បណ្តាញសង្គម

​ផឹកស្រា​ស្រវឹង​ចុះ​ងូត​ទឹកស្រះ​លង់​ស្លាប់​

សៀមរាបៈបុរសវ័យ៥៧ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់បន្ទាប់ពីរូបគាត់បានផឹកស្រាស្រវឹងរួចទៅចុះងូតទឹកស្រះហើយមិនឃើញរូបគាត់ត្រឡប់មកផ្ទះវិញក៏នាំគ្នាចុះរាវរកក្នុងស្រះក៏ប្រទះឃើញសព។ហេតុការណ៍មានមនុស្សលង់ទឹកស្រះស្លាប់ បានកើតឡើង ស្ថិតនៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ សមត្ថកិច្ចស្រុកអង្គរជុំ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មិត្ត ដុំ ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។មុនពេលកើតហេតុគឺកាលពីថ្ងៃទី២០ ខែមិថុនា គឺជនរងគ្រោះបានផឹកស្រាស្រវឹងតាំពីល្ងាចមកម្លេះ ។លុះដល់ពេលយប់ឡើងជនរងគ្រោះបានយកខោអាវទៅងូតទឹកស្រះ ។ សមត្ថកិច្ចបានបន្តទៀតថា លុះដល់ពេលព្រឹកថ្ងៃទី២១ ខែមិថុនា មិនឃើញជនរងគ្រោះនៅផ្ទះក៏នាំគ្នាឆោឡោដើររក ។លុះមកដល់ស្រះទឹកខាងក្រោយផ្ទះឃើញខោអាវនៅជិតស្រះ ទើបនាំគ្នាចុះមុជរាវរកក៏ប្រទះឃើញសព។ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

​ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​ធុងបាស់​ពីក្រោយ​ស្លាប់​ម្នាក់​

សៀមរាបៈបុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរូបគាត់បានជិះម៉ូតូម៉ាកសេ១២៥មួយគ្រឿងទៅបុកគោយន្តកន្ត្រៃដឹកធុងបាស់ពីក្រោយ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចចរាចរណ៍នេះ បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហាន ហុនហៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1K2194ពីទិសកើតទៅលិចទិសដៅស្របគ្នាជាមួយគោយន្តកន្ត្រៃ។ លុះមកដល់ចំណុចកើតហេតុដោយសារតែចាំងភ្លើងហ្វារថយន្តនៅម្ខាងផ្លូវទើបធ្វើអោយជនរងគ្រោះបានបុកគោយន្តកន្ត្រៃដឹកធុងបាស់ពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលស្រុកជីក្រែងបានចុះមកដល់ហើយបានប្រគល់សាកសពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាចំណែកវត្ថុតាងមានម៉ូតូនិងគោយន្តកន្ត្រៃត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីស្រាវជ្រាវរកម្ចាស់គោយន្តកន្ត្រៃ មកដោះស្រាយតាមផ្លូវច្បាប់៕

ឱ្យ​ប្អូនថ្លៃ​ប្រុស​ឌុប​ទៅផ្ទះ​ម្តាយមីង​តែ​បែ​ជា​ឌុប​ចូល​ផ្ទះសំណាក់​រំលោភ​បានសម្រេច​២​ដង​

