បណ្តាញសង្គម

បន្លែ​ផ្លែឈើ​សម្រុកចូល​ពី​វៀតណាម ខណៈ​ជិត​ចូលឆ្នាំ​ចិន​វៀតណាម​

ខេត្តស្វាយរៀង ៖ ជារៀងរាល់ថ្ងៃទាំងនៅលើផ្លូវលំ និងផ្លូវជាតិក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងគេសង្កេតឃើញរ៉ឺម៉កម៉ូតូ និងរថយន្តដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមយកមកចែកចាយនៅតាមទីផ្សារនានាក្នុងខេត្តស្វាយរៀងដោយពុំមានការរំខានពីសំណាក់មន្ត្រីកាំកុងត្រូលនោះទេមួយរយៈពេលចុងក្រោយនេះ (ពោលគឺដឹកយ៉ាងសប្បាយរីករាយ) សង្ស័យតែមានការទំនាក់ទំនងគ្នាអ្វីជាមួយមន្ត្រីជំនាញអស់ទាំងនោះហើយ ទើបដឹកយកមកចែកចាយគ្មានខ្វល់យ៉ាងនេះ ខណៈដែលបន្លែផ្លែឈើមួយចំនួនកន្លងមកក៏ធ្លាប់រកឃើញមានការដាក់សារធាតុគីមីផងដែរ។ បើតាមការឱ្យដឹងពីសំណាក់ប្រជាពលរដ្ឋដែលមកទិញម្ហូបបន្លែផ្លែឈើបានប្រាប់ឲ្យដឹងថា ពួកគាត់មានការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះបញ្ហាម្ហូប បន្លែផ្លែឈើ ដែលដាក់តាំងលក់នៅតាមទីផ្សារនានា ហើយម្យ៉ាងវិញទៀតនោះគឺពុំសូវឃើញមានការពិនិត្យឲ្យត្រឹមត្រូវណាមួយនោះទេ ដោយគ្រាន់តែមានមន្ត្រីជំនាញចុះមកដើរកាន់ពិនិត្យបានបន្តិចបន្តួចជាការស្រេច។ ប្រភពដដែលបានឲ្យដឹងទៀតថា បើនៅតែបណ្តោយឲ្យមានការនាំចូលបន្លែផ្លែឈើដឹកតាមរយៈរ៉ឺម៉កម៉ូតូ និងរថយន្តតាមច្រករបៀងដោយពុំមានការត្រួតពិនិត្យទៀតច្បាស់ជាសុខភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ ពីសារធាតុគីមីដែលដាក់នៅបន្លែផ្លែឈើជាក់ជាពុំខាន។ រីឯម្ហូបមានដូចជា ប្រហុក ផ្អក ជ្រក់ ត្រីងៀត ត្រពាំងជ្រក់ សរសៃគុយទាវ គ្រឿងសមុទ្រ និង គ្រឿងកំប៉ុង ដែលមានការដាក់តាំងលក់ហួសការបរិច្ឆេទក៏ច្រើនដែរ បើប្រជាពលរដ្ឋដឹងចេះមើលគឺមិនសូវមានបញ្ហានោះទេ តែបើអ្នកមិនចេះមើលអត់យល់ដឹងពីបញ្ហាទាំងអស់នេះទេច្បាស់ជាប៉ះពាល់សុខភាពដល់ពលរដ្ឋដែលទិញមកយកបរិភោគជាក់ជាពុំខានហើយម្យ៉ាងវិញទៀតនោះសល់តែប៉ុន្មានថ្ងៃទៀតគឺដល់ថ្ងៃបុណ្យសែនចូលឆ្នាំ ចិន វៀតណាមហើយ។ ពាក់ព័ន្ធពលរដ្ឋលើកឡើងខាងលើគឺខាងជំនួយការរបស់លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ថា ចំពោះបន្លែផ្លែឈើដែលក្រុមអាជីវករយកមកចែកចាយ និងលក់តាមទៅទីផ្សារនានាក្នុងទឹកដីខេត្តស្វាយរៀងគឺធម្មតាទេ ប្រជាពលរដ្ឋរស់នៅជាប់ព្រំដែនតែងតែមានការរកស៊ីផ្លាស់ផ្តូរមុខទំនិញគ្នាហើយ។ លោកបានបន្តទៀតថា ម្យ៉ាងវិញទៀតចាប់តាំងពីលោកប្រធានថ្មីមកកាន់គឺធ្លាប់ចុះត្រួតពិនិត្យតាមផ្សារនិងរកឃើញភាពមិនប្រក្រតីនៅតាមស្ថានីយប្រេងមួយចំនួនផងដែរ។ ការចុះត្រួតពិនិត្យគឺខាងសាខាកាំកុងត្រូលខេត្តស្វាយរៀង និងបន្តធ្វើក្រោយបុណ្យចូលឆ្នាំចិនវៀតណាម។ លោកបានបន្ថែមទៀតថា បន្លែផ្លែឈើដឹកតាមច្រករបៀងគឺយើងមិនដាក់កម្លាំគ្រប់ច្រកបាននោះទេហើយលោកអភិបាលខេត្តក៏ធ្លាប់បានប្រាប់ខាងលោកឲ្យជួយយោគយល់ដល់ពលរដ្ឋរកស៊ីបន្តិចបន្តួចដឹកតាមម៉ូតូផង ព្រោះការដឹកទំនិញនៅតាមព្រំដែនវាមានទៅវាមានមកចឹងហើយ។ លោកបញ្ជាក់ទៀតថា គ្មានការដឹកបន្លែផ្លែឈើជាលក្ខណៈធំ និងតាមរថយន្តធំៗតាមច្រករបៀងដែរគឺមានដឹកតាមរថយន្តធំៗគេមានក្រុមហ៊ុនត្រូវឆ្លងកាត់តាមច្រកស្របច្បាប់ និងចូលត្រួតពិនិត្យក្នុងផែស្ងួតហើយដែរ៕