បណ្តាញសង្គម

ឯកឧត្ដម​ អ៊ុ​ រាត្រី​ អញ្ជើញ​បើកការប្រកួតបាល់ទាត់ដណ្តើមពាន់រង្វាន់បាល់ទាត់យុវជន/យុវនារី​ គ្រីស្ទបរិស័ទ្ធខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ ដើម្បីជាការលើកកម្ពស់វិស័យកីឡា ក៏ដូចជាលេងកីឡាដើម្បីទទួលបានសុខភាពល្អ ក្រុមជំនុំមេតូឌីស ខេត្តបន្ទាយមានជ័យ  បានរៀបចំឲ្យមានការប្រកួតដណ្តើមពាន់រង្វាន់បាល់ទាត់យុវជន/យុវនារី គ្រីស្ទបរិស័ទខេត្តបន្ទាយមានជ័យ ជាលើកដំបូងរបស់ខ្លួន ដែលប្រកួតលើទីលានបាល់ទាត់សាលាបឋមសិក្សា ភ្នំបាក់ ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណដែលមានរយៈ១៥ថ្ងៃ ចាប់ថ្ងៃទី១៥-៣០ ខែតុលា ឆ្នាំ២០១៨ ។ បន្ទាប់ពីប្រកួតកំដៅសាច់ដុំរួចមក ត្រូវបើកការប្រកួតជាផ្លូវការកាលពីពេលកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី អភិបាលរងខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ។

សម្រាប់ការប្រកួតដណ្តើមពាន់រង្វាន់បាល់ទាត់យុវជន/យុវនារី គ្រីស្ទបរិស័ទនេះមានក្រុមកីឡាចូលរួមប្រកួតមាន២២ក្រុម មកពី៥ក្រុង-ស្រុកទូទាំងខេត្តបន្ទាយមានជ័យ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ  ស្រុកមង្គលបូរី ។ ដោយក្នុងនោះសរុបមាន ៤៤ ប្រកួត ។ ការរៀបចំការប្រកួតនេះឡើងដោយមានគោលបំណង៣ធំៗគឺ ៖ ១/  បង្កើនភាពស្និតស្នាល សាមគ្គីភាព រវាងក្រុមជំនុំជំវិញខេត្ត ដោយមិនមានការរើសអើង ។  ២/ លេងកីឡាដើម្បីទទួលបានសុខភាពល្អ  ចៀសឆ្ងាយពីគ្រឿងញៀន ។  ៣/ ចូលរួមលើកម្ពស់វិស័យកីឡានៅកម្ពុជាយើង ។

មានប្រសាសន៍ថ្លែងបើកការប្រកួត ឯកឧត្ដម អ៊ុ រាត្រី ក៏បានផ្តាំផ្ញើរក្មួយៗ ដែលជាកីឡាករ កីឡាការិនី ត្រូវខិតខំលេងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមពាន់រង្វាន់ជូនក្រុមរបស់ខ្លួន និងត្រូវគោរពវិន័យឲ្យបានខ្ចប់ខ្ចួន ។ ជាមួយនឹងការលេងកីឡានេះ គឺវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ក្មួយៗដែលសិស្សានុសិស្ស ទទួលបាននូវសុខភាពល្អ និងចៀសឆ្ងាយពីគ្រឿងញៀន ពិសេសគ្រឿងញៀនគឺជាឃាតករបិទមុខយ៉ាងសាហាវ ដែលធ្វើឲ្យយើងបាត់បង់អនាគត់ ខូចសតិអារម្មណ៍ នៅពេលដែលយើងប្រើប្រាស់វា ។ ជាក់ស្តែងវិស័យកីឡា ត្រូវបានមានការរីកចម្រើនគួរឲ្យគត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយថ្មីៗនេះកីឡាករ កីឡាការិនីរបស់កម្ពុជាយើង បាននាំមកនូវមេដាយជាច្រើនជូនប្រទេសជាតិ ដែលទាំងនេះសបញ្ជាក់ឲ្យថា ៖ កីឡាករ កីឡាការិនីកម្ពុជាយើងគឺពិតជាមានសមត្ថភាពខ្ពស់ក្នុងចូលរួមលេងកីឡារជាមួយនឹងប្រទេសដ៏ទៃទៀត ។ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជម្រុញដល់សិស្សានុសិស្សទាំងអស់ពេលទំនេរពីការសិក្សា កិច្ចការងារផ្ទះ ត្រូវចូលរួមលេងកីឡាឲ្យបានទាំងអស់គ្នា ។

តាមការបញ្ជាក់ពីឈ្មោះ អៀង ប្រុស ជាគណៈកម្មាការរៀបចំការប្រកួត បានបញ្ជាក់ថា នេះគឺជាលើកទីដំបូងសម្រាប់ ក្រុមជំនុំមេតូឌីស ដែលបានបង្កើតការប្រកួតនេះឡើង ហើយក៏គ្រោងនិងធ្វើនៅឆ្នាំបន្តបន្ទាប់ទៀត សម្រាប់ក្រុមកីឡាដែលទទួលបានចំណាត់ថ្នាក់ល្អ នឹងអាចទៅប្រកួតនៅក្រៅខេត្ត និងរាជធានីប្រសិនជាមានឱកាស ។   លោកបន្តថា សម្រាប់ក្រុមដែលទទួលជ័យលាភី លេខ១ នឹងទទួលបានពាន់១ ទង់ជ័យលាភី១ បាល់២គ្រាប់ និងថវិកា៤០ម៉ឺនរៀល / លេខ២ នឹងទទួលបានទង់ចំណាត់ថ្នាក់១ បាល់២គ្រាប់ និងថវិកា៣០ម៉ឺនរៀល / លេខ៣ នឹងទទួលបានទង់ចំណាត់ថ្នាក់១ បាល់២គ្រាប់ និងថវិកា២០ម៉ឺនរៀល ។ ក្រុមចូលរួមប្រកួតទាំង២២ក្រុមរួមមាន៖ ក្រុមបាល់ទាត់U18  មាន៦ក្រុម / ក្រុមបាល់ទាត់U16  មាន១០ក្រុម / ក្រុមបាល់ទាត់មហាជននារី  មាន៦ក្រុម ៕ អត្ថបទ  ៖ រឿង ចន្ទ្រា