ភ្នំពេញ: នារីម្នាក់ទុកចិត្តអនាគតប្អូនថ្លៃប្រុសបានឱ្យឌុបខ្លួនទៅលេងម្តាយមីងនៅឯខេត្ត។លុះមានឱកាសល្អប្អូនថ្លៃក៏ឌុបបងថ្លៃស្រីឡើង ផ្ទះសំណាក់បង្ខំរំលោភបានសម្រេច២ដង។រួចមកបងថ្លៃស្រីនោះក៏ប្តឹងសមត្ថកិច្ចតាមចាប់ជនកំហូចបាន។ហេតុការណ៍បានកើតឡើងនៅកន្លែងវង់ល្បែង ក្នុងបុរី ញ្ញូថោន ដែលស្ថិតនៅភូមិអង្គសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ ។ សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យឈ្មោះជាតិចាន់លីមភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅបន្ទប់ជួលម្តាយមីង ភូមិ អង្គសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ នារីរងគ្រោះ ដោយមិនប្រាប់ឈ្មោះជាង២០ឆ្នាំមុខរបររៀនកែសម្ផស ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្ត តាកែវ។ តាមប្រភពព័ត៌មានពីគូដណ្តឹងជនសង្ស័យបាននិយាយប្រាប់ថានៅមុនពេលកើតហេតុនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៨ នៅវេលាម៉ោង១២និង៣០នាទីរសៀលបានខលហៅជនសង្ស័យដែលត្រូវជាប្អូនគូដណ្តឹងរបស់ខ្លួន(ឪពុកជាមួយ ម្ដាយផ្សេងគ្នា)ឱ្យប្អូនថ្លៃឌុបទៅលេងម្តាយមីងត្រូវជាម្ដាយជនសង្ស័យ នៅខេត្តកំពុងស្ពឺ។ លុះបន្ទាប់មកប្អូនថ្លៃរបស់នាង ឌុបបានពាក់កណ្តាលផ្លូវ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង នាក់ទាំង២បានឈប់ទិញអាវភ្លៀងនឹងទិញបាយទុកហូប។ លុះមកដល់មុខផ្ទះសំណាក់ សន្តិភាពនៅម្តុំអូដឹម ជនសង្ស័យត្រូវជាប្អូនគូដណ្តឹងបានឌុប ចូលផ្ទះ សំណាក់ ហើយប្រាប់នាងថា ចូលជ្រកភ្លៀង ហូបបាយសិនចាំបន្តដំណើរទៀត ហើយបាននាំគ្នាឡើងផ្ទះសំណាក់ បន្ទាប់មកបានហូបបាយ រួចហើយ ស្រាប់តែជនសង្ស័យត្រូវជាប្អូនគូដណ្តឹង បានចាប់ផ្តួល ហើយនាងស្រែក។ តែជនសង្ស័យបានច្របាច់កនាងថែមទាំងគំរាមសម្លាប់ទើបនាងមិនហៀនស្រែក បានសម្រេចចំនួន២ដងហើយមិនជូនទៅផ្ទះ មីងនោះឡើយ។ ដោយឱ្យ ម៉ូតូឌុបមួយទៀត ជូនជំនួសវិញហើយនាងបានត្រឡប់ផ្ទះនាងវិញ ។ លុះនៅថ្ងៃទី១៤រំលងបានមួយថ្ងៃ នាងបានដាច់ចិត្ត ប្រាប់ទៅគូដណ្តឹងនាងនៅរឿងរ៉ាវទាំងអស់នោះតែម្តង ។ ក្រោយពេលកើតហេតុបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហើយ សមត្ថកិច្ចសាកសួរទៅជនសង្ស័យដោយមិនបានសារភាពថាខ្លួនបានចាប់រំលោភលើនារីរងគ្រោះឡើយ ដោយឆ្លើយថា ខ្លួនត្រូវជនរងគ្រោះ តេហៅ មកផ្ទះសំណាក់ដោយមិនចាប់បង្ខំទេ គឺព្រមព្រៀងជាមួយគ្នា។ លុះបន្ទាប់មកម្ដាយមីង ជនសង្ស័យសុំសម្របសម្រូល ដោះស្រាយសងជំងឺចិត្តនារីរងគ្រោះទាមទារចំនួន៣០០០រដុល្លារ។តែម្តាយមីងគ្មាន លទ្ធភាពសង ហើយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕

​បើករថយន្ត​បុក​ថ្ម​ចែកផ្លូវ​បណ្តា​លបាក់​៤​ផ្ទាំង​និង​រថយន្ត​ខូចខាត​យ៉ាងដំណំ​

ភ្នំពេញៈបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងទើបនឹងចេញពីផឹកស៊ីនៅម្តុំពោធិ៍ចិនតុងត្រឡប់មកផ្ទះវិញសង្ស័យស្រវឹងស្រាប់តែបុកថ្មទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត អស់៤ផ្ទាំង រីឯរថយន្តវិញរងការខូចខាតដាច់កង់ទៅមុខលែងរួច។ករណីនេះបានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌ មានជ័យការពីវេលាម៉ោង៣ទាបភ្លឺចូលថ្ងៃទី២១ខែមិថុនា ឆ្នាំ ២០១៨ ។ សាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកកាមេរីបាឡែនពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AL6494បើកតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ ដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុកថ្ម ទ្រូងផ្លូវខ្ទាតចេញពីជួរ៤កង់ ។រីឯរថយន្តវិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្តយ៉ាងដំណំដាច់ក្រឡេកង់ទៅមុខលែងរួចតែមិនបង្កឱ្យមានអ្នករងរបួស ។ ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​លួច​

បាត់ដំបងៈកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តពីបទលួច។ជននេះត្រូវអាវុធហត្ថមូលដ្ឋានក្រុងបាត់ដំបងចាប់ខ្លួនបានកាលពីម៉ោង២:៣០រសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨។ ក្រោយពេលទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះជាខនភេទប្រុសអាយុ៧៨ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅក្រុមទី១៩ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយចោទពីបទលួច ។ លោកសំ វីឡុងមេប៉េអឹមក្រុងបាត់ដំបងបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ហ៊ុល វណ្ណា ហៅ ម៉ាប់ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១២ ភូមិ/សង្កាត់ជាមួយគ្នា ។ជននេះបានធ្វើសកម្មភាពផ្លោះរបងចូលលួចប្រាក់រៀលចំនួន ៨០០.០០០ រៀលនិងប្រាក់ដុល្លារ ១០០ ដុល្លារព្រមទាំងដកហូតបានវត្ថុតាង ទូរស័ព្ទ១គ្រឿង ម៉ាកសាំសុង ពណ៌ស លិខិតលក់.ទិញទូរស័ព្ទ១ សន្លឹក ។ បច្ចុប្បន្នជនសង្ស័យកំពុងធ្វើសាកសួរនៅអង្គភាពបន្តតាមនិតិវិធីនិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ហ៊ីយ៉ានដាយ​ស្តា​រ៉ិ​ច​ប្រ​លះ​ដើមឈើ​១​ដើម​រង​ការខូចខាត​យ៉ាងដំណំ​និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់​

ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ជាជនជាតិកូរ៉េបើកក្នុងល្បឿនលឿនពេកងោកមួយភាំងរ៉េចង្កូតមកបុកដើមឈើបណ្តាលឲ្យរងការខូចខាតដើមឈើនឹងរថយន្តយ៉ាងដំណំបង្កឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ ។ នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចជាប់របងពេទ្យគុន្ធបុបា្ផ២ ស្ថិតនៅតាមបណ្តោយផ្លូវ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារី២នាក់ ទៀតជាជនជាតិកូរ៉េបើករថយន្តហ៊ីយ៉ានដាយស្តារ៉ិចស៊េរីទំនើបពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AR-6501 បើកតាមបណ្តោយផ្លូវ២៤០ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនពេក ងោកមួយភាំងក៏រ៉េចង្កូតទៅបុកដើមឈើធំមួយដើម(ដើមគ្រាប់បែក) បណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងមុខ ខាងឆ្វេង បែកកង់ចេញយ៉ាន់ស្ទើតែទាំងស្រុងដើមឈើគ្រាន់តែរបកសំបករីឯតៃកុងរថយន្តនឹងអ្នករួមដំណើររងរបួសធ្ងន់ស្រាល៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ ភ្លាមៗផងដែល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុ វាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធី ៕

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​របួសធ្ងន់​ទាំងសងខាង​

សៀមរាបៈ បុរស២នាក់បានរងរបួសធ្ងន់ទាំងសងខាង បន្ទាប់ពីបុរសអ្នកបើកម៉ូតូម៉ាក C១២៥ពណ៌ខ្មៅបានបុកជាមួយម៉ូតូម៉ាកគុបពណ៌ស្លែ។សមត្ថកិច្ចធ្វើការបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ តាមកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគមខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមបាននិយាយថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្ករឡើងដោយម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១D ០៥២៦ បើកបរដោយឈ្មោះ យ៉ម ជិញ ភេទប្រុស អាយុ៣២ឆ្នាំ បានបើកទៅបុកជាមួយម៉ូតូម៉ាកគុប ពណ៌ស្លែ គ្មានស្លាកលេខ បណ្ដាលអោយរបួសធ្ងន់ទាំងសងខាង។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូម៉ាកគុបមានឈ្មោះ ថឹម តាក់ ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម។ ចំណែកអ្នកបើកម៉ូតូម៉ាក C១២៥ មានឈ្មោះ យ៉ម ជិញ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្នែងកោង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កើតហេតុ ហើយធ្វើការបញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យស្រុកសូទ្រនិគម ឯចំណែកម៉ូតូទាំង២គ្រឿង យកទៅរក្សារទុកកន្លែងអធិការនគរបាលស្រុកសូទ្រនិគម ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

លទ្ធផល​មិន​ស្ដាប់​ម៉ែ​! លួច​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​រងរបួស​បាក់ជើង​

ភ្នំពេញ: ក្មេងប្រុសអាយុទើប១២ឆ្នាំម្នាក់ ម្តាយបានហាមហើយ ហាមទៀត មិនឲ្យជិះម៉ូតូតាមផ្លូវទីប្រជុំជុំខ្លាចជួបគ្រោះថ្នាក់ផ្សេងៗ តែកូនមិនបានស្តាប់ ទោះជាម្តាយប្រាប់យ៉ាងណា ហើយបានលួចយកម៉ូតូជិះចេញពីផ្ទះ ទៅរកម្តាយនៅរោងចក្រ បែរជាជិះចូលរថយន្តកំពុងបើកតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងស្តាំ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខច្រកចូលក្លោងទ្វារវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្មេងរងគ្រោះឈ្មោះ សម លីហ្សា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ជិះម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-1079 តាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បត់ឆ្លងផ្លូវវឹង ទៅឆ្វេងដៃ កាត់ពីមុខរថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3239 បើកពីជើងទៅត្បូង រកតែហ្វ្រាំងមិនទាន់ផង ទើបបុកកល់ម៉ូតូជាប់ពីក្រោមតែម្តង បណ្តាលឲ្យក្មេងខាងលើ បាក់កជើងស្តាំ។

