បណ្តាញសង្គម

រថយន្ត​ក្រុម​តន្ត្រី​១​គ្រឿង​ក្រឡាប់​ធ្លាក់​ជ្រោះ​អន្ទង់អាំង​កោះកុង ស្លាប់​មនុស្ស​៤​នាក់ និង​របួសធ្ងន់​ស្រាល​១១​នាក់​

ករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង៣០ នាទីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៨ ចន្លោះគីឡូម៉ែតលេខ ៦១-៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤នាក់/ស្រី ២ នាក់ និងរងរបួសធ្ងន់ស្រាល១១/ស្រី៤នាក់។ លោកវរៈសេនីយ៍ទោ សុខ ផន អធិការនគរបាលស្រុកបុទុមសាគរ បានឱ្យដឹងថា ដើមហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះ ដោយសារតែអ្នកបើកបរ មិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរល្បឿនលឿនពេលចុះចំណោទជាន់ប្រាំងមិនស៊ី និងដាក់លេខមិនចូល។ លោកក៏ស្នើដល់អ្នកបញ្ជាយានយន្តទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៨ ខណៈចំណុចអន្ទង់អាំងមានសភាពកោងឡើងចុះបត់បែនខ្លាំង។អធិការនគរបាលស្រុកបុទុមសាគរ បន្ថែមថា រថយន្តដែលក្រឡប់ធ្លាក់ចូលជ្រោះនោះ ប្រភេទជារថយន្តកូរ៉េពណ៌ស មានបិទឈ្មោះថា តន្ត្រីស្រីពៅ បើកបរទិសដៅពីខេត្តកំពង់ស្ពឺ មកខេត្តកោះកុង ដើម្បីមកច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំណុចកើតហេតុខាងលើបានក្រឡាប់ធ្លាក់ផ្លូវ។ បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត៕