បណ្តាញសង្គម

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​​ប្រតិកម្ម​នឹង​អាជ្ញាធរ​ដែល​មាន​គម្រោង​ដោះដូរ​មណ្ឌល​សុខ​ភាព​ប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រតិកម្មនឹងអាជ្ញាធរដែលមានគម្រោងដោះដូរមណ្ឌលសុខភាពប៉ោយប៉ែតទៅដាក់នៅទីតាំងថ្មីថា ជាការប្រព្រឹត្តអំពើពុករលួយ។ ពលរដ្ឋព្រួយបារម្ភថា ការដោះដូរនេះធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិរបស់រដ្ឋ ព្រោះដីនៅទីតាំងចាស់ចំកណ្ដាលទីប្រជុំជនដែលមានតម្លៃខ្ពស់ ហើយដូរទៅដាក់នៅទីតាំងថ្មីឆ្ងាយពីទីប្រជុំជនជារឿងមិនល្អនោះទេ។ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក វន វ័ន ឲ្យដឹងនៅថ្ងៃទី២៧វិច្ឆិកាថា ទីតាំងមណ្ឌលសុខភាពប៉ោយប៉ែតសព្វថ្ងៃសមរម្យជាទីកន្លែងសម្រាប់ព្យាបាលជំងឺ ដែលពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅពិនិត្យជំងឺឆាប់ដល់មន្ទីរពេទ្យ ហើយមិនបាច់ចំណាយពេលយូរនោះទេ ព្រោះនៅជាប់ផ្លូវជាតិលេខប្រាំ ក្បែររង្វង់មូលច្រកព្រំដែនកម្ពុជា ថៃ ជាទីប្រជុំជន ហើយផ្លូវស្រួលធ្វើដំណើរ។ លោករិះគន់អាជ្ញាធរក្រុងនេះថា ទំនងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយហើយបានជាចង់ប្ដូរទីតាំងមណ្ឌលសុខភាពមួយនេះទៅដាក់នៅឆ្ងាយពីទីប្រជុំនោះ។ លោក វន វ័នបន្ថែមទៀតថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមិនគាំទ្រឲ្យមានការផ្លាស់ប្ដូរទីតាំងមណ្ឌលសុខភាពនេះជាដាច់ខាត ព្រោះជាការធ្វើឲ្យហិនហោចទ្រព្យសម្បត្តិជាតិ។ លោកលើកឡោះងដូច្នេះថា «បញ្ហានេះបើសិនមិនមានអំពើពុករលួយទេ អាជ្ញាធរធ្វើមណ្ឌលសុខភាពកន្លែងផ្សេងមួយទៀត ហើយទុកមណ្ឌលសុខភាពចាស់នៅដដែលទៅ រឿងនេះមានន័យថា ដូរដោះពីកន្លែងថ្លៃទៅកន្លែងដីថោក ហើយនៅឆ្ងាយពីប្រជាពលរដ្ឋរស់នៅ ដូច្នេះខ្ញុំមិនសប្បាយចិត្តទេហើយខ្ញុំមិនចង់ឲ្យប្ដូរទៅដាក់កន្លែងណាឆ្ងាយទេ សំខាន់បង្កើតថ្មីបន្ថែមទៀត ដោយសារប្រជាពលរដ្ឋកាន់តែកើនច្រើន»។ ប្រតិកម្មរបស់ពលរដ្ឋនេះ បន្ទាបពីពួកគាត់ទទួលដំណឹងថា អាជ្ញាធរពាក់ព័ន្ធត្រៀមដោះដូរទីតាំងមណ្ឌលសុខភាពប៉ោយប៉ែតសព្វថ្ងៃទៅឲ្យឯកជនដើម្បីសង់អគារសម្រាប់បម្រើប្រយោជន៍ឯកជន ហើយទីតាំងថ្មីនៅឆ្ងាយពីទីប្រជុំជន ហើយផ្លូវស្ងាត់ និងពិបាកធ្វើដំណើរ។ ទោះបីយ៉ាងណាក្ដីចៅសង្កាត់ប៉ោយប៉ែត លោក ភោគ លន មានប្រសាសន៍ថា មណ្ឌលសុខភាពប៉ោយប៉ែតនៅតែជាមណ្ឌលសុភាពនៅទីតាំងចាស់ដដែល ដោយមិនមានការផ្លាស់ប្ដូរដីទៅឲ្យក្រុមហ៊ុន ឯកជនដូចការព្រួយបារម្ភរបស់ពលរដ្ឋនោះឡើយ។ លោកថ្លែងដូច្នេះថា «មិនមានទេ វាជារឿងអតីតកាលទេកាលពី៥ឆ្នាំមុនឯណោះទេ តែសព្វថ្ងៃមិនអាចទេ ព្រោះដីជារបស់រដ្ឋ ហើយមិនអាចចេះតែដោះដូរបានទេ។ ប៉ុន្តែកន្លងមកខ្ញុំសំណូមពរឲ្យធ្វើមណ្ឌលសុខភាពថ្មីនៅភូមិទំនប់កប្រាំ តែអត់បាន»៕