រថយន្តបុក​ម៉ូតូ​: ស្លាប់​ម្នាក់ របួសស្រាល​ម្នា​ក់នៅ​ផ្លូវ​៣០​ម៉ែត្រ​

ភ្នំពេញៈបុរសជាកម្មកររោងចក្រម្នាក់ស្លាប់ភ្លាមៗនៅកន្លែងនិងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីរថយន្តកុងតឺន័របើកបុកម៉ូតូពីក្រោយនៅតាមផ្លូវ៣០ម៉ែត្រភូមិព្រៃកំបុតសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ កាលពីម៉ោងជាង៤រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ គ្រាន់តែដឹងថា ជាកម្មកររោងចក្រ នៅក្បែរកន្លែងកើតហេតុ ។ ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល ជិះម៉ូតូ និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-9230 ។ ចំណែករថយន្តបង្ក ត្រូវបានជនរងគ្រោះ ប្រាប់ថា ជារថយន្តកុងតឺន័រ ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-1694 ។អ្នកបើកបរ ក្រោយកើតហេតុ គេចខ្លួនបាត់។ រថយន្តបង្កក្រោយកើតហេតុ បន្ថែមល្បឿនព្យាយាមបើករត់គេច តែត្រូវបានពលរដ្ឋដេញតាមឃាត់បាននៅតាមផ្លូវជាតិលេខ៣មុខវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ចំងាយពីកន្លែងកើតហេតុ ជាងពីរគីឡូម៉ែត្រ ។ តាមប្រភពពីជនរងគ្រោះរបួសស្រាលបានឲ្យដឹងថាជនរងគ្រោះដែលស្គាប់គ្រាន់តែជាអ្នកធ្វើការជាមួយគ្នាមិនស្គាល់ឈ្មោះពេលចេញពីរោងចក្រសុំជិះដោយសារជាមួយដើម្បីរង់ចាំរថយន្តជិះបន្តត្រង់ចំណុចកែងផ្លូវជាតិលេខ៣ តែប៉ុណ្ណោះ ទើបមកដល់ចំណុចខាងលើជួបគ្រោះថ្នាក់តែម្តង ៕

​ជន​ម្នាក់​ស្រវឹងស្រា​ប្រើ​អំពើហិង្សា​លើ​ប្អូនស្រី​បណ្ដាលឱ្យ​រងរបួស​

កំពង់ស្ពឺៈជនម្នាក់ផឹកស្រាស្រវឹងបានវាយប្អូនស្រីរបស់ខ្លួនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ដោយហូរឈាមតាមត្រចៀក។ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិដើមផ្ដៀកឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨។ មន្ត្រីនគរបានបានឲ្យដឹងថាមុនពេលកើតជនសង្ស័យឈ្មោះគា សុខហេង ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិដើមផ្តៀកឃុំត្រែងត្រយឹងបានផឹកស៊ីស្រវឹងហើយបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះដែលជាប្អូនស្រីបង្កើតរបស់ខ្លួនឈ្មោះគា សាវិន អាយុ២៦ឆ្នាំរួចក៍វាយប្អូនរស្រីរបស់ខ្លួនត្រូវចំគុម្ភត្រចៀកខាងឆ្វេងជា ច្រើនដៃបណ្តាលឲ្យចេញឈាមហូរតាមត្រចៀក។ ប្រភពបន្តថាក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយអត្តរាគមន៍រួចកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំមកកាន់អធិការដ្ឋាននគរបាលប៉ុស្តិត្រែងត្រយឹងដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូ​តួ​បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​

ព្រះសីហនុៈយុវជនជាកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ មួយនៅបណ្តោយផ្លូវជាតិលេខ៤។ករណីនេះបានកើតឡើងលើដងផ្លូវជាតិលេខ៤ស្ថិតត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨។ មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ ២L ៣៦៨៦ ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ( អ្នកបើកបរគេចខ្លួន )។ មកដល់ចំណុចកើតហេតុខាងលើរថយន្តបត់ឆ្វេងចូលចាក់សាំងក៏ប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដា ពាក់ស្លាកលេខព្រះសីហនុ ១E ៣៦៩០ ទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ទ្រី ធីរម្យ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ(ឡុង សែន ជើងគោ)ទីលំនៅភូមិតាពៅឃុំតានៃស្រុកព្រៃនប់ រងរបួសធ្ងន់។ វត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមកអធិការប៉ូលីសរក្សាទុកបណ្តោះអាសន្នដើម្បីដោះស្រាយបន្ត៕

គ្រឿងញៀន​រាលដាល​ដល់​ជនបទ​: បង្ក្រាបបាន​ជនសង្ស័យ​ប្រាំ​នាក់​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

ស្ទឹងត្រែង: ជនសង្ស័យចំនួន៥នាក់បានត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង សហការជាមួយ នគរបាលស្រុកថាឡាបរិវ៉ាត់ ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងករណីពាក់ព័ន្ធ គ្រឿងញៀននិងលួចទ្រព្យសម្បត្តិអ្នកដទៃ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងប្រាំនាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨។ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យទាំងប្រាំនាក់រួមមានឈ្មោះបង់ប៊ុនសាឡាង អាយុ១៥ឆ្នាំ។ ឈ្មោះកុចរិទ្ធីអាយុ២៣ឆ្នាំ។ ឈ្មោះរួនរ៉នអាយុ២៦ឆ្នាំ ឈ្មោះហួនហានអាយុ១៨ឆ្នាំ និងជនទី៥ជាមេខ្លោងឈ្មោះជាចាន់អាយុ១៧ឆ្នាំ។ ជនទាំងបួននាក់ខាងលើនេះ មានទីលំនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់។ ប៉ូលិសបានបញ្ជាក់ថា ឈ្មោះជាចាន់កាលពីថ្ងៃទី៧ខែមិថុនាបានលួចទូរស័ព្ទដៃម៉ាក iphone5 ពីឈ្មោះភ័ក្រភួនអាយុ១៧ឆ្នាំ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ បន្ទាប់ពីលួចបានទូរស័ព្ទដៃមួយគ្រឿង ហើយឈ្មោះជាចាន់ បានយកទូរស័ព្ទទៅដោះលេខកូដ និងឈូសកម្មវិធីជាមួយជាងទូរស័ព្ទដៃឈ្មោះនុតសុខថាត់។ លុះដល់ថ្ងៃទី៨ខែមិថុនា ឈ្មោះជាចាន់បានយកទូរស័ព្ទដែលខ្លួនលួចបានយកទៅលក់ឱ្យឈ្មោះណយ ក្នុងតម្លៃ៤០ម៉ឺនរៀល និងបានត្រឡប់មកផ្ទះវិញ។ ក៏ប៉ុន្តែនៅម៉ោងវេលា៨យប់ថ្ងៃទី៨ខែមិថុនាឈ្មោះជាចាន់ បានជិះម៉ូតូរកទិញកាតទូរស័ព្ទក្នុងភូមិរបស់ខ្លួនដែលរស់នៅក៏បានជួបឈ្មោះវង់ចន្ធូ ត្រូវជាម្តាយរបស់ឈ្មោះនុតសុខថាត់ ជាងជួសជុលទូរស័ព្ទ។ ភ្លាមនោះឈ្មោះជាចាន់ បានសួរទៅម្តាយជាងទូរស័ព្ទថា មានកាតទូរស័ព្ទលក់អត់? ម្តាយជាងជួសជុលទូរស័ព្ទតបភ្លាមថាមិនមានទេ។

