បណ្តាញសង្គម

ពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់ឆ្នាំ ២០១៩​ ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជន ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ឆ្នាំ ២០១៩ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដោយមានការចូលរួមពីលោកស្រី ប៉ុក ណាឌីអភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធឃុំ-សង្កាត់ សមត្ថកិច្ច បានចូលរួមប្រមាណជាង ៣០០នាក់ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ លោកស្រី ព្រំ ស៊ីណា ប្រធានមន្ទីរផែនការ បានមានប្រសាសន៍ថា ៖ ជំរឿនទូទៅប្រជាជនឆ្នាំ ២០១៩ គឺទទួលការរាប់ប្រជាជនតាមអាយុ និងភេទ ផ្ដល់របាយការណ៍តាមលក្ខណៈប្រជាសាស្រ្តសេដ្ឋកិច្ចសង្គម និងឈានទៅបង្កើតបញ្ជីសារពើភ័ណ្ឌ ប្រភពកម្លាំងពលកម្ម និងលក្ខណៈប្រជាសាស្រ្តរបស់ប្រទេសកម្ពុជារបស់ខេត្ត ក្រុងស្រុកនៅពេលណាមួយជាកំណត់ និងផ្ដល់ជាគំរូសម្រាប់ធ្វើអង្កេតនិងកម្មវិធីស្ថិតិ ផ្សេងៗទៀត ។ ការធ្វើជំរឿនទទួលបាននូវរបាយការណ៍ប្រជាជនពីការកើនឡើងក្នុងល្បឿនបែបណា ដើម្បីឲ្យរាជរដ្ឋាភិបាលព្យាករណ៍ធ្វើគោលនយោបាយប្រជាជន ធ្វើផែនការលំនៅដ្ឋាន ការកែលម្អសម្ភារៈប្រើប្រាស់ ផ្តល់អគ្គិសនី ទឹកទទួលទាននិងប្រើប្រាស់ជាដើម ។ លោកប្រធានមន្ទីរ បន្តថា ៖ គណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តបន្ទាយមានជ័យក្នុងក្រុង-ស្រុកទាំង៩ គណ:កម្មាធិការទូទៅប្រជាជនឃុំ-សង្កាត់ទាំង៦៥ ឃុំសង្កាត់របស់ខេត្តបានរៀបចំរួចរាល់អស់ហើយ ។ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ៖ ជំរឿនទូទៅប្រជាជននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ត្រូវបានដឹកនាំធ្វើអនុលោមតាមច្បាប់ស្តីពីស្ថិតិ នស/រកម/ ១២១៥/០១៨ ដែលចូលជាធរមាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ និងអនុក្រិត្យ លេខ ៧១ អនក្រ បកចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ដីពីការកំណត់កាលបរិច្ឆេទនៃការធ្វើជំរឿន គឺម៉ោងសូន្យ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៩ ។ ជំរឿនទូទៅប្រជាជនសំដៅលើវិធីសាស្រ្តទាំងមូលនៃការប្រមូល ការចងក្រង ការវាយតម្លៃការវិភាគ និងការផ្សព្វផ្សាយទិន្នន័យអំពីប្រជាជននៃប្រទេសមួយ ។ ជំរឿននេះពាក់ព័ន្ធដល់ការចុះបញ្ជីមនុស្សនិងការកត់ត្រាលក្ខណៈរបស់មនុស្សម្នាក់ៗ ក្នុងចំណោមមនុស្សទាំងអស់តាមកាលបរិច្ឆេទកំណត់ និងធ្វើការកត់ត្រាប្រមូលយកព័ត៌មានអំពីប្រជាសាស្ត្រសេដ្ឋកិច្ចសង្គម និងវប្បធម៌របស់មនុស្សម្នាក់ៗ ព្រមទាំងព័ត៌មានអំពីអាគារដែលកាន់កាប់ដោយគ្រួសារ ស្ថានភាពនៅដ្ឋាននិងសម្ភារៈប្រើប្រាស់ក្នុងក្រុមគ្រួសារ ។ លោកជំទាវ បានបន្តថា ៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគិតគូរជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ បានផ្តល់ឱកាសការងារ ទាក់ទាញអ្នកវិនិយោកជាច្រើនមកកម្ពុជាយើង ដើម្បីឲ្យប្រជាជនយើងមានការងារធ្វើ ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ៕ អត្ថបទ ៖ រឿង ចន្ទ្រា