បណ្តាញសង្គម

ក្រុមហ៊ុន​ថៃ​បោះទុន ១០លាន​ដុល្លារ​សាងសង់​ផ្សារ​ទំនើប Big C នៅ​ក្រុង​ប៉ោយប៉ែត

ក្រុមហ៊ុនដ៏ធំរបស់ថៃ បានសម្រេចបោះទុនវិនិយោគលើទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីសាងសង់ផ្សារទំនើប Big C នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។អ្នកវិនិយោគក្នុងស្រុក លោក សុខ ហ៊ាង ដែលជាកូនប្រុសអភិបាលក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាម នាល្ងាចថ្ងៃទី១២ វិច្ឆិកាកន្លងមកថា លោកបានជួបជាមួយអ្នកវិនិយោគថៃរួចហើយ ពួកគេបានប្រាប់ថាផ្សារទំនើបនេះ នឹងចាប់ផ្តើមសាងសង់កំឡុងខែធ្នូខាងមុខនេះ ហើយភាពយឺតយ៉ាវនៃការសាងសង់ផ្សារនេះ ដោយសារក្រុមហ៊ុនមិនទាន់ទទួលបានអាជ្ញាប័ណ្ណ ពីរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា “តាមខ្ញុំបានជួបជាមួយអ្នកវិនិយោគថៃបានឲ្យដឹងថា ផ្សារទំនើបនេះ នឹងសាងសង់លើផ្ទៃដី២,៥ហិកតា ក្នុងនោះដីសម្រាប់សាងសង់ផ្សារមានទំហំ១,៥ហិកតា និងដី១ហិកតាទៀតបំរ៉ុងទុកសម្រាប់ចំណតយានយន្ត។លោកបន្តថា “ផ្សារនេះស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ថិតនៅជាប់គំរោង Empire”។លោកសុខ ហ៊ាងបានបន្តថា តាមព៌តមានដែលលោកទទួលបានគឺផ្សារទំនើបនេះ នឹងសាងសង់រយៈពេល៩ខែប៉ុណ្ណោះ ដោយពួកគេគ្រោងសាងសង់ទាំងយប់ទាំងថ្ងៃ។ក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ក្នុងនោះអ្នកវិនិយោគអន្តរជាតិមានប្រមាណ៥ម៉ឺននាក់ ដែលធ្វើឲ្យទីក្រុងនេះកាន់តែមានភាពរីកចម្រើនយ៉ាងលឿន ពិសេសវិស័យសំណង់និងអចលនទ្រព្យ។ បច្ចុប្បន្នមានគំរោងខុនដូជាច្រើនកំពុងសាងសង់ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះមានការផ្លាស់ប្តូរទាំងស្រុង។ យោងតាមទិន្នន័យពីសាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារកំពស់ចាប់ពី៥ដល់ជាង២០ជាន់ចំនួន៦០អាគារហើយ។ លោក សាន ស៊ាងហូ អភិបាលក្រុងប៉ោយប៉ែតបាន មានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើនលឿន ដោយសារកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសបច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកមួយគំពុងរៀបចំសាងសង់ព្រលានយន្តហោះឡើងវិញ ដែលតាមគំរោងក្រុមហ៊ុននេះ នឹងសាងសង់ព្រលានយន្តហោះនេះនៅក្នុងរដូវប្រាំងខាងមុខនេះ។ លោកបន្តថា “ជាមួយនឹងល្បឿននៃការអភិវឌ្ឍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋក្រុងកាន់តែល្អប្រសើរ ពិសេសផ្លូវក្នុងក្រុងបានធ្វើឲ្យតម្លៃដីធ្លី នៅក្នុងទីក្រុងនេះកើនឡើងយ៉ាងខ្ពស់”៕