​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន​និង​ផ្តល់ព័ត៌មាន​ពី​ការបំពុល​បរិស្ថាន​

កំពង់ចាម: អភិបាលក្រុងកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន និងផ្តល់ព័ត៌មានស្តីពីការបំពុលបរិស្ថានគឺដើម្បីថែរក្សាសម្រស់និងសោភ័ណ្ឌភាពក្រុងជាប់ដងទន្លេមេគង្គមួយនេះឲ្យស្ថិតក្នុងចំណាត់ថ្នាក់ជាក្រុង«រំដួលបីទង»ជារៀងរាល់ឆ្នាំ។ នេះជាការអំពាវនាវរបស់លោកចាន់ផល្លីអភិបាលក្រុងកំពង់ចាមនៅចំពោះមុខមន្ត្រីជាគណ:បញ្ជាការឯកភាពក្រុងនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨គឺបានអញ្ជើញបុរសឈ្មោះព្រំធឿនអាយុ៦៣ឆ្នាំជាជាងប៉ះកង់នៅជាប់របងសាលាបឋមសិក្សាឧត្តរក្រុងកំពង់ចាម។ឈ្មោះនោះបានយកសំរាមចាក់ពង្រាយទឹកភ្លៀងហូរលើផ្លូវហើយត្រូវអ្នកសារព័ត៌មានតាមប្រព័ន្ធហ្វេបុកថតបាននូវរាល់សកម្មភាពជាក់ស្តែងកាលពីល្ងាចថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨។ លោកចាន់ផល្លីបានលើកឡើងថាខណ:នេះលោកព្រំធឿនបានទទួលស្គាល់នូវកំហុសរបស់លោកដែលបានយកសំរាមចាក់ពង្រាយលើផ្លូវសាធារណ:នោះហើយ។ជាមួយនោះក៏សូមសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទៀត និងសូមសន្យានឹងកែប្រែជាប្រជាពលរដ្ឋដែលចូលរួមសម្អាតបរិស្ថាន។ ប៉ុន្តែទន្ទឹមនឹងនេះលោកអភិបាលក្រុងសូមឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់និងប្រជាពលរដ្ឋទូទៅចូលរួមសហការថែរក្សាសម្អាតបរិស្ថានឲ្យបានទាំងអស់គ្នាគឺប្រយោជន៍ដើម្បីជួយថែរក្សាសម្រស់និងសោភ័ណ្ឌភាពក្រុងកំពង់ចាមនេះស្ថិតក្នុងចំណាត់ថ្នាក់ជាក្រុង«រំដួលបីទង»ជារៀងរាល់ឆ្នាំនិងឲ្យក្លាយជាក្រុងទេសចរណ៍ដ៏ទាក់ទាញ។ លោកអភិបាលក្រុងបានលើកឡើងទៀតថាប្រការសំខាន់នោះគឺទាមទារឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការផ្តល់ព័ត៌មាន ស្តីពីការបំពុលបរិស្ថានដូចករណីខាងលើនេះ ដើម្បីឲ្យអ្នកប្រព្រឹត្តបានយល់ និងកែប្រែឥរិយាបទរបស់ខ្លួនងាកមកចូលរួមថែរក្សាបរិស្ថានឲ្យបានទាំងអស់គ្នា។ បើយើងទុកប ណ្តោយឲ្យសំរាមនៅរាយមាយ ពាសវាលពាសកាលនោះ គឺវានឹងទៅបិទមាត់លូ ឬប្រព័ន្ធលូដែលជាអ្នករ៉ាប់រងធានាការបង្ហូរទឹកកខ្វក់ចេញពីក្រុងកំពង់ចាមក្នុងថ្ងៃ ៩.០០០ ម៉ែត្រគូបនោះ នឹងត្រូវស្ទះចាល់លិចផ្លូវ លំនៅស្ថានបងប្អូនដូចធ្លាប់បានជួបប្រទះនាពេលកន្លងមកជាមិនខាន។ លោកហែមចាន់ធូអាយុ៥៥ឆ្នាំជាអ្នកព័ត៌មានតាមប្រព័ន្ធសង្គមហ្វេបុកម្នាក់ដែលតាមដានករណីចាក់ចោលសំរាមពង្រាយលើផ្លូវខាងលើបានឲ្យដឹងថា សូមចូលរួមគាំទ្រនូវចំណាត់ការរបស់អាជ្ញាធរក្រុងកំពង់ចាម និងការអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន ហើយសហការផ្តល់ព័ត៌មានពីការបំពុល ឬបំផ្លាញបរិស្ថាន។ ពិសេសដែលបានអញ្ជើញអ្នកបង្កផលប៉ះពាល់បរិស្ថានលើផ្លូវសាធារណ:មកអប់រំបែបនេះ ជារឿងត្រឹមត្រូវ ហើយបើមិនរាងចាលនឹងអនុវត្តន៍វិធានពិន័យបន្តទៀត៕

