បណ្តាញសង្គម

នគរបាល​ខេត្ត​ឃាត់ខ្លួន​ប្តី​ប្រមឹក​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ ក្រោយ​វាយ​ប្រពន្ធ​បាក់​ក​ស្លាប់​នៅ​ប៉ោយ​ប៉ែ​ត​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពប្រើអំពើហឹង្សារវាយដំប្រពន្ធរបស់ខ្លួនរហូតសន្លប់ស្តូកស្តឹង ព្រោះតែទំនាស់ពាក្យសម្តីខឹងប្រពន្ធស្តីបន្ទោសខណៈដែលបុរសជាប្តីរូបនេះផឹកស្រវឹង ក្រោយកើតហេតុស្ត្រីជាប្រពន្ធត្រូវបានអ្នកភូមិបញ្ជូនទៅសង្គ្រោះហើយនាងក៏បានស្លាប់នៅមន្ទីរពេទ្យតែម្តង។ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគរបាលប៉ុស្តីផ្សារកណ្តាលបានឲ្យដឹងថាជនសង្ស័យជាប្តីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ចក ឆក ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង មានមុខរបរជាកម្មករ។ ជនរងគ្រោះជាប្រពន្ធឈ្មោះ ឈឿន ហៃ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបងមានមុខរបរជាស្រី្តមេផ្ទះ។ បច្ចុប្បន្ន២នាក់ប្តីប្រពន្ធនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ពាក់ពន្ធ័ករណីប្តីសម្លាប់ប្រពន្ធខាងលើ លោក ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល បានឲ្យដឹងថា ជនសង្ស័យ ចក ឆក ត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនភ្លាមៗក្រោយពីបានប្រើអំពើ ហឹង្សាវាយដំប្រពន្ធរបស់ខ្លួនរហូតដល់សន្លប់បាត់ស្មារតីក្រោយមកស្ត្រីរងគ្រោះត្រូវបានអ្នកស្រុកប្រជាការពារនិងកម្លាំងនគរបាលចុះអន្តរាគមន៍បញ្ជូនទៅសង្គ្រោះតែអកុសល់ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់នៅមន្ទីរពេទ្យតែម្តង។ លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ ចក ឆក បានសារភាពថា មុខពេលកើតហេតុ រូបគេនិងអ្នកជិតខាងបានផឹកស្រាជាមួយគ្នាតាំងពីព្រឹក លុះស្រវឹងក៏បានត្រឡប់មកផ្ទះវិញ បន្ទាប់មកលឺប្រពន្ធស្តីបន្ទោស និងបានជេរកូន ពេលនេះជនសង្ស័យគិតថាប្រពន្ធជេរឌឺខ្លួនក៏បានចូលទៅក្នុងផ្ទះនិងបានទាត់ប្រពន្ធទាំងដែកកំពុងបំបៅដោះកូនចំនួន៣ជើងនិងទះ១កំភ្លៀងកណ្តាលមុខ បណ្តាលឲ្យប្រពន្ធដួលសន្លប់ និងបានទៅបិទទ្វារមិនឲ្យនរណាចេញចូល ហើយបានកោសខ្យល់និងធ្វើចលនាឲ្យប្រពន្ធដឹងខ្លួនវិញ ដោយមិនឃើញប្រពន្ធងើបវិញក៏រត់ទៅហៅអ្នកស្រុកមកជួបនិងបញ្ជូនទៅមន្ទីរពេទ្យ។ ប្រភពពីអ្នកជិតខាង បានឲ្យដឹងថា បុរសខាងលើ ឲ្យដឹងតែស្រវឹងគឺតែងតែ មានទំនាស់ពាក្យសម្តីនិងវាយដំលើប្រពន្ធកូនជាញឹកញាប់លើកចុងក្រោយនេះបែបជ្រុលដៃទើបបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់បាត់បង់ជីវិតបែបនេះ។ ពាក់ពន្ធ័កណីខាងលើ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៨នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