បណ្តាញសង្គម

ស្ត្រី​ដែល​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ចាប់ខ្លួន​

រាជធានីភ្នំពេញ ៖ ស្ត្រីឈ្មោះ សំ សុខា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនបានកាលពីរសៀលថ្ងៃម្សិលមិញនេះ។ ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយ លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គ្រាបឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ ដីកាដដែលបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្ត្រី សំ សុខា បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រ ហេង សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ហើយក៏ត្រូវបានតុលាការចេញដីកាបបង្គាប់ឲ្យចាប់ខ្លួន ទើបកម្លាំងនគរបាលតាមប្រមាញ់បាននៅថ្ងៃនេះតែម្ដង៕