បណ្តាញសង្គម

ប្តី​បាញ់សម្លាប់​ប្រពន្ធ ព្រោះ​ខឹង​មិនបាន​ធ្វើជា​មេបា​ពិធីការ​កូនស្រី​ប្តី​មុន

ខេត្តកោះកុង ៖ បុរសវ័យចំណាស់ម្នាក់ បានទាញកាំភ្លើងបាញ់ប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។ តាមព័ត៌មានទទួលបានការបាញ់សម្លាប់ប្រពន្ធនេះ ព្រោះតែប្តីកំណាចប្រច័ណ្ឌ ហើយខឹងប្រពន្ធមិនឲ្យខ្លួនបានធ្វើជាមេបាក្នុងពិធីការកូនស្រីរបស់ប្តីមុន ។ ភ្នាក់ងាររាយការណ៍ថា ដើមហេតុនាំឲ្យមានអំពើឃាតកម្មនេះ គឺដំបូងឡើយស្ត្រីរងគ្រោះបានអញ្ចើញប្តីដើមមកចូលរួមធ្វើជាឪពុកម្តាយមង្គលការកូនស្រី របស់ខ្លួន ក្នុងនាមឪពុកបង្កើត ហើយជនរងគ្រោះ ធ្វើជាម្តាយ ។ មូលហេតុនោះហើយ ទើបធ្វើឲ្យជនសង្ស័យមានភាពច្រណែន មិនបានធ្វើមេបាផង ឃើញប្រពន្ធខ្លួនមានភាពស្និតស្នាលជាប្តីដើមផង ក៏កើតការឈ្លោះទាស់ស្តីគ្នាធ្វើឲ្យជនសង្ស័យខឹងក៏យកកាំភ្លើងម៉ាក សេកាសេ ដែលលាក់ទុក បាញ់ប្រពន្ធស្លាប់នៅក្នុងផ្ទះតែម្តង។ ជនសង្ស័យមានឈ្មោះ សេង បុល អាយុ៥០ឆ្នាំ មានមុខរបរអារឈើ និងដាក់អន្ទាក់សត្វ ជាអតីតយោធា។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ហា៑ន ហឿន អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុមុខរបរនៅផ្ទះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីបាញ់ប្រពន្ធស្លាប់ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ខណដែលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនផងដែរ ៕