បីរួមចំណែកថែទាំ និងពង្រឹងគុណភាពសេវាសុខាភិបាល ក្នុងប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយ  ។ លើសពីនេះទៀត ក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវលិខិតលេខ៥៤០សជណ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់បញ្ចូល ការគិតគូរដល់បងប្អូនជនមានពិការភាព ក្នុងកសាងសង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ  នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីជួយកែសម្រួល ដល់ជនពិការក្នុងការប្រើប្រាស់សេវាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដោយភាពងាយស្រួល ។ ឯកឧត្ដម អ៊ុ រាត្រី បានបញ្ជាក់ថា ៖ ដោយមានការគិតគូរចំពោះបងប្អូនជនពិការ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ទីកន្លែង និងសេវាសម្រាប់ជនពិការគ្រប់ប្រភេទ ត្រូវបានរៀបចំ ផ្លូវជម្រាល ជណ្ដើរ បង្កាន់ដៃសុវត្ថិភាព ស្លាកសញ្ញា និងបរិក្ខាជំនួយសុវត្ថិភាពផ្សេងៗ សម្រាប់បង្កលក្ខណៈងាយស្រួលដល់បងប្អូនជនមានពិការភាព ៕ អត្ថបទ ៖ រឿង ចន្ទ្រា