ជម្លោះ​ក្នុង​គ្រួសារ​! ប្តី​ស្លាប់ ប្រពន្ធ​នគរ​បា​ឃាត់ខ្លួន បន្សល់​កូន​អាយុ​៣​ខែ​កន្លះ​នៅ​កំព្រា

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០០ និង៣០នាទី នៅចំណុចបន្ទប់ជួលលេខ០១ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញករណីមនុស្សឃាតដោយចេតនាផ្តើមចេញពីជម្លោះក្នុងគ្រួសារ។ ប្រភពបន្តថា ជនរងគ្រោះឈ្មោះ អៀង ជីវ៉ា ហៅ ពើន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើនំបញ្ចុកស្នាក់នៅបន្ទប់ជួលលេខ០១ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាប្តីរបស់ជនសង្ស័យ)។ ចំណែកជនសង្ស័យឈ្មោះ អឿន គឹមអាន ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយជនរងគ្រោះ។ វត្ថុតាងចាប់យក៖កូនកន្ត្រៃដងជ័រពណ៌ខៀវមួយ។ ប្រភពបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ (សព) បានត្រឡប់ពីផឹកស៊ីស្រវឹង មកដល់បន្ទប់ជួលផ្ទះកើតហេតុខាងលើពេលនោះជនសង្ស័យឈរ(ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) បានរអ៊ូដាក់ជនរងគ្រោះថាឪវាឯងកុំផឹកស៊ីច្រើនពេក ដេកឱ្យច្រើនទៅ ខ្លាចឈឺ ព្រោះមានតែឪវាឯងម្នាក់ទេ ជាអ្នករកលុយចិញ្ចឹមគ្រួសារ បើឯងឈឺទៅបានអ្នកណា រកមកចិញ្ចឹមប្រពន្ធកូន ហើយជនរងគ្រោះ ក៏បានបិទភ្លើងចូលដេកក្នុងមុងជាមួយជនសង្ស័យដោយបានដាក់កូនស្រីអាយុ០៣ខែកន្លះនៅចន្លោះកណ្តាល។ បន្ទាប់មកជនសង្ស័យក៏បាននិយាយពាក្យខាងលើដដែលៗជាមួយជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះខឹងក៏បានទាញយកកូនកន្ត្រៃ ដែលដាក់នៅលើក្បាលដំណេករបស់កូនស្រីខាងលើកាន់នៅនឹងដៃ។ ពេលជនសង្ស័យ ឃើញដូចនេះក៏បានស្ទុះទៅចាប់យកកន្ត្រៃពីដៃជនរងគ្រោះមកវិញ ហើយក៏មានការប្រទាញប្រទុងគ្នាទៅវិញទៅមក រួចស្រាប់តែជនរងគ្រោះក៏បានស្រែកហៅជនសង្ស័យថា អាន (អឿន គឹមអាន) ជួយខ្ញុំផង ហើយជនសង្ស័យក៏បានស្រែកអោយឈ្មោះ អឿន គឹមអេង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្អូនស្រីបង្កើតរបស់ ជនសង្ស័យ) ឱ្យបើកភ្លើង រួចក៏ឃើញ ឈាមបាញ់ចេញពីក្រោមដោះខាងឆ្វេងរបស់ជនរងគ្រោះយ៉ាងខ្លាំង។ បន្ទាប់មកជនសង្ស័យក៏បានស្រែកហៅ អ្នកជិតខាង និងទូរស័ព្ទហៅកង់បីដឹកជនរងគ្រោះយកទៅសង្គ្រោះនៅ មន្ទីរពេទ្យរុស្សី ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយតែភ្លាមៗនោះក្រុមគ្រួសារនិង សាច់ញាតិរបស់ជនរងគ្រោះពុំបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមទេ។ លុះដល់វេលាម៉ោង០៧និង០៥នាទី ថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចទទួលព័ត៌មានករណីខាងលើ តាមរយៈ ប្រជាពលរដ្ឋដែលរស់នៅជិតខាង ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការបំភ្លឺសាក្សី ប្រមូលវត្ថុតាង ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។ ក្រោយមកសមត្ថកិច្ចយើងក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេស និងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ គ្រូពេទ្យតុលាការ ឱ្យចុះមកសហការ ធ្វើកោសល្យវិច្ច័យលើសព ឃើញមានស្នាមមុតចំនួន០២កន្លែង ១.មុតក្រោមដោះខាងឆ្វេងមុតធ្លុះចូលទៅខាងក្នុងមួយកន្លែង ២.មុតឆូតត្រង់គន្លាក់ដៃខាងឆ្វេងមួយកន្លែង ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចយើងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានមុតកន្ត្រៃចំក្រោមដោះខាងឆ្វេងចូលជ្រៅទៅខាងក្នុងបណ្តាលអោយស្លាប់ ប្រាកដមែន ។ សមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះឱ្យទៅឈ្មោះ អៀង ម៉ាន ភេទស្រី អាយុ៤៤ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ) យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តព្រៃវៃង រួចករណីខាងលើនេះម្តាយបង្កើត និងសាច់ញាតិរបស់ជនរងគ្រោះពុំមាននរណាម្នាក់ធ្វើការប្តឹងផ្តល់ទេ។ បច្ចុប្បន្នជនសងសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

