បណ្តាញសង្គម

រថយន្តហ៊ីយ៉ាន់ដាយមកដល់ភ្លើងស្តុបមិនបង្អង់ល្បឿន បុករាស់រថយន្តនិងម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ ៖ អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញធន់ធ្ងន់ ទំនងជាបែកថ្នាំក្រោយពីបុករាស់រថយន្តនិងម៉ូតូឈប់កន្លែងភ្លើងស្តុបបណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ របួសធ្ងន់មនុស្សចាស់ម្នាក់ ហើយបើកទ្វាររថយន្តបំរុងរត់គេចខ្លួនទាំងញញឹម តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញចាប់បាន។ ហេតុការណ៍ ដែលគួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុប ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុង ពណ៌ខៀវលាយស ពាក់ស្លាកលេខ3A.2364 បើកបរដោយឈ្មោះ ច្រឹក រតនា ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិភ្នំដី ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ។បានបើរបរពីទិសខាងលិចទៅកើត ពេលមដល់ចំណុចភ្លើងស្តុប បានបត់ទៅទិសខាងជើង ពេលដែលសញ្ញាភ្លើងខៀវជិតអស់នាទី ចូលមកភ្លើងក្រហម តែរថយន្តនេះបានសំដៅបើកបង្ខំឲ្យផុតកំឲ្យភ្លើងក្រហមមកទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តឆ្លាមពណ៌ខ្មៅ១គ្រឿង និងម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យរបួសធ្ងន់ បន្ទាប់មកស្លាប់នៅមន្ទីពេទ្យ ខណៈពេលសិស្សសាលាម្នាក់នេះទើបចេញពីសាលារៀន។ជនរងគ្រោះ ឈ្មោះ ឡាយ គឹមកៅ ភេទប្រុសអាយុ១៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងមនុស្សចាស់ម្នាក់ទៀតមិនស្គាល់ឈ្មោះរបួសធ្ងន់ បញ្ជូនទៅព្យាបាលមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ។ បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក បានលោតចេញពីម៉ូតូទាន់ផុតពីគ្រោះថ្នាក់ខូចតែម៉ូតូនិងម្ចាស់រថយន្តរងការខូចខាតដែរនោះបាននិយាយថា៖ មុនពេលកើតហេតុពួកគាត់និងជនរងគ្រោះ ផ្សេងទៀតបានឈប់រងចាំឆ្លងផ្លូវ ស្រាប់តែរថយន្តជនបង្ក បានបើកយ៉ាងលឿនពីទិសខាងលិច មកដល់ចំណុចភ្លើងស្តុបបានបត់មកខាងឆ្វេងដៃទៅទិសខាងជើង បណ្តាលឲ្យជ្រុលចង្កូតបុករាស់តែម្តង ក្រោយបុក អ្នកបើកបរបានបើកទ្វាររថយន្តរត់ទាំងសើចទំនងជាមនុស្សបែកថ្នាំ តែត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋចាប់បាន។ ចំណែកជនបង្កបាននិយាយថា គេបានស៊ីឈ្នួលបើករថយន្តឲ្យឈ្មោះ នី ភេទស្រីអាយុ៤៥ឆ្នាំ ភូមិ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៣ខែមកហើយ ។មុនពេលកើតហេតុគេបានបើករថយន្ត មកពីដឹកដំឡូងមី ទៅស្រុកម៉ាឡៃ ហើយប្រញាប់ទៅដឹកដំឡូងមីនោះស្រុកស្វាយចេកទៀត តែដោយរថយន្តគេហ្រ្វាំងមិនស៊ីក៏កើតហេតុការគ្រោះថ្នាក់ចរាចរណ៍តែម្តង ។ លោកនាយការិយាល័យនគរបាលចរាចរណ៍ ក៏បានបញ្ជាក់ថា៖ចំពោះអ្នកបើកបររថយន្តបង្កឲ្យមនុស្សស្លាប់និងរបួស ឈ្មោះច្រឹក រតនា កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បុរសវ័យចំណាស់រងរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។វត្ថុតាងរថយន្តបង្កនិងម៉ូតូត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យ ៕