បណ្តាញសង្គម

ពេទ្យសត្វខេត្តបន្ទាយមានជ័យស្ទាក់ចាប់រថយន្តដឹកសាច់មាន់ខូចគុណភាពជាងមួយតោននៅប៉ោយប៉ែត

បន្ទាយមានជ័យ : កម្លាំងជំនាញពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានដេញស្ទាក់ចាប់រថយន្តមួយគ្រឿងដែលសង្ស័យថាបានដឹកផលិតផលសាច់បក្សីខូចគុណភាពដែលនាំចូលពីប្រទេសថៃដោយខុសច្បាប់។ ការស្ទាក់ចាប់ធ្វើឡើងនៅម៉ោង១២និង៣០នាទីសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានឲ្យដឹងថា៖ ដោយទទួលបានព័ត៌មានពាក់ពន្ធ័នឹងការដឹកជញ្ជូនផលិតបក្សីដែលខូចគុណភាព និងក្រោមការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជ្ញារងអមអយ្យការសាលាដំបូងខេត្ត កម្លាំងជំនាញបានប្រតិបត្តិការដេញស្ទាក់និងចាប់រថយន្តបាននៅចំនុចមុខអធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត។ ក្រោយស្ទាក់ជាប់អ្នកបើកបរថយន្តប្រព្រឹត្តក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុ ។ លោក ហ៊ុយ ទូច បានបន្តថាក្រោយពីបានរើនិងថ្លឹងផលិតផលបក្សី ចុងស្លាបនិងកោះមានចំនួន ១២៨៤គីឡូក្រាម ស្មើនឹង១០៧កេះ។ ហើយដោយអនុវត្តទៅតាមវិធានមន្រ្តីពេទ្យសត្វនិងក្រោមការឯកភាពពីលោកព្រះរាជ្ញាផលិតផលបក្សីទាំងនេះត្រូវបានធ្វើការដុតកម្ទេចចោលនៅទីធ្លាក្នុងភូមិខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ លោកប្រធានការិយាល័យបានបញ្ជាក់ផងដែរថា ក្រោមការណែនាំរបស់លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋមន្រ្តីជំនាញតែងតែធ្វើការអប់រំណែនាំនិងទប់ស្កាត់នូវផលិតផលបក្សីដែលឈ្មួញលួចធ្វើចរាចរណ៍ឆ្លងកាត់ពីប្រទេសជិតខាងមកដុតកម្ទេចចោលជាបន្តបន្ទាប់ ៕