រន្ទះបាញ់​ឆក់យក​ជីវិត​មនុស្ស​៥​នាក់ និង​ម្នាក់​រងរបួស​នៅ​ស្រុក​ថ្មបាំង​

ខេត្តកោះកុង ៖ អាជ្ញាធរខេត្តបានឱ្យដឹងថា មនុស្ស៥នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងករណីរន្ទះបាញ់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូរទាពង ស្ថិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកថ្មបាំងបានឲ្យដឹងថា កាលពីវេលាខាងលើ គ្រោះធម្មជាតិរន្ទះបាញ់បានបាញ់សម្លាប់មនុស្ស៤នាក់ ទី១-ឈ្មោះ សៀម សាវឿន ទី២-ឈ្មោះ សៀម សឿន ទី៣-ឈ្មោះ ទិល សារុណ ទី៤-ឈ្មោះ ភិន ភឿន និងទី៥-ឈ្មោះ ថាន់ វ៉ាធី អាយុ៤ឆ្នាំ។ ជាមួយគ្នានោះ បណ្តាលឲ្យសត្វឆ្កែ៤ក្បាលងាបផងដែរ។ ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិនេះផងដែរលោកជំទាវ មិថុនា ពូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

តារាចម្រៀង​វ័យក្មេង​បើករថយន្ត​បុក​រថយន្ត​មួយគ្រឿង​ទៀត ហើយ​ជ្រុល​បុក​របង​វត្ត​មហាមន្ត្រី​

រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងមួយក្រុមបានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2AT-6487 ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត រួចរេចង្កូតទៅបុករបងវត្តមហាមន្ត្រី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១២នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនឹងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។ កញ្ញា តន់ ច័ន្ទសីមា ដែលគេស្គាល់ថា ជាតារាចម្រៀងវ័យក្មេងស្ថិតក្នុងរថយន្តបង្កហេតុខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភក្តិជាច្រើននាក់ទៀត ទើបតែចេញពីខួបកំណើត បានបើករថយន្ត ឡិចស៊ីស ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ តែបំពានស្លាកសញ្ញាចរាចរណ៍ក៏ត្រូវរថយន្តកាមរីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2I-4334 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្តកាមរីវិញក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្ដង៕

បើក​ភ្ជួរ​ដី​ត្រាក់ទ័រ​ប៉ះចំ​គ្រាប់មីន​កប់​ក្នុង​ដី​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ភ្លាមៗ​

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកត្រាក់ទ័រទៅព្យួរដីប៉ះនឹងគ្រាប់មីនដែលកប់នៅក្នុងដីបណ្តាលឲ្យផ្ទុះ ដែលករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០ និង១០នាទី នៅត្រង់ចំណុចខាងកើតវរៈសេនាតូច៣៩៣ មានចំងាយប្រហែលជា៣០០ម៉ែត្រពីផ្ទះ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វែន វួន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅភូមិទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិរុងរឿងពីរ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សពត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ម្ចាស់​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ​ម្នាក់​ត្រូវ​ឃាតករ​បាញ់សម្លាប់​សង្ស័យ​រឿង​គំនុំ​

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារបានរាយកាណ៍ថា ម្ចាស់សិប្បកម្មផលិតទឹកសុទ្ធនៅស្រុកទឹកផុសម្នាក់ត្រូវត្រូវឃាតកប្រើប្រាស់កាំភ្លើង AK បាញ់៣គ្រាប់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងផ្ទះ ខណៈសមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីគំនុំ។ ករណីឃាតកម្មនេះកើតឡើងនៅម៉ោង៧ និង៥០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅភូមិត្រពាំក្របៅ ឃុំខ្លុវពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប៊ិន ធឿន អាយុ៦១ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ។ សេចក្តីរាយការណ៍បញ្ជាក់ថា នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

