បណ្តាញសង្គម

លំនៅឋានប្រជាពលរដ្ឋចំនួន៤ខ្នងរងនូវការខូចខាត ដោយខ្សល់កន្ត្រាក់

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ នៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៨ បានជួយរុះរើផ្ទះប្រជាពលរដ្ឋ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរងនូវការខូចខាតដោយគ្រោះធម្មជាតិខ្សល់កន្ត្រាក់ នៅខែកក្តឹកមិនចាញ់ខែវស្សានោះឡើយ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖នៅវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំ ជាមួយ ខ្សល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ នៅភូមិរហាល ឃុំ រហាល ស្រុកព្រះនេត្រព្រះ ចំនួន៤ខ្នង រងនូវការខូចខាត ធ្លាក់ពីលើកម្នល់ របើកដំបូល ជញ្ជាំង រួមទាំងបង្គោលភ្លើង១ដើម។ លោកអធិការបានបញ្ជាក់ថា៖លំនៅដ្ឋានរបស់ប្រជាពលរដ្ឋទាំង៤គ្រួសាររួមមាន ៖ ១ ឈ្មោះ យ៉ាំង កេត ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខ្សល់បោកកាច់ជើងពី កម្នល់ បណ្តាលឲ្យប្រពន្ធឈ្មោះ អៀង អាវ័ន្ត អាយុ៣៤ឆ្នាំ បែកក្បាល និងថ្លោះចង្កេះ ,២ -ហ៊ុត ជាវ ភេទប្រុសអាយុ៦៤ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ,៣-ឈ្មោះ ហឿន សុផាន់ណា ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ, ៤/-ឈ្មោះ ហ៊ាន មួយ ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះនិងដួលបង្គោលភ្លើង១ដើម។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត តែងតែឲ្យកម្លាំងនគរបាល ត្រូវតែចុះឲ្យគៀក និងជួយប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ ។លោកបានដឹកនាំកម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលចុះជួយប្រជាពលរដ្ឋ ដោយជួយរុះរើនិងជួលជុលឡើងវិញ ៕ អត្ថបទ ៖ រឿង ចន្ទ្រា