បណ្តាញសង្គម

ផ្លូវ១ខ្សែពីសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ទៅស្រុកមង្គលបូរី នឹងត្រូវប្រែមុខមាត់ទៅជាក្រាលកៅស៊ូប្រភេទ DBST ប្រវែង៤២០០ម៉ែត្រ ចំណាយអស់ជិត ១លានដុល្លា

បន្ទាយមានជ័យ ៖ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអញ្ជើញចុះពិនិត្យមើលផ្លូវ១ខ្សែ នៅក្នុងភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ តភ្ជាប់ទៅស្រុកមង្គលបូរី ប្រវែង៤២០០ម៉ែត្រ ដែលនឹងត្រូវស្ថាបនាឡើងវិញដោយក្រាលកៅស៊ូប្រភេទ DBST ដែលជាគម្រោងចំណោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទប្រមាណជិត ១លានដុល្លារ រួមនឹងដោះស្រាយនូវផលប៉ះពាល់មួយចំនួនផងដែរ ។ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖ ផ្លូវដែលមានប្រវែង ៤២០០ម៉ែត្រនេះត្រូវបានក្រាលកៅស៊ូប្រភេទ DBST មានកម្រាស់ពីរជាន់ដែលមានទទឹង 6 ម៉ែត្រដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចំណាយលើការស្ថាបនាចាក់កៅស៊ូប្រមាណជិត ១លានដុល្លារអាមេរិក។ លោកប្រធានមន្ទីរបានបន្តថា ៖ តាមរយៈផ្លូវមួយខ្សែនេះវាជាផ្នែកមួយដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ ដែលបងប្អូនប្រជាពលរដ្ឋមកពីផ្លូវជាតិលេខ៦ កាត់តាមសង្កាត់កោះពងសត្វឆ្លងកាត់មកស្រុកមង្គលបុរីបានដោយងាយស្រួល ក៏ដូចជាបញ្ចៀសនៃការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលតែងតែកើតមាននៅលើដងផ្លូវ មួយវិញទៀតវាផ្តល់ភាពងាយស្រួលនៅពេលបងប្អូនមានជម្ងឺមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរីបានទាន់ពេលវេលា ។ហើយគម្រោងនៃការស្ថាបនាផ្លូវមួយខ្សែនេះទៀតសោតកំពុងតែដំណើរឈូសឆាយពង្រីកផ្លូវ ដែលគ្រោងនិងបញ្ចប់ឲ្យបានមុនថ្ងៃចូលថ្មីនាពេលខាងមុខ ។ អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា និង អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ បានឲ្យដឹងថា ៖ ដើម្បីដំណើរការនៃការស្ថាបនាផ្លូវមួយខ្សែបានលឿន លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលត្រូវស្ថាបនា ត្រូវចូលរួមសហការណ៍ជាមួយអជ្ញាធរ សម្រួលនូវផលប៉ះពាល់មួយចំនួនដោយការយោគយល់ ពីព្រោះផ្លូវមួយខ្សែនេះមិនមែនជារបស់នណាម្នាក់ទេគឺរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវសហការទាំងអស់គ្នា ៕ អត្ថបទ ៖ រឿង ចន្ទ្រា