បណ្តាញសង្គម

ប្រតិភូខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ចូលជួបសំដែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រតិភូខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក ឆាត ផៃសិទ្ធ វិឈិត អភិបាលខេត្តស្រះកែវ បានអញ្ជើញចូលជួបសំដែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តស្តីទី លោក លោកស្រី ប្រធានមន្ទីរ អ្នកពាក់ព័ន្ធបានចូលរួម នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំសាលាខេត្ត ។ ក្នុងឱកាសចូលជួបសម្តែងការគួជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ លោក ឆាត ផៃសិទ្ធ វិឈិត អភិបាលខេត្តស្រះកែវ ក៏បានសម្តែងនូវការកោតសសើរចំពោះភាពរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានប្រែមុខមាត់គួឲ្យកត់សម្គាល់ ពិសេសមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពស្អិតរមួតដូចបងប្អូនបង្កើត ។ ជាពិសេសក្នុងនាមលោកជាអភិបាលខេត្តស្រះកែវថ្មី នឹងខិតខំរក្សានូវចំណង់មិត្តភាពរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បានល្អប្រសើបន្ថែមទៀតក្នុងនាមជាបងប្អូនប្រទេសជិតខាង នឹងទបស្កាត់នូវបទល្មើសផ្សេងៗនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ ពិសេសការចរាចណ៍គ្រឿងញៀនគ្រឿងញៀន និងទំនិញគេចពន្ធផ្សេងៗជាដើម ។ ថ្លែងក្នុងជំនួបរវាងខេត្តជាប់ព្រំដែនទាំង២ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា៖ កិច្ចសហប្រតិបត្តិការជាអន្តរជាតិរវាងខេត្តបន្ទយមានជ័យ-ខេត្តស្រះកែវ រក្សាបាននិងគោរពយ៉ាងខ្ជាប់ខ្ជួន នូវឯកភាព និងបូរណភាពទឹកដីព្រមទាំងមានទំនាក់ទំនងល្អលើគ្រប់វិស័យ មានវិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យអប់រំ យុវជន និងកីឡា វិស័យធម្មការ និងសាសនាជាដើម លើសពីនេះបានធ្វើឲ្យតំបន់ព្រំដែនរវាងខេត្តទាំងពីររក្សាបានូវសន្តិសុខសន្តិភាព និងប្រែក្លាយជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ដ៏មានសក្តានុពលដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋនៃខេត្តទាំងពីរ បានប្រកបមុខរបរចិញ្ចឹមជីវិតដោយគ្មានការព្រួយបារម្ភ ។ ឯកឧត្តម បន្តថា ៖ កន្លងមកភាគីទាំងពីរតែងមានទស្សកិច្ចសិក្សា និងផ្លាស់ប្ដូរបទពិសោធជាមួយគ្នា ក្នុងការរក្សានូវប្រពៃណីទំនៀមទម្លាប់នៃប្រទេសទាំងពីរឲ្យកាន់តែគង់វង្សយូរអង្វែងតទៅមុខ ។ នាឱកាសនោះ ប្រតិភូខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក៏បានអញ្ជើញពិនិត្យមើលកន្លែងធ្វើប័ណឆ្លងដែន នៅអង្គភាពច្រកចេញចូលតែមួយ នឹងបានកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ដល់ក្រុមការងារក្នុងការផ្តល់សេវាធ្វើប័ណឆ្លងដែនបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ៕ អត្ថបទ ៖ រឿង ចន្ទ្រា