បណ្តាញសង្គម

ការវាយប្រហារ​របស់​អ៊ីស្រាអែល​ក្បែរ​រដ្ឋធានី​របស់​ស៊ី​រី បណ្តាលឱ្យ​របួស​ទាហាន​៣​នាក់

ប្រព័ន្ធផ្សព្វផ្សាយរបស់ស៊ីរីបានរាយការណ៍ថាយន្តហោះចម្បាំងអ៊ីស្រាអែលដែលហោះរំលងលើប្រទេសលីបង់បានបាញ់មីស៊ីលឆ្ពោះទៅកាន់តំបន់ក្បែរទីក្រុងដាម៉ាសរបស់ស៊ីរីកាលពីយប់ថ្ងៃអង្គារទី២៥ធ្នូដោយបានវាយប្រហារចំឃ្លាំងអាវុធនិងបណ្តាលឱ្យទាហាន៣នាក់រងរបួស ដោយនិយាយថា មីស៊ីលភាគច្រើនត្រូវបានបាញ់ទម្លាក់ដោយអង្គភាពការពារដែនអាកាស។ ទូរទស្សន៍រដ្ឋដែលដកស្រង់សម្តីមន្ដ្រីយោធាមិនបញ្ចេញឈ្មោះម្នាក់ បានកំណត់អត្តសញ្ញាណយន្តហោះចម្បាំងនោះជារបស់អ៊ីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់លីបង់បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលកំពុងហោះនៅកម្ពស់ទាបនៅផ្នែកខ្លះនៃប្រទេសលីបង់ភាគខាងត្បូង។ អង្គការឃ្លាំមើលសង្គ្រាមនៅស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានតម្រង់ទៅលើគោលដៅចំនួន៣នៅភាគខាងត្បូងទីក្រុងដាម៉ាសដែលជាឃ្លាំងអាវុធសម្រាប់ក្រុមសកម្មប្រយុទ្ធហេសប៊ូឡា (Hezbollah) របស់លីបង់និងកងកម្លាំងអ៊ីរ៉ង់។ ការវាយប្រហារនៅក្បែរទីក្រុងដាម៉ាសគឺជាការវាយប្រហារលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសកាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិកនឹងដកកងកម្លាំងសរុបរបស់ខ្លួន ២.០០០ នាក់នៅក្នុងប្រទេសស៊ីរី ជាចំណាត់មួយដែលនឹងទុកឱ្យតំបន់ភាគខាងកើតស៊ីរីដ៏សម្បូរប្រេងប្រឈមនឹងការដណ្តើមគ្នាកាន់កាប់ពីសំណាក់ភាគីជាច្រើន។ បន្ទាប់ពីការប្រកាសរបស់លោកត្រាំ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូបាននិយាយថា អ៊ីស្រាអ៊ែលនឹង “បន្តធ្វើសកម្មភាពប្រឆាំងនឹងការប៉ុនប៉ងរបស់អ៊ីរ៉ង់ដើម្បីពង្រីកកម្លាំងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ហើយក្នុងកម្រិតចាំបាច់ យើងនឹងពង្រីកសកម្មភាពរបស់យើងនៅទីនោះ”។ ជិតមួយម៉ោងបន្ទាប់ពីការវាយប្រហារបានចាប់ផ្តើម ប្រជាជននៅទីក្រុងដាម៉ាសនៅតែអាចស្តាប់ឮអង្គភាពការពារដែនអាកាសបាញ់ទម្លាក់មីស៊ីលពីលើមេឃ៕