រន្ទះបាញ់​ស្លាប់​ម្នាក់ របួស​២​នាក់ គោ​០៣​ក្បាល និង​សត្វ​ឆ្កែ​១​ក្បាល​នៅស្រុកពួក

ខេត្តសៀមរាប ៖ ភ្លៀងមួយមេធំលាយឡំដោយខ្យល់ និងរន្ទះបាញ់យ៉ាងខ្លាំងបណ្ដាលឱ្យរលំផ្ទះ ៣ខ្នង របើកដំបូលផ្ទះ១ខ្នង និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ របួសធ្ងន់ស្រាល២នាក់ គោចំនួន០៣ក្បាល និងសត្វឆ្កែចំនួន១ក្បាល។ គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង១៣ និង១៥នាទីរសៀល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិសាស្ត្រស្រុកពួក។ តាមរបាយការណ៍នគរបាលស្រុកពួកបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានមានឈ្មោះទី១- ឈ្មោះ វឿន ដុស ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅហ្នឹងកន្លែង) និងសត្វឆ្កែ១ក្បាលផងដែរ ស្ថិតនៅចំណុចត្រពាំងតាអុកទឹក ភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ ទី២ ឈ្មោះ ជន នន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ តែត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ ជនរងគ្រោះទាំងពីរនាក់ខាងលើកំពុងដើរឃ្វាលគោ។ របាយការណ៍ដដែលបន្តថា ទី៣ ឈ្មោះ លាប លួត ភេទប្រុស អាយុ៥០ឆ្នាំ ជាជនរងគ្រោះហើយជាម្ចាស់ផ្ទះដែរ រស់នៅភូមិប្រាសាទឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវខ្យល់កន្ត្រាក់រលំផ្ទះទំហំ៦គុណ៧ម៉ែត្រ ជញ្ជ្រាំងស័ង្កសី ដំបូលប្រក់ស័ង្កសីកម្ពស់១.៧០ម បណ្ដាលឱ្យ រងរបួសមនុស្ស០១នាក់ ស្រាល ឈ្មោះ ទូច ស្រីឡី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក។ ទី៤- ឈ្មោះ បេង លីន ភេទស្រី អាយុ៣៦ឆ្នាំ (ម្ចាស់ផ្ទះ) រស់នៅភូមិ ស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានខ្យល់កន្ត្រាក់ បណ្តាលឱ្យរបើកដំបូល ស័ង្កសីចំនួន១០សន្លឹក។ ចំណែកគោ០៣ក្បាលត្រូវរន្ទះបាញ់ស្លាប់នោះស្ថិតនៅចំណុចវាលស្រែចម្ងាយពីភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ជារបស់ឈ្មោះ រួន ពោរ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប៕

ខឹង​នាង​បដិសេធ​មិន​ព្រមទទួលការ​ស្រលាញ់ ស្ទាក់ចាប់​អារ​.​ក​​ប៉ង​សម្លាប់ចោល

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានអ្នកភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពស្ទាក់ផ្លូវចាប់នារីម្នាក់អារ.កប៉ងសម្លាប់ចោល ខឹងនាងមិនទទួលការស្រលាញ់ពីខ្លួន ដែលហេតុការណ៍នេះកើតឡើងហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង១៩នាទីយប់ថ្ងៃទី១៣ ឧសភា ២០១៨ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យឈ្មោះ ជឿន ភក្ដី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានដើរត្រឡប់មកពីចូលរួម និងរាំលេងកម្មវិធីមង្គលការកូនអ្នកភូមិជាមួយគ្នា លុះពេលត្រឡប់មកវិញ ស្រាប់តែត្រូវជនសង្ស័យស្ទាក់ផ្លូវ ហើយបានធ្វើសកម្មភាពយកកណ្ដៀវអារ.កនារីរងគ្រោះពីកញ្ចឹងកខាងក្រោយដល់គុម្ពត្រចៀកខាងស្ដាំ និងរបួសដៃធ្ងន់ធ្ងរ ហើយត្រូវបានអ្នកភូមិជួយចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច ចំណែកនារីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពចាប់នារីរងគ្រោះអារ.ក ព្រោះតែខឹងនាងមិនព្រមទទួលយកសេចក្តីស្រលាញ់ពីខ្លួន។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យគឺជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន២ខែប៉ុណ្ណោះ ដោយជាប់ចោទពីបទហិង្សាដោយចេតនា។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌចាត់ការបន្តតាមនីតិវិធី៕

ឆេះ​រោងចក្រ​ផលិត​ក្រដាស​ជូត​មាត់​នៅ​ស្រុក​ពញាឮ​បំផ្លាញសម្ភារៈ​មួយចំនួន​

ខេត្តកណ្ដាល ៖ អគ្គិភ័យដែលឆាបឆេះរោងចក្រផលិតក្រដាសជូតមាត់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាលបណ្តាលឲ្យខូចខាតសម្ភារអស់មួយចំនួន ខណៈដែលករណីនេះកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់១២គ្រឿង ក្នុងនោះមកពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, អគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនតេឡា ដែលឈរជើងក្បែរនោះ។ប្រភពបព្ជាក់ថា សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបានបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតសម្ភារអស់មួយចំនួនតែប៉ុណ្ណោះ។ ទោះបីយ៉ាងណាមូលហេតុដែលបង្កឲ្យគ្រោះអគ្គិភ័យមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ព្រោះកម្លាំងជំនាញកំពុងស្រាវជ្រាវ និងសួរនាំសាក្សី៕