បណ្តាញសង្គម

ទុស្សេរ​ខ្សែភ្លើង​ឆេះ​តូប​លក់​ឥ​វ៉ាន់​ចាប់ហួយ ស្លាប់​មនុស្ស​ចំនួន​៣​នាក់ នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៣នាក់ បានស្លាប់យ៉ាងអណោចអធមក្នុងភ្នក់ភ្លើង ក្នុងហេតុការណ៍ឆេះតូបលក់ឥវ៉ាន់ចាប់ហួយមួយកន្លែងនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ហេតុការណ៍ឆេះតូបនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទ បាននិយាយថា ករណីឆេះតូបលក់ឥវ៉ាន់ចាប់ហួយនេះគឺបណ្តាលមកពីទុស្សេរខ្សែរភ្លើង ហើយបានធ្វើអោយតូបលក់ឥវ៉ាន់ចាបហួយដែលមានទំហំ ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី ត្រូវបានអគ្គីភ័យលេបត្របាត់ទាំងស្រុង រួមទាំងខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិនៅក្នុងតូបនោះអស់ទាំងស្រុង។ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានបន្តថា ក្រោយទទួលបានព័ត៏មានភ្លាម លោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់៣ឡាន ទើបអគ្គីភ័យរលត់ទៅវិញ ។ សមត្ថកិច្ចដដែលបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍អគ្គីភ័យនោះគឺមានទី១ ឈ្មោះ ថង់ ហូវ ភេទស្រី អាយុ៤២ឆ្នាំ ,ទី២ឈ្មោះ ចាន់ លីហ្សា ភេទស្រី អាយុ១៣ឆ្នាំ និងទី៣ឈ្មោះ ចាន់ លីតា ភេទស្រី អាយុ៧ឆ្នាំ។អ្នកស្លាប់ទាំង៣គឺត្រូវជាម្តាយនិងកូនបង្កើត ហើយរស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៕