បណ្តាញសង្គម

ឯកឧត្តម សួន បវរ អញ្ជើញជាអធិបតីភាព ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នៅវិទ្យាល័យ សិរីសោភ័ណ

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព បើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នឹងបានបើកយុទ្ធនាការ " សាលាគ្មានថង់ប្លាស្ទិច កែវជ័រ និងប្រអបស្នោ ក្នុងបរិវេនសាលាទូទាំងក្រុងសិរីសោភ័ណទាំងមូល" ដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស បានចូលរួមយ៉ាងច្រើនកុះករ នៅវិទ្យាល័យ សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ៖  ពីមួយឆ្នាំទៅមួយឆ្នាំ វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាខ្លាំង ដោយមានការធ្វើកំនែទម្រង់ផ្នែកវិស័យអប់រំដោយមានការរឹតបន្តឹងការប្រឡងទទួលបានជោគជ័យ ។ក្នុងនោហខេត្តបន្ទាយមានជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីកន្លងទៅបេក្ខជនប្រឡងជាប់២,២៥១នាក់ ស្មើរនឹង៥៣.៣៤% និងមាសិស្សនិទ្ទេស A ចំនួន១៣នាក់ ដែលនេះបញ្ជាក់ថាការបណ្តុះបណ្តាលវិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ គឺកំពុងមានការរីចចម្រើនជាខ្លាំង ។ ដោយក្នុងនោះអាគារសិក្សាដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់ជូនខេត្តបន្ទាយមានជ័យមានចំនួន១៩៦ខ្នង ស្មើនឹង១,៥៤៧បន្ទប់ ។

 មានប្រសាសន៍បើកបវេសនកាលឆ្នាំសិក្សាថ្មី ឯកឧត្តម សួន បវរ អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានអាននូវសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៨-២០១៩ (ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨) ដែលបានប្រារព្ធធ្វើនៅទូទាំងប្រទេសកម្ពុជា ។ ឯកឧត្តម សួន បវរ ក៏បានមានប្រសាសន៍ថា ៖ ថ្ងៃនេះពិតជាថ្ងៃដ៏ឧត្តុងឧត្តមជាទីបំផុត ហើយក៏ជាថ្ងៃដែលក្មួយៗ ដែលជាសិស្សានុសិស្ស មានឱកាសបានរៀនសូត្រ និងបន្តការសិក្សា ក្រេបយកចំណេះដឹង ពិសេសក្មួយដែលទើបនឹងគ្រប់អាយុចូលរៀន ។ អភិបាលខេត្ត បន្តថា ៖ ដោយមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានផ្តល់អាគារសិក្សាជាច្រើនខ្នងនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យក្មួយសិស្សានុសិស្សបានសិក្សារៀនសូត្រស្រួល ព្រមទាំងបានបំពាក់គ្រឿងបរិក្ខា និងមានបណ្ណាល័យ សម្រាប់ក្មួយៗ បានស្រាវជ្រាវមេរៀនក្នុងពេលទំនេរ ។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា គ្រប់សាលាទាំងអស់ ត្រូវលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិច នៅក្នុងសាលារៀន ក្នុងន័យចូលរួមលើកកម្ពស់បរិស្ថានរបស់សាលាយើង ហើយក៏នឹងមានការបង្កើនគណកម្មការត្រួតពិនិត្យ វាយតម្លៃសាលានីមួយៗ ដើម្បីប្រកួតប្រជែង យកសាលាគំរូសម្រាប់ខេត្តរបស់យើង ព្រមទាំងមានការផ្តល់រង្វាន់លើកទឹកចិត្តដល់សាលាដែលអនុវត្ត និងមានសោភ័ណភាពល្អ គ្មានសំរាម គ្មានប្លាស្ទិច និងសំណល់ផ្សេងៗ ។ អភិបាលខេត្ត បានជម្រុញឲ្យគ្រប់សាលាត្រូវតែចូលរួមយុទ្ធនាការនេះទាំងអស់គ្នា ។

ក្នុងឱកាសនោះគណអធិបតី ក៏បានប្រកាសបវេសនកាលចាប់ពីថ្ងៃនេះតទៅ ព្រមទាំងបានចែកប័ណ្ណសរសើចំពោះសិស្សានុសិស្ស ដែលទទួលបានចំណាត់ល្អ ក្នុងឆ្នាំសិក្សាចាស់ ២០១៧ ២០១៨ ផងដែរ ៕ អត្តបង ៖ រឿងចន្ទ្រា